ភ្នំពេញ៖ កម្ពុជាបានកំណត់មហិច្ចតាក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ប៉ុន្តែអ្នកជំនាញបានលើកឡើងពីឧបសគ្គត្រូវយកចិត្តទុកដាក់ និងបញ្ហាប្រឈមធំៗមួយចំនួន ដែលអាចបង្កជាការរំខានដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបានគោលដៅឆ្នាំ ២០៥០ នេះ។

ភ្នំពេញ៖ កម្ពុជាបានកំណត់មហិច្ចតាក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ប៉ុន្តែអ្នកជំនាញបានលើកឡើងពីឧបសគ្គត្រូវយកចិត្តទុកដាក់ និងបញ្ហាប្រឈមធំៗមួយចំនួន ដែលអាចបង្កជាការរំខានដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបានគោលដៅឆ្នាំ ២០៥០ នេះ។
ផ្អែកលើផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ ២០៥០ កម្ពុជានឹងមានចំនួនប្រជាជនចន្លោះពី ២០ ទៅ ២០,២ លាននាក់ ជាមួយផែនការបង្កើនទំហំផលិតផលក្នុងស្រុកសរុប (GDP) ២៧៦,៥ ពាន់លានដុល្លារអាម៉េរិក ពិសេសរក្សាកំណើនសេដ្ឋកិច្ចឱ្យបានក្នុងរង្វង់ ៧ ភាគរយ ប្រចាំឆ្នាំ។
ទន្ទឹមនេះ ធនាគារពិភពលោក (World Bank) សម្លឹងឃើញថា ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាត្រូវមានស្តង់ដារចំណូលជាតិសរុបសម្រាប់មនុស្សមា្នក់ ១៤,០០០ ដុល្លារ។
អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា រយៈពេល ២៤ ឬ២៥ ឆ្នាំខាងមុខនឹងក្លាយជាវដ្តថ្មីមួយដើម្បីកសាងគ្រឹះសេដ្ឋកិច្ចជាតិឱ្យរឹងមាំ ឆ្ពោះទៅរកប្រទេសដែលមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០។
រដ្ឋាភិបាលបានកំណត់យកយុទ្ធសាស្ត្រ ដែលមាន ៥ ដំណាក់កាល ដើម្បីជាកាតាលីករជំរុញគោលដៅនេះទៅមុខ ប្រកបដោយភាពស្វាហាប់។ ដំណាក់កាលទី ១ មានអាទិភាពចំនួន ៥ គឺផ្លូវថ្នល់ មនុស្ស ទឹក ភ្លើង និងបច្ចេកវិទ្យា។ ហើយអ្វីដែលមិនអាចខ្វះបាន ដើម្បីសម្រេចឱ្យបានគោលដៅឆ្នាំ ២០៥០ នេះ គឺកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលមានភាពធន់នឹងវិបត្តិ។
ទោះបីជាយ៉ាងក៏ដោយ គោលដៅនៅឆ្នាំ ២០៥០ ប្រឈមនឹងបញ្ហាធំៗចំនួន ដែលអាចរារាំងកម្ពុជាលើដំណើរដ៏វិជ្ជមាននេះបាន ដូចជា បញ្ហាតាមបណ្តោយព្រំដែនជាមួយថៃ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងបញ្ហាសង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យថាមពលឡើងថ្លៃ ជាដើម។ កត្តាទាំងនេះ អាចបង្កការរំខានដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ឆ្នាំ ២០៥០។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា របាយការណ៍ទាក់ទងនឹងឆ្នាំ ២០៥០ ទំនងជាបានព្យាករ មុនពេលកម្ពុជាមានបញ្ហាព្រំដែនជាមួយថៃ និងបញ្ហាកើតឡើងថ្មីៗជុំវិញពិភពលោក ដែលបង្កផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា។
ទោះជាយ៉ាងនេះក្តី លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា គឺការបង្កើតឱ្យមានមូលធនមនុស្សកាន់តែច្រើន ដែលជាមូលដ្ឋានសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការកាត់បន្ថយអំពើពុករលួយ មានកំណែទម្រង់ក្នុងប្រព័ន្ធរាជការ និងការគ្រប់គ្រង ដែលគេហៅថា អភិបាលកិច្ចរបស់រដ្ឋ។
លើសពីនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានថ្លែងដូច្នេះថា៖
“ដើម្បីសម្រេចឱ្យបាននូវផែនការចក្ខុវិស័យឆ្នាំ២០៥០ រដ្ឋត្រូវរៀបចំកែទម្រង់ប្រព័ន្ធអប់រំឱ្យកាន់តែប្រសើរ ដោយត្រូវចាប់ផ្ដើមពីពេលនេះ។”
លោកបណ្ឌិត បានបន្តថា ក្មេងៗ ដែលអាយុ ៥ ឆ្នាំនៅពេលនេះ ត្រូវតែក្លាយជាយុវជនដែលខ្លាំងមានចំណេះ ជំនាញ នៅរយៈពេល២៥ឆ្នាំខាងមុខ ដូច្នេះ នៅរយៈពេល ២៥ ឆ្នាំទៀត ក្មេងអាយុ ៥ ឆ្នាំនៅពេលនេះ នឹងមានអាយុ ៣០ ឆ្នាំ ហើយក៏ត្រូវតែក្លាយជាមូលធនមនុស្សដ៏ពូកែ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងផងដែរថា តាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សម្រេចឱ្យបានជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ នោះ វាអាចនឹងសម្រេចទៅបាន ដោយផ្អែកទៅលើកត្តាមួយចំនួន ជាពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
លោកបណ្ឌិតបាននិយាយថា ៖
“បច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងវិញជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានកាត់បន្ថយនូវកម្ចីពីបរទេស ដោយខំប្រឹងសងត្រលប់ទៅវិញជាបន្តបន្ទាប់ផងដែរ ថ្វីត្បិតតែមិនច្រើនក៏ដោយ។”
លោកបណ្ឌិតបន្តថា តាមរយៈសកម្មភាពវិនិយោគថ្មីៗលើវិស័យឧស្សាហកម្មខ្នាតតូច មធ្យម និងធុនធ្ងន់ជាបន្តបន្ទាប់ ដែលអាចឱ្យផលិតផលដែលផលិតពីកម្ពុជាមានតម្លៃបន្ថែមខ្ពស់ជាងមុន ហើយក៏ធ្វើឱ្យមានកម្មករជំនាញនៅកម្ពុជាកាន់តែច្រើន និងទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន។
ជារួម សកម្មភាពទាំងនេះ សបញ្ជាក់ឱ្យឃើញថា កម្ពុជាកំពុងស្ថិតនៅគន្លងត្រឹមត្រូវ ក្នុងការឆ្ពោះទៅរកការសម្រេចបានគោលដៅឆ្នាំ ២០៥០។ នេះបើយោងតាមលោកបណ្ឌិត ហុង វណ្ណៈ។
លោកបណ្ឌិត ញឹល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានមានប្រសាសន៍ថា តាមផែនការរបស់រដ្ឋាភិបាលដែលកំណត់គោលដៅឆ្នាំ ២០៥០ គឺអាចទៅរួច ហើយដើម្បីឱ្យផែនការនេះសម្រេចបានគឺត្រូវជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យបានចន្លោះពី ៦ ទៅ ៧ ភាគរយក្នុងមួយឆ្នាំ រយៈពេល ២៥ ឆ្នាំជាប់គ្នា។
លោកបណ្ឌិតបន្តថា ដើម្បីសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចនេះ កម្ពុជាត្រូវផ្លាស់ប្តូរពីកម្លាំងពលកម្មដែលមានតម្លៃទាបទៅជាកម្លាំងពលកម្មដែលមានតម្លៃខ្ពស់ ជាក់ស្ដែងកម្ពុជាត្រូវផ្លាស់ប្តូរពីការពឹងលើវិស័យកាត់ដេរទៅរកសេដ្ឋកិច្ចដែលពឹងផ្អែកលើបច្ចេកវិទ្យា រួមមានការផលិតគ្រឿងបន្លាស់រថយន្ត ផលិតដ្រូន និងការធ្វើកសិកម្មបែបទំនើប។
មួយវិញទៀត ដើម្បីឱ្យចំណូលប្រជាជនកើនឡើងដល់ ១៤ ០០០ ដុល្លារក្នុងមួយឆ្នាំ កម្ពុជាត្រូវបង្កើនផលិតភាពកម្លាំងពលកម្ម ដោយពលរដ្ឋម្នាក់ៗត្រូវបង្កើនផលិតភាពរបស់ខ្លួនឱ្យបាន ៥ ទៅ ៦ ដង ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០៥០ ដោយត្រូវផ្ដោតសំខាន់ទៅលើការអប់រំកម្រិតខ្ពស់ ។
លោកបញ្ជាក់ថា៖
“ចំណុចសំខាន់មួយទៀត ដែលកម្ពុជាត្រូវធ្វើឱ្យបាននោះ គឺកំណើនសេដ្ឋកិច្ចដែលមានភាពធន់ ដូច្នេះ បើទោះបីជាប្រទេសណាមួយមានបញ្ហាសេដ្ឋកិច្ច ក៏កម្ពុជានៅតែមានកំណើនសេដ្ឋកិច្ចល្អ ដោយកម្ពុជាត្រូវធ្វើពិពិធកម្មទីផ្សារបន្ថែមទៀត មិនត្រូវពឹងផ្អែកតែលើប្រទេសណាមួយនោះឡើយ។”
សូមជម្រាបផងដែរថា ក្នុងឆ្នាំ ២០២៥ កន្លងទៅនេះ ប្រាក់ចំណូលប្រជាជនកម្ពុជាប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ ជាមធ្យម មានចំនួន ២ ៨៥៨ ដុល្លារ អាម៉េរិក ជាមួយនឹងទំហំផលិតផលក្នុងស្រុកសរុបប្រមាណ ៥១,៩៦ ពាន់លានដុល្លារអាម៉េរិក ហើយក្នុងឆ្នាំ ២០២៦ នេះ កម្ពុជារំពឹងថា ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នឹងកើនឡើងដល់ ៣ ០២០ ដុល្លារអាម៉េរិក ជាមួយនឹងទំហំផលិតផលក្នុងស្រុកសរុបចំនួនជាង ៥៣ពាន់លានដុល្លារអាម៉េរិក ៕
