បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកា​សទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Sun Meijun រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានទទួលការស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់នូវប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់អេឡិចត្រូនិក ក្នុងការពន្លឿន និងសម្រួលពាណិជ្ជកម្មនៃប្រទេសទាំងពីរ ។

Advertisement

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលចិន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសការផ្តល់ជំនួយបច្ចេកទេសរបស់រដ្ឋបាលគយចិន លើការងារបច្ចេកទេសគយ កិច្ចសម្រួលពាណិជ្ជកម្ម ការកសាងសមត្ថភាពធនធានមនុស្ស និងអភិវឌ្ឍន៍ស្ថាប័ន គំនិតផ្តួចផ្តើមរដ្ឋបាលគយឆ្លាតវៃ បញ្ញាសិប្បនិម្មិត ដើម្បីជំរុញ ពង្រឹង និងពង្រីកបន្ថែមការតភ្ជាប់ក្នុងតំបន់សម្រាប់កម្ពុជា- ចិន និងសមាជិកអាស៊ាន ជាដើម ។

អគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបអំពីស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងវិធានការបន្ទាន់ជាអាទិភាពនានា ដែលបានរាជរដ្ឋាភិបាលដាក់ចេញថ្មីៗនេះ ពាក់ព័ន្ធនឹងការងារគយ និងរដ្ឋាករកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូល ឆ្លើយតបនឹងតម្រូវការ ចាំបាច់ ធានាចីរភាព និងលំនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាជាដើម ។ ក្នុងនោះ គិតត្រឹមបំណាច់ត្រីមាសឆ្នាំ២០២៦ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានកំណើនគួរឱ្យកត់សម្គាល់។

លោកស្រី Sun Meijun រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចសន្ទនារវាងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន លើកទី២៤ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ដោយអាស៊ាន និងចិន បានសម្រេចចេញនូវសេចក្តីថ្លែងការណ៍រួម។ ជាមួយគ្នានេះ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នេះ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយ អាស៊ាន នឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងការទទួលស្គាល់គ្នាទៅវិញទៅមកនៃកម្មវិធីប្រតិបត្តិករ សេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) រវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយចិនផងដែរ ។

សូមជម្រាបថា ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចខិតខំបន្ថែមទៀតក្នុងការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងខណៈដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា បណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ ការប្រែប្រួលសេដ្ឋកិច្ច ក៏ដូចជានិន្នាការអវិជ្ជមាននៃការការពារនិយម និងភាគីនិយម (Protectionism) ដែលជះឥទ្ធិពលអវិជ្ជមានមកលើពាណិជ្ជកម្មសេដ្ឋកិច្ច-សង្គម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនជាដើម។

លោកស្រីរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនអំពីការខិតខំសម្របសម្រួលនីតិវិធី សម្រាប់ការនាំចូលផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារចិន តាមរយៈការជំរុញលើកទឹកចិត្តឱ្យមានការនាំ ចេញផលិតផលកសិកម្ម ដូចជា ចេក និងធុរេន ពីកម្ពុជាទៅចិនឱ្យបានច្រើនបន្ថែមទៀត និងស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់នូវប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់អេឡិចត្រូនិក និងផ្តល់គាំទ្រនូវកិច្ចសហប្រតិបត្តិការរដ្ឋបាលគយឆ្លាតវៃរបស់ខ្លួន ដើម្បីទទួលបានលទ្ធផលនិងផលប្រយោជន៍រួមគ្នាក្នុងការពន្លឿន និងសម្រួលពាណិជ្ជកម្មនៃប្រទេសទាំងពីរ ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា