បរទេស ៖ តាមរយៈកិច្ចជំនួបរវាងភាគីរដ្ឋតំណាងឲ្យវិស័យទេសចរណ៍ និងដៃគូក្នុងវិស័យឯកជនកាលពីពេលថ្មីៗបានបង្ហាញថា ប្រទេសប៊ុលហ្គារី កំពុងត្រៀមខ្លួនជាមួយទំនុកចិត្តខ្ពស់សម្រាប់ភាពទាក់ទាញ និងទទួលបានលំហូរទេសចរដ៏ច្រើននារដូវក្តៅខាងមុខនេះក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន។
យោងតាមការចេញផ្សាយរបស់កាសែត Novinta កាលពីថ្ងៃពុធ សប្ដាហ៍នេះនេះបានបញ្ជាក់ កិច្ចជំនួបដ៏សំខាន់មួយរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី Irena Georgieva ជាមួយតំណាងនៃសមាគមទីភ្នាក់ងារទេសចរណ៍ STTA សហភាពទេសចរណ៍អនាគត សមាគមប្រតិបត្តិករទេសចរណ៍ប៊ុលហ្គារី និងភ្នាក់ងារទេសចរណ៍ដទៃទៀត ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងធ្វើយ៉ាងណាអាចទទួលបានទេសចរណ៍អន្តរជាតិយ៉ាងសន្ធឹកសន្ធាប់នារដូវក្ដៅខាងមុខនេះ។
ក្នុងអំឡុងពេលសន្ទនាគ្នា បញ្ហាប្រឈមក្នុងវិស័យនេះត្រូវបានលើកឡើងមកជារបៀបវារៈ ហើយក្រៅពីនោះក៏មានកិច្ចពិភាក្សាទៅលើបញ្ហាជុំវិញមូលនិធិធានាទេសចរ ការគ្រប់គ្រង និងវិធានការប្រឆាំងនឹងសេដ្ឋកិច្ចស្រមោល។
លោកស្រីរដ្ឋមន្ត្រី Georgieva បានសង្កត់ធ្ងន់ថា អាណត្តិថ្មីរបស់រដ្ឋាភិបាលប៊ុលហ្គារីមានរយៈពេលខ្លី ប៉ុន្តែនេះមិនមែនជាឧបសគ្គដែលធ្វើឲ្យមានការផ្លាស់ប្តូរចំពោះការប្តេជ្ញាចិត្តទៅលើស្ថិរភាព និងការព្យាករណ៍នៅក្នុងការងារនៃវិស័យទេសចរណ៍នោះទេ។
លោកស្រីបញ្ជាក់ថា៖
«សម្រាប់ខ្ញុំ ស្ថិរភាពនៃឧស្សាហកម្មទេសចរណ៍ គឺមានសារៈសំខាន់បំផុត…យើងនឹងធ្វើការដើម្បីឱ្យវិស័យនេះទទួលបានភាពជឿជាក់ និងជោគជ័យទៅតាមផែនការដែលបានកំណត់»។
ដោយឡែក ងាកទៅវិស័យឯកជនវិញបានលើកឡើងអំពីបញ្ហាមួយចំនួនផងដែរ ដូចជា បញ្ហានៃជើងហោះហើរមានកំណត់ពីទីផ្សារអាល្លឺម៉ង់ និងផលប៉ះពាល់របស់ពួកគេចំពោះរដូវកាលខាងមុខ។
លោក Kalin Sutev មកពីសមាគមទីភ្នាក់ងារទេសចរណ៍បានកត់សម្គាល់ថា ការថយចុះសមត្ថភាពជើងហោះហើរដែលផ្តល់ជូនអ្នកទេសចរអាល្លឺម៉ង់អាចនឹងមានផលប៉ះពាល់ដោយផ្ទាល់ ហើយអាចជាបញ្ហាក្នុងការរក្សាតម្លៃប្រកួតប្រជែង។
យោងតាមទិន្នន័យដែលបង្ហាញដោយអង្គការសហប្រជាជាតិ សម្រាប់វិស័យទេសចរណ៍ (UN Tourism) បានលើកឡើងថា វិស័យទេសចរណ៍របស់ប្រទេសប៊ុលហ្គារី គឺជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់ ដែលរំពឹងថានឹងរួមចំណែក១០ភាគរយ ឬច្រើនជាងនេះទៅដល់ GDP នៅឆ្នាំ២០២៦។ គួរកត់សម្គាល់ថា កន្លងមក ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៣,៣លាននាក់ ដែលបានធ្វើដំណើរទៅដល់ប្រទេសប៊ុលហ្គារីកាលពីក្នុងឆ្នាំ២០២៤។ ឧស្សាហកម្មមួយនេះកំពុងធ្វើពិពិធកម្មលើសពីរមណីយដ្ឋានតាមបណ្តោយសមុទ្រខ្មៅនៅរដូវក្តៅ ដើម្បីរួមបញ្ចូលជម្រើសពេញមួយឆ្នាំ ដូចជា ជិះស្គីរដូវរងា ស្ប៉ា និងបេតិកភណ្ឌទេសចរណ៍ពិភពលោក៕