ភ្នំពេញ៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់ជ្រូកសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បើទោះបីគ្មានការនាំចូលពីបរទេស ខណៈតម្រូវការលើទីផ្សារ ត្រូវការជ្រូករស់ប្រហែល ៩០០០ ទៅ ១០០០០ ក្បាល ក្នុងមួយថ្ងៃ។ នេះបើយោងតាមការបញ្ជាក់របស់សមគមអ្នកចិញ្ចឹមសត្វកម្ពុជា។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ប្រាប់ AMS នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ ថា សាច់ជ្រូកអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ដោយមិនបាច់ពឹងលើការនាំចូលជ្រូកពីខាងក្រៅនោះទេ។ តែបញ្ហាប្រឈម គឺសាំងឡើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូន និងវត្ថុធាតុដើមមកពីខាងក្រៅឡើងថ្លៃប៉ះពាល់ចំណីសត្វ។ តម្លៃនៅលើជ្រញ់ មិនលើស ២ ម៉ឺនរៀលទេ។ មានន័យថា ទីផ្សារក៏មិនឡើងថ្លៃ អ្នកចិញ្ចឹមសត្វក៏មិនឡើងថ្លៃ។
លោកបានអះអាងថា៖
“កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បើទោះបីគ្មានការនាំចូលពីបរទេស។ សមាគមសង្កេតឃើញថា បច្ចុប្បន្នកសិករមានសមត្ថភាពខ្ពស់ក្នុងការចិញ្ចឹមសត្វឱ្យទទួលបានផលដោយប្រើរយៈពេលសមរម្យ។”
លោកបានបន្ថែមថា ក្រៅពីតម្រូវជ្រូក ការផ្គត់ផ្គង់មាន់និងទាលើទីផ្សារមិនខ្វះទេ កសិករអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន ហើយក៏មិនមានការដំឡើងថ្លៃទេ។
ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា៖
“ការចិញ្ចឹមសត្វនៅកម្ពុជានាពេលបច្ចុប្បន្ននេះ កាន់តែមានភាពល្អប្រសើរឡើង ទាំងបច្ចេកទេសចិញ្ចឹម ការទទួលបានទិន្នផលប្រកបដោយគុណភាព និងសុវត្ថិភាព ខណៈដែលតម្លៃនៅលើទីផ្សារក៏មានភាពសមរម្យដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលនោះទេ។”
លោក ស៊ុ្រន ពៅ បានលើកឡើងថា តាមរយៈការស្រាវជ្រាវនៅលើទីផ្សារ ក៏ដូចជានៅតាមបណ្ដាទីប្រជុំជន ដែលមានការផ្គត់ផ្គង់សាច់សត្វចិញ្ចឹមបានឱ្យដឹងថា ប្រភេទសាច់សត្វចម្រុះនៅលើទីផ្សារគឺមានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទីផ្សារ ទាំងប្រភេទសាច់ជ្រូក មាន់ ទា ជាដើម ។
ក្នុងសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងនៅរសៀលថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២៦ ថា៖
“ផលិតកម្មសត្វ ធានាបាននូវការផ្គត់ផ្គង់រហូតដល់ ៩៨% នៃតម្រូវការសាច់សត្វ ក្នុងស្រុក។ ជាមួយគ្នានេះ ការវិនិយោគឯកជនលើកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ និងសត្តឃាតដ្ឋានទំនើប បានចូលរួមបង្កើនផលិតកម្មសត្វ និងលើកកម្ពស់អនាម័យ និងសុវត្ថិភាពដល់អ្នកបរិភោគ។ ការអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេសចិញ្ចឹមសមស្រប ជាពិសេសការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។”
ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ចំពោះផលិតផលសាច់ និងត្រី កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់តម្រូវការសាច់ក្នុងស្រុកបាន និងអាចទប់ស្កាត់ការរាតត្បាតជំងឺផ្តាសាយបក្សីបានទាន់ពេលវេលា ខណៈបរិមាណផលនេសាទត្រីទឹកសាបកើនឡើងប្រមាណ ១០%។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពធន់ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាពិភពលោក និងតំបន់ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។
ក្នុងឆ្នាំ២០២៥ វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,១% ក្នុងផលិតផលសរុបក្នុងស្រុក (GDP) ជាមួយនឹងកំណើនប្រចាំឆ្នាំ ១,២% ដែលធ្វើឱ្យតម្លៃបន្ថែមសរុបនៃវិស័យនេះកើនឡើងដល់ជាង ៨,៣ពាន់លានដុល្លារអាមេរិក។ ការនាំចេញសរុប សម្រេចបានទឹកប្រាក់ជិត ៦,៥ ពាន់លានដុល្លារ (កើនឡើងជាង ៣២០លានដុល្លារ ធៀបនឹងឆ្នាំ២០២៤)។
យោងតាមតារាងទីផ្សាររបស់សាលារាជធានីភ្នំពេញ តម្លៃសាច់ជ្រូក ២៥,០០០ រៀល ក្នុងមួយគីឡូក្រាម សាច់គោ ៤០០០០ ទៅ ៤៥០០០ រៀលក្នុងមួយគីឡូក្រាម សាច់មាន់ ២៧០០០ រៀលក្នុងមួយគីឡូក្រាម ត្រីរ៉ស់ ១៣០០០ រៀលក្នុងមួយគីឡូក្រាម៕