ភ្នំពេញ ៖ ការនាំចូលទំនិញពីប្រទេសថៃមកកាន់កម្ពុជាក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥កន្លងទៅ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ ធ្លាក់ចុះប្រមាណ ៤២,៤ភាគរយ ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ការធ្លាក់ចុះនៃការនាំចូលទំនិញពីប្រទេសថៃចូលមកកម្ពុជា បានចាប់ផ្ដើមតាំងពីមានជម្លោះព្រំដែនរវាងប្រទេសទាំងពីរ រហូតដល់ផ្ទុះសង្គ្រាមប្រដាប់អាវុធដាក់គ្នាចំនួន២លើក ដែលធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុងប្រទេសនិងក្រៅប្រទេស ប្តេជ្ញាធ្វើពហិការឈប់ប្រើប្រាស់ទំនិញរបស់ថៃ ។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា៖ ក្រោយកម្ពុជាកាត់បន្ថយការនាំចូលទំនិញពីថៃ បច្ចុប្បន្ននេះទំនិញដែលមានក្នុងទីផ្សារសម្រាប់បំពេញតម្រូវក្នុងស្រុកគឺភាគច្រើនជាផលិតផលរបស់ខ្មែរ និងមួយចំនួនទៀតនាំចូលពីវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសក្នុងតំបន់ផ្សេងទៀត។
ឯកឧត្តមបានបន្តលើកឡើងថា៖ ប្រេង និងឧស្ម័ន ត្រូវបាននាំមកពីវៀតណាម និងសិង្ហបុរី បន្ទាប់ពីឈប់នាំចូលពីថៃ រីឯគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងទៀត បាននាំចូលពីបណ្តាប្រទេសក្នុងតំបន់ ដូចជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម។
ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ក្រោយមានបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជាបន្តនាំចូលទំនិញមួយចំនួនពីប្រទេសថៃ ប៉ុន្តែចំពោះតែទំនិញណាដែលចាំបាច់បំផុត និងជាតម្រូវការសម្រាប់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្មប៉ុណ្ណោះ ដូចជាគ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត សម្រាប់ដំណើរការផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា។ ចំណែកផលិតផលប្រើប្រាស់ ឬចំណីអាហារ បន្លែ ផ្លែឈើ សាច់ ប្រេងឥន្ធនៈ ដែលធ្លាប់នាំចូលពីថៃនាពេលកន្លងមកនោះ កម្ពុជាបានបិទការនាំចូលចាប់តាំងពីប្រទេសថៃបានបិទច្រកព្រំដែនដោយឯកតោភាគីមកម្ល៉េះ» ។
អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ឌុច ដារិន្ទ បានគូសបញ្ជាក់ថា ការនាំចូលទំនិញពីសិង្ហបុរីមកកម្ពុជា មានកំណើនយ៉ាងគំហុកនៅមួយរយៈពេលចុងក្រោយនេះ គឺត្រូវបានជំរុញដោយកំណើនខ្ពស់នៃការនាំចូលប្រេងឥន្ទនៈ និងវត្ថុធាតុដើមមួយចំនួន ដែលគាំទ្រដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងជាសញ្ញានៃការពង្រីកសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ចំពោះអនាគតនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ អ្នកជំនាញរូបនេះជឿជាក់ថា នឹងបន្តមានកំណើនវិជ្ជមានបន្ថែមទៀត ដ្បិតប្រទេសទាំងពីរស្ថិតក្រោមកិច្ចព្រមព្រៀង RCEP រួមគ្នា ដែលផ្តល់ភាពអនុគ្រោះពាណិជ្ជរវាងគ្នាទៅវិញទៅមក ក្នុងនោះទំនិញកម្ពុជាដែលមានសក្តានុពលខ្ពស់ក្នុងការនាំចេញទៅកាន់សិង្ហបុរី មានដូចជា អង្ករ កសិកម្មកែច្នៃ ផលិតផលកាត់ដេរ និងគ្រឿងបង្គុំអេឡិចត្រូនិកជាដើម ខណៈការផ្គត់ផ្គង់ពីសិង្ហបុរី មកកម្ពុជាវិញ មានដូចជាវត្ថុធាតុដើម បច្ចេកវិទ្យា និងសេវាហិរញ្ញវត្ថុជាដើម។
គួរជម្រាបថា ៖ ចាប់តាំងពីមានជម្លោះព្រំដែនជាមួយប្រទេសថៃ ហើយឈានដល់ការបិទព្រំដែនគោកជាឯកតោភាគីពីប្រទេសថៃ កម្ពុជាបានបង្វែរការនាំចូលទំនិញពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ធ្វើឱ្យកំណើននៃការនាំចូលទំនិញពីប្រទេសទាំងពីរនេះមានអត្រាកំណើនខ្ពស់ ជាក់ស្ដែង ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ កំណើននៃការនាំចូលទំនិញពីសិង្ហបុរីកើនឡើងដល់ ២០៥,៩% ខណៈការនាំចូលពីប្រទេសម៉ាឡេស៊ីមានកំណើន ៤៩,៦% ។ នេះបើតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
យោងតាមរបាយការណ៍ដដែលនេះបានបង្ហាញថា ទំហំទឹកប្រាក់នៃការនាំចូលទំនិញពីសិង្ហបុរីបានកើនឡើងពី ១៧៥លានដុល្លារអាម៉េរិក នៅត្រីមាសទី១ ឆ្នាំ២០២៥ ដល់ ៥៣៧លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ខណៈការនាំចូលពីទំនិញពីប្រទេសម៉ាឡេស៊ី ក៏បានកើនឡើងពី ២១២លានដុល្លារអាម៉េរិកក្នុងត្រីមាសទី១ឆ្នាំ២០២៥ ដល់ ៣១៧លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី១ឆ្នាំ២០២៦នេះ ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMS Economy ថា៖ ការលើកកម្ពស់ផលិតផលក្នុងស្រុក និងការប្រើប្រាស់ក្នុងស្រុកក្នុងស្មារតីជាតិនិយមនេះ វាជាផលល្អមួយសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់យើងដែលកំពុងផលិត។
អ្នកឧកញ៉ា បានលើកឡើងថា៖
«តាំងពីយើងបិទព្រំដែនមក អាហ្នឹងគឺឱកាសដើម្បីលើកកម្ពស់ និងជំរុញការផលិតសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកហ្នឹងឯង។ ដូច្នេះ ស្នើសុំអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ក៏ដូចជាការជួញដូរជាប្រាក់រៀលក្នុងស្រុករបស់យើងហ្នឹង»។
អ្នកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្តលើកឡើងថា៖ កន្លងមកនៅតាមតំបន់ព្រំដែនដែលប្រើប្រាស់ប្រាក់ថៃ ឥឡូវប្រែមកប្រើប្រាស់ប្រាក់រៀលវិញ ដូច្នេះវាមិនត្រឹមតែជួយលើកតម្កើងផលិតផលម្ហូបអាហារ និងរបស់ប្រើប្រាស់នោះទេ សូម្បីតែរូបិយវត្ថុរបស់ជាតិ ក៏ត្រូវបានលើកតម្កើង និងជំរុញការប្រើប្រាស់ក្នុងស្រុកផងដែរ។ ការគាំទ្រផលិតផលក្នុងស្រុកមិនត្រឹមតែជាការជំនួសផលិតផលថៃនោះទេ ប៉ុន្តែថែមទាំងជំនួសផលិតផលដែលនាំចូលភាគច្រើនពីបណ្តាប្រទេសផ្សេងៗ ។ ខ្មែរត្រូវនាំគ្នាលើកទឹកចិត្តគ្នា ដើម្បីប្រើផលិតផលក្នុងស្រុកឱ្យបានកាន់តែផុសផុល។
លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាស ធុនតូច និងមធ្យម កម្ពុជា (FASMEC) បានលើកឡើងនៅក្នុងពិព័រណ៍ផលិតផលខ្មែរ និងម៉ាកសញ្ញាខ្មែរនាពេលថ្មីៗនេះថា៖
«កាលពីមិនទាន់មានបញ្ហាព្រំដែនកម្ពុជា-ថៃ ផលិតផលខ្មែរមានចំណែកនៅលើទីផ្សារត្រឹមតែប្រមាន២ភាគរយប៉ុណ្ណោះ ប៉ុន្តែក្រោយមានចលនាធ្វើពហិកាមិនប្រើផលិតផលថៃចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក បានធ្វើឱ្យសន្ទុះនៃការគាំទ្រមកលើផលិតក្នុងស្រុកកើនឡើងយ៉ាងខ្លាំងរហូតអាចកាន់កាប់បានចំណែកទីផ្សារប្រមាណជាង ៣០ភាគរយ»។
លោកឧកញ៉ាបានបន្តថា ៖ បច្ចុប្បន្ននេះ បងប្អូនប្រជាជនខ្មែរភាគច្រើនបានងាកមកគាំទ្រផលិតផលខ្មែរច្រើន ខណៈដែលអ្នកផលិតក៏ខិតខំបង្កើនការផលិតដូចគ្នា។ ជាក់ស្ដែង ផលិតផលដែលកំពុងចរាចរនៅលើទីផ្សារគឺមានរាប់រយ និងឈានជិតដល់ពាន់ប្រភេទ ទាំងប្រភេទផលិតផលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសផលិតផលក្នុងឧស្សាហកម្មចំណីអាហារដែលជាមុខទំនិញអាទិភាព៕