ភ្នំពេញ៖ ប្រទេសកម្ពុជា និងធអាល្លឺម៉ង់ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយកម្ពុជា ដែលគ្រប់ដណ្តប់លើវិស័យជាច្រើនសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងបានប្តេជ្ញាចិត្តសម្របសម្រួលជំរុញឱ្យមានការវិនិយោគកាន់តែច្រើនឡើង ពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជា។
កិច្ចការដ៏មានសារសំខាន់នេះ បានរំលេចចេញពីជំនួបពីរដាច់ដោយឡែកពីគ្នា គឺជំនួបពិភាក្សារបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការទទួលជួប ពិភាក្សាការងារជាមួយលោក Stefan Messerer ឯកអគ្គរដ្ឋទូត សហព័ន្ធអាល្លឺម៉ង់ ដែលបញ្ចប់ភារកិច្ច នៅកម្ពុជា និងជំនួបឯកឧត្តម ស៊ុនចាន់ថុល ជាមួយគណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលរៀបចំ នៅដើមខែមិថុនា ឆ្នាំ ២០២៦ នេះ។
ក្នុងឱកាសនៃជំនួប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-សហព័ន្ធអាល្លឺម៉ង់ ដ៏ល្អកន្លងមក ពោលគឺសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់មួយ ក្នុងចំណោមបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបានផ្តល់កិច្ចសហការសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។
ជាក់ស្តែងតាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្ដរជាតិ (GIZ) ក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៨៨៧ លានដុល្លារអាម៉េរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណងចំនួន ៧៦២ លានដុល្លារអាម៉េរិក និងឥណទានសម្បទានចំនួន ១២៥ លានដុល្លារអាម៉េរិក ដែលគ្រប់ដណ្តប់លើវិស័យដូចជា៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ វិស័យអប់រំ អភិបាលកិច្ច អភិវឌ្ឍន៍ជនបទ ថាមពល សុខភាព គាំពារសង្គម, ការពង្រឹងវិស័យវាយនភណ្ឌ និងកំណែ-ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
អាល្លឺម៉ង់ក៏ជាដៃគូទ្វេភាគីដ៏សំខាន់ ក្នុងវិស័យកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងនោះ អាល្លឺម៉ង់បានគាំទ្រកម្មវិធីជាបន្តបន្ទាប់ រួមមាន៖ ១- កម្មវិធីពង្រឹងការបំពេញការងារគណនេយ្យភាព និងការចូលរួមរបស់សង្គមស៊ីវិលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ២- កម្មវិធីគាំទ្រកំណែទម្រង់វិមជ្ឈការ និងកំណែទម្រង់រដ្ឋបាល ៣- កម្មវិធីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា ដំណាក់កាលទី១ ដែលកម្មវិធីនេះបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៥ និង ៤- កម្មវិធីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជាដំណាក់កាលទី២ (ISD 2) ក្នុងទឹកប្រាក់សរុបចំនួន ១៨.៤ លានអឺរ៉ូ (ហិរញ្ញប្បទានឥតសំណង) ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២៦នេះ។
លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបុរេសកម្ម និងម្ចាស់ការក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ និងរក្សាកំណើនដែលកម្ពុជាទទួលបាននាពេលកន្លងមក។ អាល្លឺម៉ង់ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយកម្ពុជា ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ។
ដោយឡែក ក្នុងជំនួបពិភាក្សារវាងឯកឧត្តមស៊ុន ចាន់ថុល និងគណៈប្រតិភូសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម ក៏បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ដែលមានលក្ខណៈបើកចំហ និងផ្តល់នូវការលើកទឹកចិត្តខ្ពស់ ព្រមទាំងយន្តការគាំពារ និងដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជនប្រកបដោយប្រសិទ្ធភាព តាមរយៈកិច្ចសន្ទនាត្រង់ទៅត្រង់មក រួមមានជាអាទិ៍៖ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD) ជាដើម។
លោក Thomas Rachel អ្នកដឹកនាំគណៈប្រតិភូសភាអាល្លឺម៉ង់ បានគូសបញ្ជាក់ពីជំនួបនេះ នូវព័ត៌មានស៊ីជម្រៅ ពីគោលនយោបាយបើកចំហ សម្រាប់ការវិនិយោគនៅកម្ពុជា និងកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។
សំដៅនាំមកនូវផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពីរបានសម្តែងនូវសុឆន្ទៈរួមក្នុងការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អនេះ ព្រមទាំងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ដើម្បីជម្រុញឱ្យមានរលកនៃការវិនិយោគកាន់តែច្រើនឡើងពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជា នាពេលអនាគត ៕