គិតត្រឹមត្រីមាសទី ១ ដើមឆ្នាំ ២០២៦ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រេចបានទំហំទឹកប្រាក់ប្រមាណជា ៤,៨៦ ពាន់លានដុល្លារ កើនឡើង ១០.៥០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ នេះយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីថ្មីៗនេះ។
ទោះយ៉ាងនេះក្តី តួលេខរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញមានតម្លៃ ១,៦ពាន់លានដុល្លារ ថយចុះប្រមាណជា ៧ ភាគរយ ចំណែកការនាំចូលពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានតម្លៃសរុបចំនួន ៣,២៦ ពាន់លានដុល្លារ កើនឡើងប្រមាណជា ២២ ភាគរយ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសង្គមសេដ្ឋកិច្ចសង្គមមើលឃើញថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងបណ្តាប្រទេសក្នុងអាស៊ាន បានបង្ហាញពីភាពធន និងរក្សាបាននូវស្ថេរភាពទីផ្សាររយៈពេលយូរ។ លោកថា អាស៊ាន គឺដៃគូរសេដ្ឋកិច្ចពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ និងជាទីផ្សារដ៍ធំរបស់កម្ពុជា។
លោកបណ្ឌិត បានថ្លែងថា៖
“ការធ្វើពាណិជ្ជកម្មកម្ពុជា និងអាស៊ាន ឆ្លុះបញ្ចាំងអំពីភាពធន់ បើទោះបីកម្ពុជាក៍ដូចជាពិភពលោក ជួបភាពមិនច្បាស់នៃសេដ្ឋកិច្ចសកល ក៍ដូចជាបញ្ហាតានតាននៃភូមិសាស្រ្តនយោបាយនិងជម្លោះព្រំដែន។”
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា មានប្រសាសន៍ថា កន្លងមកកម្ពុជានាំចូលទំនិញពីបណ្តាប្រទេសក្នុងអាស៊ានច្រើនជាងការនាំចេញ ប៉ុន្តែដោយឡែកនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញមានការកើនឡើងជាលំដាប់។
អ្នកឧកញ៉ាបានថ្លែងថា ស្របពេលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា រួមនឹងជម្លោះព្រំដែនជាមួយប្រទេសថៃ ការដោះដូរទំនិញឡើងឬចុះគឺជារឿងធម្មតា។ អ្នកឧកញ៉ា បន្តថា៖
“ការដោះដូទំនិញរវាងកម្ពុជានិងអាស៊ាន កើនឡើងឬធ្លាក់ចុះគឺជារឿងធម្មតា ដោយសារបណ្តារប្រទេសក្នុងតំបន់អាស៊ានផលិតនូវផលិតផលស្រដៀងៗគ្នា និងបញ្ហាព្រំដែនជាមួយប្រទេសថៃផងនោះ ធ្វើឱ្យផលិតមួយចំនួនមានការជាប់គាំង។ ទោះជាយ៉ាងណាជម្លោះព្រំដែន បានជម្រុញឱ្យកម្ពុជាបង្កើនការផលិតសម្រាប់នាំចេញមានចំនួនកាន់តែច្រើនឡើងៗ។”
អាស៊ានរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងទីម័រខាងកើត។ ដោយឡែកដៃគូពាណិជ្ជកម្មកំពូលទាំងប្រាំរបស់កម្ពុជានៅក្នុងអាស៊ាន គឺ វៀតណាម សិង្ហបុរី ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
ផលិតផលសំខាន់ៗរសម្រាប់នាំចេញទៅកាន់អាស៊ានរួមមាន សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ កាបូប បន្ទះសូឡា សំបកកង់រថយន្ត គ្រឿងអេឡិចត្រូនិច និងផលិតផលកសិកម្មដូចជា អង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ដំឡូងមី ធូរេន ស្វាយចន្ទីរ ចេក និងផលិតផលកសិកម្មផ្សេងៗជាច្រើនទៀត។
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥ ការដោះដូរទំនិញរបស់កម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន សម្រេចបាននូវទំហំទឹកប្រាក់ប្រមាណជា ១៥,៧៨ ពាន់លានដុល្លារ កើនឡើង ៣,៧២% ធៀបនឹងឆ្នាំ២០២៤៕