បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា នឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជាឆ្នាំ​២០២៦ ជួយលើកកម្ពស់ SME និងបង្កើនភាពប្រកួតប្រជែង

កម្ពុជា នឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជាឆ្នាំ​២០២៦ ជួយលើកកម្ពស់ SME និងបង្កើនភាពប្រកួតប្រជែង

ភ្នំពេញ៖ កម្ពុជា នឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ ដែលនឹងផ្តល់ជាវេទិកាអន្តរជាតិដំបូងបង្អស់នៅកម្ពុជា សម្រាប់ឧស្សាហកម្មកែច្នៃអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងការផ្គូរផ្គងពាណិជ្ជកម្មក្នុងវិស័យនេះ។

Advertisement

ពាក់ព័ន្ធនឹងការរៀបចំពិព័រណ៍លំដាប់អន្តរជាតិនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រុមហ៊ុន Informa Markets ដឹកនាំដោយ លោក Gerard Leeuwenburgh ប្រធានតំបន់ប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា បានជួបពិភាក្សាគ្នាអំពីកិច្ច​សហការ​លើការរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា​ ឆ្នាំ២០២៦។ ក្រុមហ៊ុន Informa Markets គឺជាផ្នែកមួយនៃ Informa PLC ដែលជាក្រុមហ៊ុនរៀបចំ​ពិព័រណ៍៍ឈានមុខ​មួយលើពិភពលោក ដោយមានបុគ្គលិករាប់ពាន់នាក់ និងមានប្រតិបត្តិការពិព័រណ៍ជាមួយក្រុមហ៊ុន និងម៉ាកយីហោអន្តរជាតិជាច្រើន។

ក្នុងជំនួបនោះ លោក Leeuwenburgh បានបង្ហាញអំពីគម្រោងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា​ ឆ្នាំ២០២៦ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ ជាវេទិកាអន្តរជាតិ​ដំបូងបង្អស់​នៅកម្ពុជា សម្រាប់ឧស្សាហកម្មកែច្នៃអាហារ បច្ចេក​វិទ្យាវេចខ្ចប់ និងការផ្គូរផ្គងពាណិជ្ជកម្មក្នុងវិស័យ។

លោក Leeuwenburgh បានលើកឡើងថា៖ ក្រុមហ៊ុនមានបំណងវិនិយោគរយៈពេលវែងនៅ​កម្ពុជា និងផ្សារភ្ជាប់គោលនយោបាយរាជរដ្ឋាភិបាលជាមួយនឹងធុរកិច្ច តាមរយៈពិព័រណ៍។ ជាមួយគ្នានេះ ក៏ស្នើសុំការគាំទ្រពីក្រសួង ដើម្បីពង្រឹងទំនុកចិត្ត និងកាន់តែទាក់ទាញក្រុមហ៊ុនផ្តល់បច្ចេកវិទ្យាអន្តរ​ជាតិ​មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដោយលើកឡើងថា ពិព័រណ៍​នេះ​ស្របនឹងរបៀបវារៈជំរុញការធ្វើទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា។ ក្រសួងគាំទ្រគ្រប់វេទិកាដែលជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា លើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញនៃឧស្សាហកម្មកែច្នៃអាហារ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបញ្ចូលបច្ចេកវិទ្យាវេចខ្ចប់ និងដំណោះស្រាយដែលឆ្លើយ​តបនឹងតម្រូវការជាក់ស្តែងរបស់ផលិតករក្នុងស្រុក ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម។ សម្រាប់ព្រឹត្តិការណ៍ជាតិសំខាន់ៗដែលក្រសួងគ្រោងនឹងរៀបចំនាពេលខាងមុខនេះ រួមទាំង ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ និង ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាការបំពេញបន្ថែមដ៏ល្អសម្រាប់គោលដៅនៃកម្មវិធីពិព័រណ៍របស់ក្រុមហ៊ុន។

សូមជម្រាបដែរថា ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហការសម្របសម្រួល និងកៀរគរការចូលរួមរបស់វិស័យឯកជន ដើម្បី​ធានាថា ព្រឹត្តិការណ៍នេះនឹងរួមចំណែកសំខាន់ដល់បរិវត្តកម្មឧស្សាហកម្មអាហាររបស់កម្ពុជា៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា