បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-អូស្ត្រាលី រួមគ្នាការពារទន្លេមេគង្គក្នុងភាពជាដៃគូ មេគង្គ-អូស្រ្តាលី

កម្ពុជា-អូស្ត្រាលី រួមគ្នាការពារទន្លេមេគង្គក្នុងភាពជាដៃគូ មេគង្គ-អូស្រ្តាលី

ភ្នំពេញ ៖ កម្ពុជា និងអូស្ត្រាលី បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការអនុវត្តនូវគម្រោងរួមគ្នា «ការពារទន្លេមេគង្គ» ដោយបានរៀបចំឱ្យមានអនុក្រឹត្យស្តីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ដែលជាមូលដ្ឋានគ្រឹះផ្នែកច្បាប់ និងការណែនាំប្រតិបត្តិសម្រាប់ការអនុវត្តនៅកម្ពុជា។

Advertisement

គោលបំណងនៃកិច្ចសហប្រតិបត្តិការទាំងនេះ គឺធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅក្នុងតំបន់ទន្លេមេគង្គ។ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូមេគង្គ-អូស្រ្តាលីនេះ បានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើលិខិតព្រមព្រៀងរវាងក្រសួងបរិស្ថាន និងអង្គការមូលនិធិអាស៊ី (The Asia Foundation) ស្ដីពីការរៀបចំអនុក្រឹត្យ ស្ដីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននៅកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

អនុក្រឹត្យស្តីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាបបញ្ហាបរិស្ថានទៅក្នុងការរៀបចំគោលនយោបាយ ផែនការ និងកម្មវិធីតាមវិស័យនីមួយៗ។ ការវាយតម្លៃបរិស្ថានមិនមែនគ្រាន់តែជាការណែនាំបច្ចេកទេស ជួយបង្កើនសក្តានុពលការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តប៉ុណ្ណោះទេ តែវាគឺជាឧបករណ៍ប្រមើលមើលពីសក្តានុពលនៃផលប៉ះពាល់បរិស្ថាន និងសង្គម ដែលអនុញ្ញាតឱ្យយើងបញ្ជូលទៅក្នុងគោលនយោបាយ កម្មវិធី និងផែនការថ្នាក់ជាតិ និងតាមវិស័យ ធានានូវកំណើនសេដ្ឋកិច្ច មានដំណើរទៅព្រមជាមួយនឹងគោលដៅបរិស្ថានប្រកបដោយចីរភាព។

ជាមួយគ្នានេះក៏បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍបៃតងក្នុងវិស័យឧស្សាហកម្ម រ៉ែ ថាមពល កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូរគមនាគមន៍ និងវិស័យសំខាន់ៗ ដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ។ លើសពីនេះទៀត ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពនៃការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថានផងដែរ។

សូមជម្រាបជូនថា ពិធីចុះហត្ថលេខាលើលិខិតព្រមព្រៀងរវាងក្រសួងបរិស្ថាន និងអង្គការមូលនិធិអាស៊ី (The Asia Foundation) ពីការរៀបចំអនុក្រឹត្យ ស្ដីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននៅកម្ពុជានេះ ក្រសួងបរិស្ថានតំណាងដោយឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Meloney C. Lindberg តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ដោយមានឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជាជាសាក្សី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា