បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ប៉ាគីស្ថាន ចាប់ដៃគ្នាពង្រីកពាណិជ្ជកម្មឱសថ និងឧស្សាហកម្មកាត់ដេរ

កម្ពុជា-ប៉ាគីស្ថាន ចាប់ដៃគ្នាពង្រីកពាណិជ្ជកម្មឱសថ និងឧស្សាហកម្មកាត់ដេរ

​ភ្នំពេញ ៖ កម្ពុជា – ប៉ាគីស្ថាន នឹងសហការគ្នាក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែល្អប្រសើរ​ ដោយផ្ដោតលើវិស័យអាទិភាព ដូចជា ផ្នែកឱ​សថ ឧស្សាហកម្មកាត់ដេរ និងវិស័យសហគ្រាសធុនតូច​ និងមធ្យម (SME) ជាដើម។

Advertisement

កាលពីថ្ងៃទី១១ ខែកុម្ភៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយ​សមភាគីប៉ាគីស្ថាន លោក Jam Kamal Khan ដើម្បីពិនិត្យលទ្ធភាព​ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះដូរពាណិជ្ជកម្ម​ទ្វេភាគី ​មុនពេលកិច្ចប្រជុំគណៈកម្មាការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ នៅក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។

កាសែត The Nation បានរាយការណ៍ថា នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងប៉ាគីស្ថានខាងលើ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវឱកាស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន រួមមាន ឱសថ និងផលិតផលថែទាំសុខភាព វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ កសិកម្ម និងកសិ-កែច្នៃ ជាដើម។

លោកជំទាវ ចម និម្មល បានអះអាងថា ផលិតផលឱសថ និងបរិក្ខារពេទ្យ គឺជាធាតុផ្សំដ៏សំខាន់នៃការនាំចូលរបស់កម្ពុជាពីប្រទេសប៉ាគីស្ថាន។ កម្ពុជា អាចធ្វើជាច្រកផ្លូវសម្រាប់ធុរកិច្ចប៉ាគីស្ថានទៅកាន់ទីផ្សារអាស៊ាន និងប្រទេសដៃគូសេដ្ឋកិច្ច​ក្នុងតំបន់ RCEP។

លោក Jam Kamal Khan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន បញ្ជាក់ថា ប៉ាគីស្ថាន គឺជាមជ្ឈមណ្ឌលក្នុងតំបន់ដ៏មានសក្តានុពល ជាមួយនឹងការតភ្ជាប់ទៅកាន់អាស៊ីកណ្តាល ដែលជាឱកាសល្អសម្រាប់កិច្ចសហការនាំចូលអំបោះរបស់កម្ពុជា។

ក្នុងឱកាស​នោះដែរ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៣ រួមមាន កំណត់ហេតុកិច្ចប្រជុំ សេចក្តីប្រកាសរួមស្តីកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថាន និងអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញពាណិជ្ជកម្ម។

សូមជម្រាបដែរថា ក្នុងអំឡុងដំណើរទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាននេះ លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានទៅទស្សនកិច្ចវិទ្យាស្ថានបច្ចេកវិទ្យានវានុវត្តន៍ និងមជ្ឈមណ្ឌលបច្ចេកវិទ្យា ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីស្វែងយល់ពីគម្រោងក្នុងវិស័យបញ្ញាសិប្បនិម្មិត ការរចនាគ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យាទីក្រុងឆ្លាតវៃ មនុស្សយន្ត វិស្វកម្មអវកាស ជីវបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ផងដែរ។

យោងតាម Business Recorder ក្នុងឆ្នាំ២០២៥ ប៉ាគីស្ថាន បាននាំចេញទំនិញដែលមានតម្លៃជាង ២៩លានដុល្លារ មកកម្ពុជា ភាគច្រើន គឺជាថ្នាំពេទ្យ។ ចំណែក ទំនិញដែលប៉ាគីស្ថាននាំចូលពីកម្ពុជាវិញ មានតម្លៃតែជាង ៤លានដុល្លារ ប៉ុណ្ណោះ ដែលទំនិញទាំងនោះមានម្សៅកាកាវ និងសម្លៀកបំពាក់៕ ដោយ ៖ ខន ណារី AMS

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា