បរទេស ៖ នៅខាងក្រៅកិច្ចប្រជុំកំពូលថ្នាក់ជាតិមួយកាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីនៃប្រទេសប៊ុលហ្គារី លោកស្រី Iliana Yotova បានឆ្លើយតបទៅកាន់ក្រុមអ្នកកាសែតថា គ្មានការគំរាមកំហែង ឬគ្រោះថ្នាក់ណាមួយដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់ប៊ុលហ្គារីនោះឡើយ បើទោះជាជម្លោះយោធារវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តភាពតានតឹងក៏ដោយ។
កិច្ចប្រជុំដែលធ្វើឡើងអស់រយៈពេល២ម៉ោង លោកស្រីប្រធានាធិបតីបានបញ្ជាក់ថា៖ មិនមានការគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេសប៊ុលហ្គារីដោយសារបញ្ហាជម្លោះនៅមជ្ឈិមបូព៌ានោះទេ។
លោកស្រីបានបន្តថា ៖
«យើងបានតាមដាន និងសង្ខេបការវិវឌ្ឍន៍នៃជម្លោះរហូតមកដល់បច្ចុប្បន្ននេះនៅគ្រប់វិស័យទាំងអស់ រាប់ចាប់ពីផ្នែកយោធា មនុស្សធម៌ សេដ្ឋកិច្ច ហើយរាល់ព័ត៌មានទាំងអស់ត្រូវបានថ្លឹងថ្លែងយ៉ាងលម្អិត»។
លោកស្រី Iliana Yotova បានចង្អុលបង្ហាញអំពីផែនការនៃការជម្លៀសប្រជាជនប៊ុលហ្គារីពីបណ្តាប្រទេសនៅក្នុងតំបន់ដែលរងផលប៉ះពាល់។
លោកបញ្ជាក់ថា ៖
«ពេលអាកាសយានដ្ឋានបើកដំណើរការឡើងវិញ យើងនឹងមានឱកាសសម្រាប់ការជម្លៀស។ ប្រមុខរដ្ឋាភិបាលក៏បានលើកឡើងពីអង្គភាពដែលមានការរៀបចំយ៉ាងល្អរួចជាស្រេចពីសំណាក់ក្រសួងការបរទេសជាមួយនឹងទីស្នាក់ការកណ្តាលដែលកំពុងមានវិបត្តិ»។
គួរឲ្យដឹងដែរថា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើគោលដៅសំខាន់ៗនៅក្នុងប្រទេសអ៊ីរ៉ង់ទាំងគួរឲ្យភ្ញាក់ផ្អែល នាថ្ងៃទី ២៨ ខែកុម្ភៈ។ ជាការឆ្លើយតប កងឆ្មាំបដិវត្តរបស់អ៊ីរ៉ង់បានបើកការសងសឹងយ៉ាងខ្លាំងទៅលើមូលដ្ឋានទ័ពរបស់អាម៉េរិកជាច្រើនកន្លែងដែលមាននៅជាង១០ប្រទេស ក្នុងតំបន់មជ្ឈឹមបូព៍ា៕