មន្ត្រីរដ្ឋាភិបាល បានអះអាងថា កម្ពុជា កំពុងងាកទៅរកការផ្គត់ផ្គង់ប្រេងឥន្ធនៈពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបង្គ្រប់ការខ្វះខាតនៃការផ្គត់ផ្គង់ពីប្រទេសវៀតណាម និងចិន។

មន្ត្រីរដ្ឋាភិបាល បានអះអាងថា កម្ពុជា កំពុងងាកទៅរកការផ្គត់ផ្គង់ប្រេងឥន្ធនៈពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបង្គ្រប់ការខ្វះខាតនៃការផ្គត់ផ្គង់ពីប្រទេសវៀតណាម និងចិន។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងថាមពល បានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី ១៨ ខែមីនាថា កម្ពុជាកំពុងបង្កើនការនាំចូលពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដោយសារតែការរឹតបន្តឹងលើការនាំចេញនៅកន្លែងផ្សេងទៀត។
យោងតាមទិន្នន័យពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) ដែលជាទីភ្នាក់ងារពាណិជ្ជកម្មរបស់ UN-WTO មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បានឱ្យដឹងថា ប្រទេសថៃ និងវៀតណាម គឺជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈធំជាងគេសម្រាប់កម្ពុជា គឺមានរហូតដល់ ៦០ ភាគរយ កាលពីឆ្នាំ ២០២៤។ ខណៈដែលប្រទេសសិង្ហបុរី រួមគ្នាជាមួយម៉ាឡេស៊ី មានចំណែកប្រមាណជា ១ ភាគ ៣ នៃទីផ្សារថាមពលរបស់កម្ពុជា។ ប្រទេសចិនមានចំណែកប្រមាណជា ៧ ភាគរយ។
ក៏ប៉ុន្តែ ស្របពេលដែលសង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងក្នុងពិភពលោក ប្រទេសវៀតណាម និងចិន បានរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈរហូតដល់យ៉ាងហោចណាស់ដំណាច់ខែមីនា ដើម្បីទប់ស្កាត់ការខ្វះខាតក្នុងស្រុកដែលអាចកើតមាន។
ជាមួយគ្នានេះ ប្រទេសកម្ពុជាបានដាក់បម្រាមនាំចូលប្រេងឥន្ធនៈគ្រប់ប្រភេទ និងឧស្ម័នពីប្រទេសថៃ បន្ទាប់ពីប្រទេសនេះត្រូវស្តីបន្ទោសថា បានបង្កសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ក្នុងអំឡុងឆ្នាំ ២០២៥។
ឯកឧត្តម កែវ រតនៈ មានប្រសាសន៍ថា៖
“កម្ពុជា «នៅតែអាចនាំចូលបានបន្តិចបន្តួច»ពីប្រទេសចិន។ ហើយកម្ពុជាមានជាដៃគូរឹងមាំជាមួយក្រុមហ៊ុនផ្គត់ផ្គង់សកលគឺក្រុមហ៊ុន Total និងក្រុមហ៊ុន Chevron។ ក្រុមហ៊ុនទាំងនេះអាចជួយកាត់បន្ថយហានិភ័យបានមួយចំនួនដល់កម្ពុជា។”
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បារម្ភថា សង្គ្រាមនៅមជ្ឈឹមបូព៌ាអូសបន្លាយ នឹងនាំឲ្យ វិបត្តិប្រេងឥន្ធនៈកាន់តែធ្ងន់ធ្ងរ។
លោកបណ្ឌិត បានថ្លែងថា៖
“ប្រទេសខ្លះគេព្យាយាមកាត់បន្ថយពន្ធប្រេងឲ្យនៅទាប ដើម្បីកុំឲ្យតម្លៃវាខ្ពស់ សម្រួលកុំឲ្យថ្លៃដឹកជញ្ជូនឡើងថ្លៃ ហើយកុំទំនិញវាឡើងថ្លៃតាមតម្លៃដឹកជញ្ជូន។”
លោក អ៊ូ វីរៈ អ្នកវិភាគកម្ពុជាមួយរូបទៀត ផ្តល់យោបល់ថា ក្នុងអំឡុងពេលស្ថានភាពប្រេងឥន្ធនៈមិនមានសុវត្ថិ កម្ពុជា ត្រូវប្រុងប្រយ័ត្នចំពោះការឧបត្ថម្ភទុន ដោយហេតុថា ការឧបត្ថម្ភនេះនឹងធ្វើឲ្យតម្លៃថាមពលចុះទាប ប៉ុន្តែការប្រើប្រាស់នឹងកើនឡើងខ្ពស់ ហើយវានឹងបង្កហានិភ័យដល់កង្វះខាតថាមពល និងប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល។ ក៏ប៉ុន្តែរដ្ឋាភិបាល ត្រូវតែព្យាយាមទិញប្រេងឥន្ធនៈបន្ថែមទៀត។
តម្លៃប្រេងពិភពលោកនៅថ្ងៃព្រហស្បត្តិ៍ ទី ១៩ ខែមីនា បានហក់ឡើងដល់ ១១០ ដុល្លារ ក្នុង ១ ធុងបារ៉ែល ដែលធ្វើឲ្យមានកង្វល់ថា ការលក់រាយនៅកម្ពុជា នឹងបន្តឡើងថ្លៃបន្ថែមទៀត៕
អត្ថបទ៖ ខន ណារី និងទួន សុផល
