បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រព័ន្ធ cdcIPM របស់កម្ពុជា ជួយពន្លឿនការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគ និងបង្កើនទំនុកចិត្តដល់វិនិយោគិន

ប្រព័ន្ធ cdcIPM របស់កម្ពុជា ជួយពន្លឿនការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគ និងបង្កើនទំនុកចិត្តដល់វិនិយោគិន

រាជរដ្ឋាភិបាលបន្តពង្រឹងយន្តការច្រកចេញ-ចូលតែមួយ តាមរយៈដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដើម្បីជួយពន្លឿនការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ដោយប្តូរពីការធ្វើលើឯកសាររឹង ទៅជាការធ្វើតាមប្រព័ន្ធឌីជីថលទាំងស្រុង សំដៅធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង និងប្រកបដោយភាពជឿជាក់។

Advertisement

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពូជា (ក.អ.ក.) “នៅក្នុងវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦” កាលពីពេលថ្មីៗនេះ បានថ្លែងថា ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា មានសារៈសំខាន់ក្នុងការចុះបញ្ជីគម្រោងវិនិយោគ ពន្លឿននីតិវិធីផ្តល់សេវាពាក់ព័ន្ធ និងបង្កើនទំនុកចិត្តជូនវិនិយោគិនប្រកបដោយតម្លាភាព ប្រសិទ្ធភាពនិងនិរន្តរភាព។

ឯកឧត្តមអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា អនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តខិតខំកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈជូនវិនិយោគិន តាមរយៈការពង្រឹងសមត្ថភាពមន្រ្តី និងការរៀបចំប្រព័ន្ធ cdcIPM ដែលជាប្រព័ន្ធបច្ចេកវិទ្យាឌីជីលថ្មីមួយ អាចផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា៖

“ប្រព័ន្ធIPMនេះ ជួយពន្លឿនការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ដោយប្តូរពីការធ្វើលើឯកសាររឹង ទៅជាការធ្វើតាមប្រព័ន្ធឌីជីថលទាំងស្រុង កាត់បន្ថយតម្រូវការនៃការជួបផ្ទាល់រវាងវិនិយោគិននិងអ្នកផ្តល់សេវា បង្កើនភាពងាយស្រួលនិងធ្វើឱ្យបរិយា​កាស​វិនិយោគនៅកម្ពុជាកាន់តែទទួលបានទំនុកចិត្តពីវិនិយោគិនមួយកម្រិតថែមទៀត។”

លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ប្រព័ន្ធ cdcIPM គឺជាប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីមួយ ដើម្បីផ្តល់លទ្ធភាពដល់វិនិយោគគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង គ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា មានតម្លាភាព ប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ចសង្គមឌីជីថល។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា cdcIPM គឺជាប្រព័ន្ធមួយដែលបានផ្តល់ភាពងាយស្រួលដល់វិនិយោគិន ដើម្បីកុំឱ្យមានភាពស្មុគស្មាញ និងជួយសម្របសម្រួលដល់វិនិយោគិនក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែងាយស្រួល និងមានទំនុកចិត្តមកវិនិយោគកាន់តែច្រើនបន្ថែមទៀត។

អ្នកឧកញ៉ា បានលើកឡើងថា៖

“ការស្នើសុំតាម cdcIPM រហូតមកដល់ពេលនេះ យើងឃើញថាមានភាពល្អប្រសើរ ថ្វីត្បិតការចុះបញ្ជី មានការរអាក់រអួលខ្លះក៏ដោយ តែយើងបានបំពេញបន្ថែមបានលឿនភ្លាមៗ។ ការចុះបញ្ជីតាមប្រព័ន្ធ cdcIPM នេះ គឺថាបានឃើញតាំងពីឆ្នាំមុនមកការចុះបញ្ជីមានកំណើន រហូតដល់ជាង ៦០០ គម្រោងឯណោះ ដល់អ៊ីចឹងឆ្នាំនេះ ខ្ញុំជឿជាក់ថា តាមរយៈការចុះបញ្ជីនេះក៏ធ្វើឱ្យកម្ពុជាយើងទទួលបានកំណើននៃគម្រោងវិនិយោគថ្មីៗបន្ថែមទៀតផងដែរ។”

អ្នកឧកញ៉ា បានមានប្រសាសន៍ថា ក្រោមការទាក់ម៉ូយរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា កម្ពុជាតែងតែធ្វើវេទិកាធុរកិច្ចនៅតាមបណ្ដាប្រទេសនានា ក៏ដូចជាជួបដៃគូសហព័ន្ធពាណិជ្ជកម្ម ឧស្សាហកម្មនៅក្នុងអាស៊ាន ក៏ដូចជាអាស៊ានបូក ដើម្បីទាក់ម៉ូយមកកាន់កម្ពុជាឱ្យកាន់តែច្រើន។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរកម្ពុជា( TAFTAC) បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ផ្លេតហ្វមអនឡាញនេះ ជួយសម្រួលដល់វិនិយោគិនក្នុងការស្នើសុំការលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP), ការស្នើសុំលើកលែងពន្ធ  គ្រប់គ្រងការអនុម័តគម្រោងកាន់តែមានប្រសិទ្ធភាព និងសម្របសម្រួលជាមួយ CDC។

លោកបានថ្លែងថា៖

“មិនទាន់មានការវាយតម្លៃអំពី IPM នេះទេ។ តែវិស័យឯកជន បាននិងកំពុងតាមដានប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) នេះបន្តទៀត។”

គួរជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបោះជំហានទៅមុខបន្ថែមទៀត លើទំនើបកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់ផ្តល់សេវាសាធារណៈ តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា(ប្រព័ន្ធ cdcIPM)កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ក្នុង​រយៈពេល ​៤ ខែ​ ដើមឆ្នាំ ២០២៦ នេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគ​សរុបចំនួន ១៨៤​ គម្រោង ​ដែលមានទុន​វិនិយោគសរុបប្រមាណ ២,៦ ​ពាន់លានដុល្លារអាម៉េរិក​៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា