ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់កម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានទទួលជួបពិភាក្សាការងារជាមួយប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃក្រុង Incheon (ICCI) សាធារណៈរដ្ឋកូរ៉េ ដោយបានជជែកអំពីការវិវឌ្ឍនៃកិច្ចទំនាក់ទំនងពាណិជ្ជកម្ម ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគីឱ្យកាន់តែរឹងមាំ ជាពិសេស ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀត។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងឱកាសនៃកិច្ចជំនួបនាថ្ងៃទីចុងសប្ដាហ៍កន្លងទៅនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានរំលឹកផងដែរអំពីកំណើនគួរឱ្យកត់សម្គាល់នៃការវិនិយោគពីសាធារណរដ្ឋកូរ៉េចាប់តាំងពីការចូលជាធរមាននៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងកូរ៉េ ស្តីពីការជំរុញ និងការការពារវិនិយោគ នៅឆ្នាំ១៩៩៩។ ទោះជាយ៉ាងណា ដោយសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ទុះនៃការវិនិយោគពីកូរ៉េមានការថយចុះ ឯកឧត្តមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរួមចំណែកផ្សព្វផ្សាយពីបរិយាកាសវិនិយោគកម្ពុជា និងជាកម្លាំងចលករក្នុងការទាក់ទាញវិនិយោគិនកូរ៉េឱ្យត្រឡប់មកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងវិញ។
ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ថា ៖
«រាជរដ្ឋាភិបាលកម្ពុជា បានខិតខំឥតឈប់ឈរ ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ, កិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការលើកកម្ពស់សុវត្ថិភាពសាធារណៈ និងការដាក់ចេញនូវយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានរៀបចំចំនួន ២លើករួចមកហើយ ដើម្បីកសាងជំនឿទុកចិត្ត និងដោះស្រាយរាល់កង្វល់របស់វិនិយោគិន»។
លោក Joo Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃក្រុង Incheon (ICCI) សាធារណៈរដ្ឋកូរ៉េ ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកសិក្សាពីកាលានុវត្តភាពនៃឱកាសវិនិយោគនៅកម្ពុជាបានលើកឡើងថា កម្ពុជា មានភាពរីកចម្រើនយ៉ាងលឿនរហ័សគួរឱ្យកត់សម្គាល់ ហើយកម្ពុជា ក៏ជាប្រទេសកំណើតទី២របស់លោកដែរ។ ក្នុងន័យនេះ លោកនឹងខិតខំជំរុញឱ្យធុរជនក្នុងទីក្រុង Incheon ដែលជាទីក្រុងធំទី២ និងជាមជ្ឈមណ្ឌលឧស្សាហកម្ម- ភស្តុភារកម្មដ៏មានសក្តានុពលរបស់សាធារណរដ្ឋកូរ៉េ ឱ្យមកសិក្សាស្វែងយល់ពីស្ថានភាពពិតជាក់ស្តែង និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការធ្វើពិពិធកម្ម និងទំនើបកម្មវិស័យឧស្សាហកម្មកម្ពុជា។
លោក Joo Bong Park បានសង្កត់ធ្ងន់ថា ៖
«ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការអញ្ជើញមកដល់កម្ពុជាដោយផ្ទាល់របស់វិនិយោគិនកូរ៉េ នឹងក្លាយជាសក្ខីភាពដ៏សំខាន់ក្នុងការលុបបំបាត់នូវរាល់ព័ត៌មានមិនពិត ឬការភ័ន្តច្រឡំនានាដែលបានកើតឡើងនាពេលកន្លងមក។ បន្ថែមលើកិច្ចសហប្រតិបត្តិការជារួមនាពេលនេះ អ្នកធុរជនកូរ៉េ ក៏មានបំណងពិនិត្យលទ្ធភាពវិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ»។
សូមជម្រាបដែរថា តាមរយៈរបាយការណ៍ក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កូរ៉េ សម្រេចបាន ៩២៣ លានដុល្លារ កើនឡើង ១,៤១% ធៀបនឹងឆ្នាំ២០២៤ ដោយក្នុងនោះកម្ពុជានាំចេញទៅកូរ៉េមានទឹកប្រាក់ ៣២៦ លានដុល្លារ កើន ១% ចំណែកកូរ៉េនាំចូលមកវិញមានតម្លៃ ៥៩៦ លានដុល្លារ កើន ១,៧៦%។ ដោយឡែកនៅក្នុងរយៈពេល៣១ថ្ងៃនៃខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចបាន ជាង ៨៣ លានដុល្លារ កើនឡើង ១៧,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលកម្ពុជាបាននាំចេញទៅកូរ៉េ មានទំហំ ៣៤ លានដុល្លារ កើនឡើង ២៣,៥% ចំណែកកូរ៉េនាំចូលមកកម្ពុជាវិញមានទំហំ ៤៩ លានដុល្លារ កើនឡើង ១៣,៨% ៕