ភ្នំពេញ៖ ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។

ភ្នំពេញ៖ ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។
ដើម្បីគាំទ្រទៅនឹងអាទិភាពនេះ សមាគមធនាគារនៅកម្ពុជា (ABC) កាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ ២០២៦ បានរៀបចំកម្មវិធី “ទិវាសុវត្ថិភាពឌីជីថល” ក្រោមមូលបទ “ការពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថល ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅប្រទេសកម្ពុជា”។ វេទិកានេះ បានប្រមូលផ្តុំអ្នកចូលរួមប្រមាណ ៥០០នាក់ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល និយ័តករ អ្នកជំនាញផ្នែកសន្តិសុខសាប័រ ភ្នាក់ងារអនុវត្តច្បាប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា និងភាគីពាក់ព័ន្ធ។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រតិបត្តិការតាមប្រព័ន្ធឌីជីថល ក៏អាចបង្កើនហានិភ័យនៃការរំខានទៅដល់ប្រព័ន្ធ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត ការក្លែងបន្លំ/ការឆបោក បទល្មើសបច្ចេកវិទ្យា និងការលេចធ្លាយទិន្នន័យផងដែរ។ ឧប្បត្តិហេតុទាំងនេះ អាចបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ ប៉ុន្តែអ្វីដែលផ្តល់ផលប៉ះពាល់ដ៏ធំបំផុតនោះគឺទំនុកចិត្ត។
លោកប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា៖
“ទំនុកចិត្ត គឺជាមូលដ្ឋានគ្រឹះរបស់វិស័យធនាគារ។ ប្រសិនជាទំនុកចិត្តត្រូវបានបំផ្លាញ គឺពិបាកក្នុងការស្តារឡើងវិញណាស់។ ដូច្នេះសុវត្ថិភាពឌីជីថល មិនគ្រាន់តែជាបញ្ហាបច្ចេកវិទ្យាតែមួយមុខប៉ុណ្ណោះនោះទេ ប៉ុន្តែគឺជាការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិករបស់ស្ថាប័នគ្រប់លំដាប់ថ្នាក់។”
ស្របពេលដែលសេដ្ឋកិច្ចឌីជីថលកម្ពុជាបន្តរីកចម្រើន សុវត្ថិភាពឌីជីថល (Cybersecurity) បានក្លាយជាអាទិភាពដ៏សំខាន់សម្រាប់ស្ថិរភាពហិរញ្ញវត្ថុ កិច្ចការពារអ្នកប្រើប្រាស់ និងទំនុកចិត្តផ្នែកសេដ្ឋកិច្ច។ ការពង្រឹងភាពធន់នឹង សាយប័រ ទាមទារឱ្យមានកិច្ចសហការប្រកបដោយនិរន្តរភាពរវាងស្ថាប័នហិរញ្ញវត្ថុ និយ័តករ ភ្នាក់ងារអនុវត្តច្បាប់ អ្នកផ្តល់សេវាបច្ចេកវិទ្យា និងអ្នកប្រើប្រាស់។ តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ កម្ពុជាអាចកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឌីជីថលដែលមានសុវត្ថិភាព ទំនុកចិត្ត និងភាពធន់ជាងមុន។
ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ៥០០នាក់ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័នអនុវត្តច្បាប់ និយ័តករ ស្ថាប័នហិរញ្ញវត្ថុ ដៃគូបច្ចេកវិទ្យា និងសាធារណជន មានសារៈសំខាន់ណាស់ ដើម្បីទប់ស្កាត់ រកឱ្យឃើញ និងឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មតាមអ៊ីនធើណិត។
ថ្លែងសុន្ទរកថាបើកជាផ្លូវការ លោក លន់ សំអុល អគ្គនាយករងត្រួតពិនិត្យ និងជាតំណាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារជាតិនៃកម្ពុជាក្នុងការត្រួតពិនិត្យបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង និងយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថិរភាព ភាពរឹងមាំ និងភាពធន់នៃប្រព័ន្ធធនាគារ។
លោកសំអុល បានបន្តថា៖
“ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ថ្មីៗនៃបច្ចេកវិទ្យា នៅដើមឆ្នាំ២០២៦នេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា និងសាយប័ររបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ហៅកាត់ថា TCRMG 2026 ដែលបានធ្វើបច្ចុប្បន្នកម្មពីសេចក្តីណែនាំចាស់ស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា (TRMG)ឆ្នាំ២០១៩។”
លោកសំអុលបន្តទៀតថា សេចក្តីណែនាំថ្មី មិនត្រឹមតែជាការរឹតបន្តឹងផ្នែកបទប្បញ្ញត្តិនោះទេ ប៉ុន្តែបានដាក់ចេញនូវគោលការណ៍ច្បាស់លាស់ និងតម្រូវការចាំបាច់នានាសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុអនុវត្ត ដើម្បីទប់ស្កាត់ និងកាត់បន្ថយហានិភ័យសាយប័រឱ្យស្ថិតនៅកម្រិតទាបំផុត តាមរយៈការវាយតម្លៃហានិភ័យប្រចាំ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធការពារ និងការរៀបចំផែនការឆ្លើយតបពេលមានឧប្បត្តិហេតុ។
ព្រឹត្តិការណ៍នេះ ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ក្នុងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ក្នុងការដោះស្រាយហានិភ័យតាមអ៊ីនធើណិត និងគាំទ្ររបៀបវារៈបរិវត្តកម្មឌីជីថលដ៏ទូលំទូលាយរបស់កម្ពុជា។ ការពិភាក្សាបានផ្តោតលើមូលដ្ឋានគ្រឹះសន្តិសុខសាយប័រ ទិដ្ឋភាពនៃការគំរាមកំហែងដែលកំពុងវិវឌ្ឍន៍ ក្របខណ្ឌបទប្បញ្ញត្តិ ការការពារទិន្នន័យ ការការពារការក្លែងបន្លំ បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយស្ថាប័នហិរញ្ញវត្ថុរកឃើញ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧប្បត្តិហេតុសាយប័រកាន់តែមានប្រសិទ្ធភាព។
លោក Sharad Jain នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ នៃក្រុមហ៊ុន Mastercardបានថ្លែងថា៖ សុវត្ថិភាពឌីជីថល គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្តក្នុងសេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ន។ នៅពេលដែលសេវាហិរញ្ញវត្ថុកាន់តែមានភាពប្រទាក់ក្រឡាគ្នា ភាពធន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីគឺចាំបាច់បំផុត ដើម្បីការពារអ្នកប្រើប្រាស់ អាជីវកម្ម និងស្ថាប័ន។
លោក Sharad Jain បានបន្តថា តាមរយៈការបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនៅកម្ពុជា ក្រុមហ៊ុន Mastercard ប្តេជ្ញាពង្រឹងភាពធន់ តាមរយៈការពង្រឹងសមត្ថភាព និងគាំទ្រកិច្ចសហការអន្តរវិស័យ។ ជាចុងក្រោយ នេះជួយកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឌីជីថលឱ្យកាន់តែមានសុវត្ថិភាព និងភាពធន់ជាងមុន ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវទំនុកចិត្តកាន់តែខ្លាំងលើការទូទាត់តាមប្រព័ន្ធឌីជីថល។
ទិវាសុវត្ថិភាពឌីជីថលឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់សុវត្ថិភាព និងភាពធន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ដោយធានាថានវានុវត្តន៍ និងបរិវត្តកម្មឌីជីថលត្រូវបានគាំទ្រដោយកិច្ចសហការយ៉ាងរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការពារអ្នកប្រើប្រាស់ និងរក្សាទំនុកចិត្ត៕
