ភ្នំពេញ ៖ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស។

ភ្នំពេញ ៖ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស។
យោងតាមគេហទំព័រ Wanderlust បានលើកឡើងនៅដើមសប្តាហ៍នេះថា ការជ្រើសរើសទីតាំងជាច្រើនដែលខ្លួនទទួលបាននៅឆ្នាំ២០២៦នេះ បានបង្ហាញនូវការយល់ដឹងពីនិរន្តរភាពក្នុងការធ្វើដំណើរ ដែលត្រូវបានសម្រេចដោយការបង្កើតបរិយាកាសសុខដុមរមនា និងមានសុវត្ថិភាពសម្រាប់សហគមន៍ក្នុងស្រុក ក្នុងនោះបានជ្រើសរើសប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានទទួលស្គាល់នៅក្នុងបញ្ជីដ៏មានកិត្យានុភាពនេះ។
នៅក្នុងបញ្ជីទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust បានលើកឡើងទៀតថា ការបោះជំរុំក្នុងឧទ្យានជាតិបទុមសាគរ បានលេចធ្លោជាស្តង់ដារ តំបន់សម្រាប់បដិសណ្ឋារកិច្ច ដែលមានការអភិរក្សស្ថិតនៅជើងភ្នំក្រវ៉ាញ។ ជំរុំនេះ គាំទ្រដោយផ្ទាល់ដល់ការល្បាតរបស់មន្ត្រីឧទ្យានជាតិក្នុងកិច្ចការពារព្រៃត្រូពិចជុំវិញ ខណៈពេលដែលផ្តល់ជូនអ្នកធ្វើដំណើរនូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍តាមរយៈផ្លូវទឹក ការបោះជំរុំ និងផ្លូវដើរក្នុងព្រៃនៅទូទាំងតំបន់អភិរក្សដែលមានទំហំប្រមាណ ១៨០០ គីឡូម៉ែត្រការ៉េ។ តាមរយៈគំរូទេសចរណ៍នេះ ជំរុំនេះដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបរិស្ថានរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា។
លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជាបានចាត់ទុកថា ការចាត់ថ្នាក់របស់ទស្សនាវដ្តីចក្រភពអង់គ្លេសខាងលើ ធ្វើឡើងដោយផ្អែកលើទិដ្ឋភាពជាក់ស្តែង និងឆ្លងតាមបទពិសោធន៍នៃការធ្វើដំណើរផ្សងព្រេងរបស់ទេសចរអ៊ឺរ៉ុបនៅតាមជើងភ្នំក្រវ៉ាញនៅរដូវកាលបៃតងនាឆ្នាំកន្លងទៅ។
លោកបញ្ជាក់ថា ៖
«គឺគាត់មានក្រុមអ្នកស្រាវជ្រាវ ពិសេសតាមរយៈទេសចរឯកត្តបុគ្គល ឬទេសចរស្ពាយសាក់កាដូរ។ កាលដែលគាត់មក គឺគាត់ជាអ្នកទេសចរផង ជាអ្នកស្រាវជ្រាវផង ដែលផ្តល់ការវាយតម្លៃនូវទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការមកទស្សនាកម្ពុជាក្នុងរដូវកាលបៃតងនេះ»។
ផ្អែកតាមធនធានធម្មជាតិនៃឧទ្យានជាតិបុទុមសាគរ ស្ថិតនៅជើងភ្នំក្រវ៉ាញ ក្នុងខេត្តពោធិ៍សាត់ បានផ្តល់នូវសោភ័ណ្ឌភាព និងទេសភាពល្អឥតខ្ចោះ មានសុវត្ថិភាពខ្ពស់សម្រាប់ទេសចរធ្វើដំណើរកម្សាន្តរយៈពេលវែងនៅរដូវកាលបៃតងឆ្នាំ២០២៦ ដែលទាមទារឱ្យមានការយកដាក់ទុកដាក់ពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ក៍ដូចជារាជរដ្ឋាភិបាល ក្នុងការថែរក្សាបរិស្ថាន និងធានាបាននូវសុវត្ថិភាពសម្រាប់ពួកគេ។

លោក មីលីយ៉ា សុវត្ថិធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា នេះមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែការចាត់ចូលក្នុងបញ្ជីទស្សនាវដ្តីខាងលើ គឺផ្អែកលើការផ្តួចផ្តើមទស្សនទានរដូវកាលបៃតងរបស់ក្រសួងទេសចរណ៍កម្ពុជា ស្របនឹងភូមិសាស្រ្តជាក់ស្តែងនៃទឹកដីខេត្តពោធិ៍សាត់ ដែលរដ្ឋាភិបាលបានចាត់ថ្នាក់ទៅជាភូមិសាស្រ្តអេកូទេសចរណ៍របស់ប្រទេសកម្ពុជាតែម្តង ពិសេសតំបន់ជួរភ្នំក្រវ៉ាញ និងតំបន់ជីវចម្រុះបឹងទន្លេសាប ដែលមានផ្ទៃដីជាប់ផ្ទៃបឹងវែងជាងគេ។
លោកថា ៖
«បច្ចុប្បន្ន ដោយសារចំណងដៃរបស់រាជរដ្ឋាភិបាល បានស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់សេដ្ឋកិច្ចពីតំបន់ពាយព្យទៅដល់តំបន់ឆ្នេរ ឆ្លងកាត់តំបន់ជួរភ្នំក្រវ៉ាញ និងតំបន់ឧ្យានជាតិបុទុមសារគរ ដែលមានសម្រស់ធម្មជាតិដ៏ល្អឥតខ្ចោះ»។
លោកបន្តថា តំបន់នេះមានសក្តានុពលខ្លាំងសម្រាប់ទាក់ទាញទេសចរ ដោយសារជាទីតាំងសំបូរទៅដោយជីវចម្រុះ តំបន់អេកូទេសចរណ៍ព្រៃក្រវ៉ាញ ក្នុងតំបន់អូសោម និងសំបូរទៅដោយទឹកជ្រោះ ជ្រលងភ្នំ ដងអូ និងតំបន់ខ្ពង់រាប ព្រមទាំងផ្ទៃលិចទឹក តំបន់ផ្ទៃមេឃចុះអ័ព្ទ ដែលជាផលិតផលទេសចរណ៍ដ៏ល្អឯកនៅលើពិភពលោក។ គួរបញ្ជាក់ថា ទស្សនាវដ្ដី Wanderlust ចក្រភពអង់គ្លេស បានចាត់ទុកប្រទេសជាគោលដៅទេសចរណ៍ដ៏ល្អបំផុតមានចំនួនត្រឹមតែ ៣ ប៉ុណ្ណោះ នៅក្នុងពិភពលោកសម្រាប់រដូវកាលបៃតងឆ្នាំ ២០២៦នេះ៕
