បើទោះបីជាវិស័យដំណាំកៅស៊ូមានការរីកចម្រើនគួរកត់សម្គាល់រយៈពេលចុងក្រោយនេះក្តី ប៉ុន្តែកម្ពុជានៅបន្តនាំចូលជ័រកៅស៊ូ និងសំបកកង់រថយន្តពីក្រៅប្រទេសនៅឡើយ។

បើទោះបីជាវិស័យដំណាំកៅស៊ូមានការរីកចម្រើនគួរកត់សម្គាល់រយៈពេលចុងក្រោយនេះក្តី ប៉ុន្តែកម្ពុជានៅបន្តនាំចូលជ័រកៅស៊ូ និងសំបកកង់រថយន្តពីក្រៅប្រទេសនៅឡើយ។
យោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចូលជ័រកៅស៊ូ និងសំបកកង់រថយន្តពីក្រៅប្រទេស គឺដោយសារការផលិតក្នុងស្រុកនៅជួបបញ្ហាប្រឈមមួយចំនួននៅឡើយ។ បញ្ហាទាំងនោះរួមមាន កង្វះវត្ថុធាតុដើម, ខ្វះទុនបម្រុង, ថ្លៃដើមផលិតខ្ពស់, ផលិតផលមិនបំពេញតម្រូវការទីផ្សារ និងប្រព័ន្ធផលិតកម្មកែច្នៃមិនទាន់ល្អប្រសើរ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កាលពីឆ្នាំ២០២៥ កម្ពុជា បាននាំចូលជ័រកៅស៊ូ និងសំបកកង់រថយន្ត ពីក្រៅប្រទេសក្នុងតម្លៃទឹកប្រាក់ជាង ៩៣លានដុល្លារ។
ដោយឡែក នៅរយៈពេល ៤ ខែ ក្នុងឆ្នាំ២០២៦ កម្ពុជា បាននាំចូលជ័រកៅស៊ូ និងសំបកកង់រថយន្ត ក្នុងតម្លៃសរុប ជាង ៣៣ លានដុល្លារ ដោយភាគច្រើននាំចូលពីប្រទេសថៃ វៀតណាម និងកូតឌីវ័រ។ ក្នុងនោះ កម្ពុជាបាននាំចូលជ័រកៅស៊ូ និងសំបកកង់រថយន្តពីប្រទេសថៃ ក្នុងតម្លៃសរុប ១៩ លានដុល្លារ។
នៅកម្ពុជា មានរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ សរុបចំនួន ១៧៩ កន្លែង។ ក្នុងនោះ រោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦ កន្លែង, រោងចក្រកែច្នៃទឹកជ័រខាប់ ១ កន្លែង, សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម វិស័យដំណាំកៅស៊ូ បានផ្តល់ការងារចំនួន ១៤ ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់។
ថ្មីៗនេះ កម្ពុជា ទើបសម្ពោធរោងចក្រកែច្នៃកៅស៊ូ ថ្មី ១ ទៀត តម្លៃ ៣០ លានដុល្លារ នៅក្នុងខេត្តត្បូងឃ្មុំ ក្នុងគោលបំណងលើកកម្ពស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ និងតាមស្តង់ដារបស់សហភាពអឺរ៉ុប ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានា នៅក្នុងស្រុក សម្រាប់ការផលិតសំបកកង់ឡាន ព្រមទាំងសម្ភារផ្សេងៗទៀត៕ អត្ថបទ៖ ខន ណារី AMS
