បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាមានប្រៀបឈ្នះផ្នែកប្រជាសាស្ត្រ តែត្រូវពង្រឹងមូលធនមនុស្ស

កម្ពុជាមានប្រៀបឈ្នះផ្នែកប្រជាសាស្ត្រ តែត្រូវពង្រឹងមូលធនមនុស្ស

របាយការណ៍របស់ស្ថាប័នស្រាវជ្រាវ Mekong strategy បានដាក់ចំណងជើងធំៗថា កម្ពុជាមានប្រៀបឈ្នះយ៉ាងធំធេងលើកំណើនប្រជាជនក្នុងតំបន់ ដោយសារជាង ២០ ឆ្នាំទៅមុខ កម្ពុជានឹងមានកំណើនប្រជាជនវ័យក្មេងខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់។

Advertisement

ទោះជាយ៉ាងនេះក្តី ស្ថាប័នដដែល មិនភ្លេចផ្តល់គំនិតឱ្យកម្ពុជាត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់ ដើម្បីទាញផលប្រយោជន៍ពិតប្រាកដពីសក្តានុពលផ្នែកធនធានមនុស្សនេះ។

របាយការណ៍ដែលដកស្រង់ប្រភពពី UNDP នេះ បានព្យាករណ៍ថា ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ កម្ពុជាមានកំណើនប្រជាជនវ័យចន្លោះពីអាយុ ៣០ ឆ្នាំ ដល់ ៤៩ ឆ្នាំ ចំនួន ២៤% ខណៈវៀតណាមមានកំណើនត្រឹម ១% ចិនថយចុះ ២២% (-២២%) និងប្រទេសថៃថយចុះធ្ងន់ជាងគេដល់ទៅ ២៣% (-២៣%)។

Mekong strategy កត់សម្គាល់ឃើញថា ភាពអំណោយផលផ្នែកប្រជាសាស្ត្រនេះ នឹងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្មកាន់ខ្ពស់នៅថ្ងៃអនាគត ដោយសារកម្ពុជាមានធនធានវ័យក្មេងគ្រប់គ្រាន់ ដែលបង្កើនភាពរស់រវើកផ្នែកផលិតកម្ម ព្រមទាំងមានតម្រូវការទីផ្សារ (private consumption) និងធនធានហិរញ្ញវត្ថុកាន់តែធំ។

ទោះជាយ៉ាងនេះក្តី របាយការណ៍ ស្តីពីមូលធនមនុស្ស ដែលចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា សន្ទស្សន៍មូលធនមនុស្ស (Human capital Index- HCI+) នៅកម្ពុជា មាន ១៣៩ ពិន្ទុ លើពិន្ទុសរុប ៣២៥។ កម្រិតពន្ទុនេះ បញ្ជាក់ថា សន្ទស្សន៍មូលធនមនុស្សនៅកម្ពុជា (HCI+) ស្ថិតក្រោមកម្រិតមធ្យមនៃប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលមានចំនួន ១៥៣ ពិន្ទុ។

បើតាមធនាគារពិភពលោក កម្ពុជាចាំបាច់ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍមូលធនមនុស្ស ដោយពង្រឹងការអប់រំជាមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់បណ្តុះបណ្តាលជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM), ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET), ពង្រឹងជំនាញឌីជីថល (digital skills) ព្រមទាំងជំនាញដែលមានតម្រូវការទីផ្សារ និងផ្តល់តម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ច។

កម្ពុជាមិនអាចពឹងតែលើពលកម្មថោក និងពឹកផ្អែកលើឧស្សាហកម្មដែលមានតម្លៃបន្ថែមទាប ដូចជា ឧស្សាហកម្មកាត់ដេរបានយូរទៀតទេ។ ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់ កម្ពុជាត្រូវបំលែងប្រជាជនវ័យក្មេងឱ្យក្លាយជាកម្លាំងពលកម្មមានចំណេះដឹង ជំនាញ សុខភាពល្អ និងសមត្ថភាពបច្ចេកវិទ្យា។

លោកបណ្ឌិត សុក សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានផ្តល់យោបល់ថា ដើម្បីអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាព និងផលិតភាពខ្ពស់ កម្ពុជាគួរធ្វើបរិវត្តកម្មប្រព័ន្ធអប់រំយ៉ាងស៊ីជម្រៅដោយផ្តោតលើចំណុចស្នូល ៤ យ៉ាងគឺ ការអប់រំជំនាញសវត្សទី ២១ និង STEM, ការតភ្ជាប់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET), ការអប់រំ និងពលរដ្ឋឌីជីថល (Digital education) និងការស្រាវជ្រាវ និងអភិវឌ្ឍ (R&D)។

លោកបណ្ឌិតពន្យល់ថា កម្ពុជាត្រូវបន្តជំរុញយ៉ាងខ្លាំងក្លានូវការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) តាំងពីកម្រិតបឋមសិក្សា រហូតដល់ឧត្តមសិក្សា ដោយសារជំនាញនេះគឺជាមូលដ្ឋានគ្រឹះក្នុងការបង្កើតធនធានមនុស្សដែលអាចប្រើប្រាស់ ស្រូបយក និងបង្កើតបច្ចេកវិទ្យាថ្មីៗ។

លោកបណ្ឌិត បន្តថា ដំណាលគ្នានេះ ប្រព័ន្ធអប់រំចំណេះទូទៅត្រូវដើរទន្ទឹមគ្នា និងមានភាពបត់បែនជាមួយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីឆ្លើយតបភ្លាមៗទៅនឹងតម្រូវការទីផ្សារការងារ ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងឧស្សាហកម្មតម្លៃបន្ថែមខ្ពស់។

លោកបណ្ឌិត សុក សូត្រ បានបញ្ជាក់ថា៖ “ស្របតាមទិសដៅរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ច និងសង្គមឌីជីថល ប្រព័ន្ធអប់រំត្រូវបំពាក់បំប៉នសិស្ស និស្សិត ឱ្យមានសមត្ថភាពឌីជីថលពេញលេញ តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនទំនើប។”

ជាមួយគ្នានេះ សាកលវិទ្យាល័យត្រូវតែប្រែក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ ដែលអាចបង្កើតដំណោះស្រាយជាក់ស្តែងសម្រាប់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ មិនមែនត្រឹមតែជាកន្លែងផ្ទេរចំណេះដឹងនោះទេ។

របាយការណ៍ពីក្រសួងអប់រំយុវជន និងកីឡា ឆ្នាំ២០២៦ បានបញ្ជាក់ថា កម្ពុជាមានសាលាមត្តេយ្យចំនួន ៩ ២០៧សាលា ក្នុងនោះមានមត្តេយ្យរដ្ឋចំនួន ៤ ៧៦៧ សាលា មត្តេយ្យសហគមន៍ចំនួន ៣ ៤១៨ និងមត្តេយ្យឯកជនចំនួន ១ ០២២ សាលា។

សាលាបឋមសិក្សាបានកើនដល់ ៨ ២៤៨ សាលា (សាលាឯកជន ៩២៧ សាលា) អនុវិទ្យាល័យមានចំនួន ១ ៣៦០ សាលា (ឯកជន ១២០ សាលា) និងមានវិទ្យាល័យចំនួន ៧៣៧ សាលា (សាលាឯកជន ១៤៦ សាលា)។

ទន្នឹមគ្នានេះ កម្ពុជាមានគ្រឹះស្ថានផ្តល់សេវាអប់រំបច្ចេកទេសចំនួន ៤៩ កន្លែង និងគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមានប្រមាណ ២០០ គ្រឹះស្ថាន (ឯកជនចំនួន ៧៧ គ្រឹះស្ថាន)។

ប្រៀបធៀបជាមួយរយៈពេល ១០ ឆ្នាំមុន បើមើលតាមចំនួនចុះឈ្មោះចូលរៀន កម្ពុជាកំពុងមានការវិវឌ្ឍជាវិជ្ជមាន ដោយសិស្សចាប់ពី ៣ ដល់ ៥ ឆ្នាំ មានកំណើនដល់ខ្ទង់ ៤៥ ម៉ឺននាក់នាក់នៅឆ្នាំ ២០២៦ ខណៈកាលពីឆ្នាំ២០១៤ មានសិស្សចុះឈ្មោះចូលរៀនត្រឹមជាង ៣១ ម៉ឺននាក់ប៉ុណ្ណោះ។

ដំណាលគ្នានេះ នៅកម្រិតបឋមសិក្សានាឆ្នាំ ២០២៦ នេះ មានសិស្សប្រមាណ ២,២៥ លាននាក់កំពុងសិក្សា មធ្យមសិក្សាបឋមភូមិមានចំនួន មានចំនួន ៧,២ សែននាក់ និងមធ្យមសិក្សាទុតិយភូមិមានចំនួន ៤,៥ សែននាក់។

ចំណែកឯកម្រិតឧត្តមសិក្សា បានកើនឡើងពី ២៥ ម៉ឺននាក់នៅឆ្នាំ ២០១៤ មកជាង ៣១ ម៉ឺននាក់នៅឆ្នាំ ២០២៦ ដោយមាននិស្សិតកំពុងសិក្សាមុខវិជ្ជា STEM មានចំនួន ៣៦,១%។

ផ្អែកតាមទិន្នន័យ និងដំណើរនៃការអប់រំនៅកម្ពុជានេះ លោកបណ្ឌិត សុក សូត្រ បានពន្យល់ថា កម្ពុជាបានបោះជំហានជាវិជ្ជមាន ដោយការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលចាត់ទុក “មនុស្ស” ជាអាទិភាពទី១។ លោកថា នេះជាចក្ខុវិស័យដ៏ត្រឹមត្រូវ និងមុតស្រួចបំផុតរបស់រាជរដ្ឋាភិបាល ក្នុងការតម្រង់ទិសការវិនិយោគជាតិ។

បន្ថែមពីលើនេះ ក្រសួងអប់រំក៏បានធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយយកគោលការណ៍ “អ្នកចេះគឺជាប់”។ សកម្មភាពនេះបានផ្លាស់ប្តូរផ្នត់គំនិតសង្គមទាំងស្រុង ដោយបានលុបបំបាត់វប្បធម៌អន្តរាគមន៍ និងជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រពិតប្រាកដ។

ជាមួយគ្នានេះដែរ ដើម្បីពង្រឹងគុណភាពអប់រំក្នុងកម្រិតមធ្យមសិក្សា ក្រសួងបានបង្កើតសាលារៀនជំនាន់ថ្មី (NGS) និងសាលាគំរូ ដែលជាសកម្មភាពដ៏ជោគជ័យមួយក្នុងការលើកកម្ពស់គុណភាពអប់រំ អភិបាលកិច្ចសាលារៀន និងការរៀនតាមបែបសហការ។

ចំណុចសំខាន់មួយទៀតដែលកម្ពុជាកំពុងអនុវត្តត្រឹមត្រូវ គឺការធ្វើឱ្យប្រសើរឡើងនូវគុណវុឌ្ឍិគ្រូបង្រៀនដោយ ក្រសួងបាន និងកំពុងកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ឱ្យទៅជាកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (១២+៤ ជាដើម) ដើម្បីពង្រឹងគុណភាពគ្រូបង្រៀនជំនាន់ថ្មី។ កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន TUP និងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន LUP របស់ក្រសួង ក៏ជានវានុវត្តន៍ និងការប្តេជ្ញាចិត្តដ៏ទាន់ពេល និងត្រឹមត្រូវផងដែរ។

បើទោះបីជាដំណើររបស់កម្ពុជាហាក់មើលទៅវិជ្ជមានក៏ក្តី ក៏អ្នកជំនាញខាងលើមើលឃើញថា កម្ពុជានៅមានចំណុចមួយចំនួនទៀតដែលត្រូវបំពេញបន្ថែមដើម្បីពង្រឹងគុណភាពអប់រំ មុននឹងពួកគេក្លាយជាធនធានដែលមានគុណភាព និងសមត្ថភាពពិតប្រាកដស្របតាមត្រូវការអភិវឌ្ឍនាឆ្នាំ ២០៥០។

អ្នកជំនាញអប់រំរូបនេះបានផ្តល់អនុសាសន៍ថា កម្ពុជាគួរពង្រីកគំរូសាលារៀនជំនាន់ថ្មី និងសាលាគំរូឱ្យបានទូលំទូលាយទៅកាន់តំបន់ជនបទ និងតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយគម្លាតគុណភាពអប់រំ។ ហើយសាលាគំរូត្រូវមានភារកិច្ចដឹកនាំសាលាជិតខាង ដោយសម្របសម្រួលដោយអាជ្ញាធរមូលដ្ឋានទទួលបន្ទុក ទើបកាន់តែរីកចម្រើន។

បន្ថែមពីលើនេះ អ្នកជំនាញដដែល បន្តថា កម្ពុជាត្រូវជំរុញការបង្កើតភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ និងវិស័យឯក (University-Industry Linkage) ដើម្បីធានាថាកម្មវិធីសិក្សាឆ្លើយតបចំតម្រូវការទីផ្សារ ផ្តល់ឱកាសចុះកម្មសិក្សា និងការងារស្រាវជ្រាវរួមគ្នា។

លោកបណ្ឌិត សុក សូត្រ បានបញ្ជាក់ថា៖ “កម្ពុជាគួរបង្កើនកញ្ចប់ថវិកាជាតិ និងសម្ភារៈពិសោធន៍ទំនើបៗសម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដើម្បីជំរុញការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការបោះពុម្ពផ្សាយកម្រិតអន្តរជាតិ ដំណាលគ្នានឹងបន្តលើកកម្ពស់គរុកោសល្យថ្មីៗ និងជំនាញឌីជីថលដល់លោកគ្រូ អ្នកគ្រូដែលកំពុងបម្រើការងាររាប់ម៉ឺននាក់ ឱ្យដើរទាន់ការវិវឌ្ឍនៃបច្ចេកវិទ្យា និងវិធីសាស្ត្របង្រៀនសតវត្សទី២១។”

របាយការណ៍ទស្សនវិស័យមុខរបរ និងការងារ របស់ក្រសួងការងារបានបញ្ជាក់ថា ជំនាញដែលមាននិន្នការខ្ពស់នៅថ្ងៃអនាគតដែលកម្ពុជាគួរចាប់យកមានដូចជា ជំនាញ វិទ្យាសាស្រ្តទិន្នន័យ និងកម្មវិធី Gen AI, បច្ចេកវិទ្យាឌីជីថល, វិស្វកម្មរថយន្ត នាវា និងយន្តហោះ, សេដ្ឋកិច្ច, អេឡិចត្រូនិក និងស្វ័យប្រវត្តិកម្ម៕

លោក ហេង សុវណ្ណ | Mr. Heng Sovann

លោក ហេង សុវណ្ណ | Mr. Heng Sovann

ជាប្រធាននាយកដ្ឋានព័ត៌មាននៃបណ្តាញព័ត៌មាន AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា