បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ​អនុម័ត​គម្រោង​វិនិយោគ​​ថាមពល​ចំនួន ២៤គម្រោង​ ដោយរំពឹងថា​តម្លៃប្រើប្រាស់​នឹង​បន្តធ្លាក់ចុះ​បន្ថែមទៀត​

កម្ពុជា ​អនុម័ត​គម្រោង​វិនិយោគ​​ថាមពល​ចំនួន ២៤គម្រោង​ ដោយរំពឹងថា​តម្លៃប្រើប្រាស់​នឹង​បន្តធ្លាក់ចុះ​បន្ថែមទៀត​

ភ្នំពេញ ៖ គិតត្រឹមចុងឆ្នាំ២០២៥កន្លងទៅនេះ កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគចំនួន២៤​ លើ​វិស័យ​ថា​មពល​ រាប់ទាំង​គម្រោង​វារីអគ្គិសនី ​គម្រោងថាមពល​អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងគម្រោ​ង​ថាមពល​អគ្គិសនីដើរ​ដោយកម្លាំងខ្យល់។ នេះបើតាម​ឯកឧត្ត​ម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថា​ម​ពល ​ក្នុង​សន្និបាតបូក​សរុបការងារ​ប្រចាំ​ឆ្នាំរបស់​អាជ្ញាធរ​អគ្គិសនីកម្ពុជា​ កាលពីព្រឹកថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០២៦ ។​

Advertisement

ឯកឧត្តម​ កែវ រតនៈ បានមានប្រសាសន៍ថា គម្រោង​វិនិយោគទាំង​២៤នេះ បា​ន និង​កំពុងសាងសង់ ​និងដាក់​ឱ្យដំណើរការ​ជា​បន្ត​បន្ទាប់​ រួមនឹងធុ​ងអាគុយ​ស្តុកខ្នាត​ធំ ដើម្បីជួយ​ទប់ស្ថិរភាព​បណ្ដាញ​ជាតិ​។

បច្ចុប្បន្ន ក្រសួងរ៉ែ ​និងថាម​ពល​ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា​ មិនទាន់មាន​ផែន​ការលើគម្រោង​ថ្មីសម្រាប់​ឆ្នាំ២០២៦នេះដែរ ប៉ុន្តែក្រសួងរ៉ែ និងថាមពល រួមជាមួយ​អាជ្ញាធរ​ជាតិ​អគ្គិសនី និង​អគ្គិសនីកម្ពុជា កំពុងតែពិនិត្យមើ​លស្ថានភាពនៃ​តម្រូវការជាក់ស្ដែង និងការ​ព្យាករទៅមុខ​ ថា​តើរយៈពេល​ ៤ ឬ ៥ឆ្នាំទៀត តម្រូវការ​ថាមពល​អគ្គិសនីនឹង​កើនឡើង​ប៉ុន្មាន​​ស្រ​បជាមួយ​នឹ​ងភាពរីក​ចម្រើននៃសេដ្ឋកិច្ចកម្ពុជា ។​

ឯកឧត្តមបានបន្តទៀតថា ៖

«ក្នុងឆ្នាំ២០២៦នេះ ក្រសួង​រ៉ែ និងថាមពល នឹង​សិក្សា​លើ​គម្រោង​វិនិយោគវារីអគ្គិសនី និង​គម្រោង​វិនិយោគថាមពល​អគ្គិសនីដើរដោយថាមពល​ខ្យល់​បន្តទៀត ប៉ុន្តែមិនទាន់​យកមកអនុម័ត​ក្នុង​ឆ្នាំ២០២៦នេះទេ ដោយសារ​គម្រោ​ងវិនិយោគលើ​ថាមពលអគ្គិសនី​ចំនួន​២៤​គម្រោងនោះ មិនទាន់​បាន​រួចរាល់​អស់ រង់ចាំឱ្យ​ដំណើរការ​ទាំងអស់ ទើប​ប្រមើលមើលថា តើកម្ពុជា​ត្រូវការ​ថាមពល​ប៉ុន្មានទៀត​ដើម្បីបំពេញតម្រូវការ និងបង្កើនគុណភាព​ថាមពល​»។​

នៅអំឡុង​ពាក់កណ្ដាល​ឆ្នាំ២០២៥ នៅពេលមានទំនាស់ព្រំដែនជាមួយ​ប្រទេស​ថៃ កម្ពុជា​បានកាត់ផ្ដាច់​ការទិញអគ្គិសនីពីប្រទេសថៃ ហើយនៅពេល​នោះ កម្ពុជា​ក៏មានលទ្ធភាពគ្រប់គ្រាន់​ក្នុងការផ្គត់ផ្គង់​​សម្រាប់​បំពេញតម្រូវការក្នុងប្រទេស ដែលនេះ​សបញ្ជាក់ឱ្យឃើញថា កម្ពុជា​អាច​ឈរ​ជើង​ដោយខ្លួនឯងបាន ហើយក៏បានបង្ហាញពី​កម្ពុជា​ពិតជា​មានឯករាជ្យភាពលើ​សន្តិភាពថាម​ពលផងដែរ ។​

ឯកឧត្តម ​កែវ រតនៈ បាន​បញ្ជាក់ថា ក្នុងពេលឆាប់ៗនេះ កម្ពុជា​នឹងមានថាមពល​អគ្គិសនី​ដើរ​ដោយកម្លាំង​ខ្យល់ ខណៈបច្ចុប្បន្ន​នេះ កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ថាពល​នេះ រហូតដល់៦គម្រោង​នៅខេត្តមណ្ឌលគិរី និងកំពុង​បុកគ្រឹះសាងសង់ ដោយរំពឹងថាអាចទាញយកថាមពលមកប្រើប្រាស់បានជា​បន្ត​បន្ទាប់ ហើយនៅពេល​ប្រភពថាមពលអគ្គិសនីរបស់​កម្ពុជា​កាន់តែច្រើន នឹងធ្វើឱ្យកម្ពុជា​សំបូរ​​ប្រើប្រាស់ដែលមិនមានការដាច់ចរន្តញឹកញាប់ ធ្វើឱ្យគុណភាពអគ្គិសនី​កាន់តែល្អ ហើយពិសេស​នោះគឺអាចធ្វើ​ឱ្យតម្លៃនៃការ​ប្រើប្រាស់​ថាមពលអគ្គិសនីកាន់តែធ្លាក់ចុះ​ជាងបច្ចុប្បន្នថែមទៀត ។

ឯកឧត្តម ​យឹម​ វិសិដ្ឋ​ ប្រធានអាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានមានប្រសាសន៍ថា ក្នុងអាណត្តិទី៧ វិស័យ​អគ្គិសនីកម្ពុជា​មានភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និងមានប្រសិទ្ធភាព​បង្កើនការ​ផ្គត់ផ្គង់​ថាមពល​ និងគាំទ្រ​កំណើនសេដ្ឋកិច្ច ដោយផ្អែក​លើ​មូលដ្ឋាន​គ្រឹះរឹង​មាំ​ពីអាណត្តិ​កន្លេងមក ។​ កាលពីចុងឆ្នាំ២០២៣ ​អានុភាពអគ្គិសនី​ដែលបានអភិវឌ្ឍន៍មាន ៤ ៦៤៩​មេហ្កាវ៉ាត់ ហើយរហូតដល់​ចុងឆ្នាំ២០២៤ បានកើនឡើង​ដល់ ៥ ១៨៣មេហ្កាវ៉ាត់ និង​បាន​បន្ត​កើនឡើងដល់ ៥ ៩៣២មេហ្កាវ៉ាត់​នៅត្រឹមចុងឆ្នាំ២០២៥កន្លងទៅនេះ ។ ដោយឡែក បរិមាណថាម​ដែលប្រើប្រាស់​ចេញពីប្រភពអគ្គិសនី ក៏បានកើនឡើង​ពី​ ១៦ ៨០៤លានគីឡូវ៉ាត់ម៉ោង​ នៅឆ្នាំ២០២៣ ដល់ ២២ ៣៦១លានគីឡូវ៉ាត់​ម៉ោង នៅឆ្នាំ២០២៥​ ។​

គួរ​បញ្ជាក់ថា​ ក្នុងឆ្នាំ២០២៥កន្លងទៅនេះ កម្ពុជា​បាននាំចូលថាមពលអគ្គិសនីពីប្រទេស​ជិត​ខាង រួមមាន​ប្រទេសថៃ វៀតណាម និងឡាវ ក្នុងបរិមាណ ១ ៧៦៥លាន​គីឡូវ៉ាត់​ម៉ោង ក្នុងនោះ កម្ពុជា​នាំចូលពីប្រទេសថៃ បរិមាណ​ ៣៩១លាន​គីឡូវ៉ាត់ម៉ោង ធ្លាក់ចុះពី ​៧៣១គីឡូវ៉ាត់​ម៉ោងក្នុងឆ្នាំ២០២៤ ។ នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជាបានកាត់​ផ្ដាច់ទាំងស្រុង​នូវការនាំចូលថាមពលអគ្គិសនីពីប្រទេសថៃ ប៉ុន្តែបន្ត​នាំចូលពីប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ក្នុងបរិមាណ​ ១ ៤០៩លាន​គីឡូវ៉ាត់​ម៉ោង​ ឬប្រមាណត្រឹមតែ ៥,៧៧ភាគរយ​នៃតម្រូវការ​សរុប​ទូទាំង​ប្រទេស​ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា