កម្ពុជា-សិង្ហបូរី បានប្តេជ្ញាពង្រឹងវិស័យពាណិជ្ជកម្មទ្វេរភាគីឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ខណៈដែលស្ថិតិពាណិជ្ជកម្មរវាងប្រទេសទាំងពីរបង្ហាញនូវសញ្ញាកើនឡើងគួរកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការប្តេជ្ញាពង្រឹងពាណិជ្ជកម្មខាងលើត្រូវបានធ្វើឡើងក្នុងជំនួបរវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ ដែលសបញ្ជាក់ឱ្យឃើញនូវការប្តេជ្ញាចិត្តរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេរភាគី ជាពិសេស វិស័យពាណិជ្ជកកម្មឱ្យកាន់តែល្អប្រសើរ។
ក្នុងជំនួបនៅក្រៅកិច្ចប្រជុំកំពូលនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់អំពីវឌ្ឍនភាពនៃទំនាក់ទំនងជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងការចូលជាធរមាននៃការធ្វើវិសោធនកម្មនៃកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតស៊ីគ្នា និងបង្ការសកម្មភាពកិបកេងបន្លំពន្ធ ពាក់ព័ន្ធពន្ធលើប្រាក់ចំណូល ដែលនឹងរួមចំណែកក្នុងការទាក់ទាញវិនយោគិនសិង្ហបុរី មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
គួររំលឹកថា ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី សម្រេចបានទំហំទឹកប្រាក់ចំនួន ៥៥៥ លានដុល្លារ នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦ កើនឡើងប្រមាណជា ១៩១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីតម្រូវការទំនិញកើនឡើងនៅលើទីផ្សារប្រទេសទាំងពីរ។
អ្នកសេដ្ឋកិច្ចលើកឡើងថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបង្ហាញនូវភាពធន់ និងរក្សាបាននូវកំណើនស្ថេរភាពយូរអង្វែង ខណៈដែលប្រទេសសិង្ហបុរីជាច្រកទ្វារពាណិជ្ជកម្មដ៍សំខាន់របស់កម្ពុជា សម្រាប់នាំទំនិញចេញទៅកាន់ទីផ្សារអន្តរជាតិ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា សិង្ហបុរីមានទីផ្សារតូច និងមានប្រជាជនតិច ប៉ុន្តែសិង្ហបុរីជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៍សំខាន់របស់កម្ពុជា ក្នុងការនាំទំនិញកសិផល និងផលិតផលវាយណភណ្ឌ នាំចេញទៅលក់នៅទីផ្សារសិង្ហបុរីផង និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិថែមទៀតផង។ ទន្ទឹមនឹងនេះ ទំនិញជាច្រើននៅលើទីផ្សារអន្តរជាតិ ក៏ត្រូវបានដឹកជញ្ជូនឆ្លងកាត់ប្រទេសសិង្ហបុរីមកកាន់ទីផ្សារប្រទេសកម្ពុជាផងដែរ។
ការកើនឡើងនូវពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរខាងលើ ត្រូវបានគេមើលឃើញថា បណ្តាលមកពីកម្ពុជាបិទច្រកព្រំដែនសេដ្ឋកិច្ចជាមួយប្រទេសថៃ និងបានសម្រេចឈប់នាំចូលប្រេង ព្រមទាំងទំនិញមួយចំនួនពីប្រទេសថៃ ហើយបានងាកទៅរកការនាំចូលប្រេងពីសឹង្ហបុរីវិញក្រោយពីមានជម្លោះព្រំដែនគិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតមក ។
សូមរំលឹកថា ពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-សិង្ហបុរី នៅក្នុងឆ្នាំ២០២៥ សម្រេចបាន ២,៣៤ ពាន់លានដុល្លារ កើនឡើង ៨៩% ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារប្រទេសសឹង្ហបុរីមានតម្លៃ ៩២០លានដុល្លារ កើនឡើង២០០% និងការនាំចូលទំនិញពីសិង្ហបុរីមកកាន់ទីផ្សារកម្ពុជាមានតម្លៃសរុប ១,៤២ ពាន់លានដុល្លារ កើនឡើង ៥០,៥០%៕