ភ្នំពេញ ៖ រោងចក្រផ្គុំដំឡើងទោចក្រយានយន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត ( កង់បី ) មួយកន្លែង ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចជាស្ថាពរចុះបញ្ជីវិនិយោគជាគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យក្រុមហ៊ុនអាចធ្វើសកម្មភាពវិនិយោគរបស់ខ្លួនបាន ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការវិនិយោគកម្ពុជានាពេលថ្មីៗនេះ ។
យោងតាមគណៈកម្មាធិការវិនិយោគកម្ពុជាឱ្យដឹងថា រោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តនេះ មានទុនវិនិយោគប្រមាណ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៨៤កន្លែង ស្ថិតនៅក្នុងតាមបណ្ដោយផ្លូវបេតុងមួយកន្លែងក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានចាត់ទុកជារោងចក្រដំបូងដែលផ្គុំ និងដំឡើងត្រីចក្រយានយន្ត ជាពិសេសកង់បីឥណ្ឌា ដែលបងប្អូនពលរដ្ឋនិយមហៅថាផាស់អាប់ ។
ការវិនិយោគលើរោងចក្រផ្គុំដំឡើងម៉ូតូ និងកង់បី ជាពិសេសលើកង់បីឥណ្ឌា ដែលជាគម្រោងដំបូងនៅកម្ពុជានេះ នឹងធ្វើឱ្យកម្ពុជាកាត់បន្ថយការនាំចូលកង់បីបានមួយកម្រិត អាចធ្វើឱ្យតម្លៃកង់បីលក់នៅលើទីផ្សារទាបជាងមុន សម្រួលដល់អ្នកប្រើប្រាស់ដែលចាំបាច់ ជាពិសេសអាចបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុកដើម្បីរកចំណូលបានបន្ថែមផងដែរ ។
សម្រាប់ទីតាំងក្នុងខណ្ឌដង្កោដែលក្រុមហ៊ុនវិនិយោគលើរោងចក្រដំឡើងម៉ូតូ និងកង់បីជ្រើសរើសនេះ ក្នុងមួយរយៈចុងក្រោយនេះ ឃើញថាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដោយមានសក្ដានុពលខ្លាំងលើវិស័យឧស្សាហកម្ម ។ ជាក់ស្ដែងក្នុងតំបន់ខណ្ឌដង្កោនាពេលបច្ចុប្បន្ននេះ កំពុងមានការរីកលូតលាស់ជាបន្តបន្ទាប់នូវវត្តមានរោងចក្រ សហគ្រាស លំនៅឋាន និងកំពុងក្លាយជាតំបន់ពាណិជ្ជកម្ម ជាមួយវត្តមានផ្សារទំនើបតូចធំបោះទីតាំងក្នុងតំបន់នេះជាបន្តបន្ទាប់។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍លើកឡើងថា ខណ្ឌដង្កោជាតំបន់ដែលមានការចាប់អារម្មណ៍មួយក្នុងចំណោមតំបន់ជាយក្រុងភ្នំពេញ ។ តំបន់នេះ មានការអភិវឌ្ឍច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះទៅលើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ និងភ្លើងអគ្គិសនី ដែលកាន់តែធ្វើឱ្យមានការទាក់ទាញខ្លៃង ទាំងអ្នកវិនិយោគ និងប្រជាពលរដ្ឋចូលទៅរស់នៅក្នុងតំបន់នេះ។
លោកថា ភាពទាក់ទាញរបស់ខណ្ឌដង្កោរ កើតមានបន្ទាប់ពីរាជរដ្ឋាភិបាលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់តភ្ជាប់ចេញពីតំបន់រាជធានីភ្នំពេញ ដូចជា ផ្លូវ៦០ម៉ែត្រ ផ្លូវក្រវាត់ក្រុងទី២ និងក្រវាត់ក្រុងទី៣ ជាដើម ។ ក្រៅពីនេះក៏មានផ្លូវបេតុងថ្មីៗជាច្រើនខ្សែ តភ្ជាប់ទៅកាន់ផ្លូវធំៗ សំខាន់ៗ ដែលជួយសម្រួលដល់ការដឹកជញ្ជូនចេញ និងចូលរោងចក្រសម្រាប់ដំណើរការផលិត ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ១០៥គម្រោង និងមានទុនវិនិយោគប្រមាណ ៩៦៦លានដុល្លារអាម៉េរិក អាចបង្កើតការងារបានសរុបចំនួនជិត ៤ម៉ឺននាក់ ៕