តូក្យូ ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំប្រកបដោយបរិយាបន្ន និងមានចីរភាព។ ខ្លឹមសារដ៏មានសារៈសំខាន់ទាំងនេះ ត្រូវបានលើកឡើងដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោក នៅក្រៅវេទិកា Nikkei Forum លើកទី៣១ ទឹកដីប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
យុទ្ធសាស្រ្តអាទិភាពទាំង ០៦ ដើម្បីកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិន រួមានដូចជា ទី១.ការបង្ហាញពីស្ថិរភាពនយោបាយ និងការពង្រឹងភាពជឿជាក់របស់កម្ពុជា ទី២.ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើយន្តការច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់ ទី៣.យុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡា និងការធ្វើឱ្យប្រសើរឡើងនូវវិស័យភស្តុភារកម្មជាតិ សំដៅឱ្យមានភាពប្រកួតប្រជែងខ្ពស់ ទី៤.ច្បាប់ស្តីពីវិនិយោគដែលមានភាពបើកចំហ និងការយកចិត្តទុកដាក់ខ្ពស់ដល់វិនិយោគិន ទី៥.ការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការផ្តល់សេវាថែទាំគាំទ្រវិនិយោគ តាមយៈយន្តការនានាដែលបានដាក់ចេញ និងទី៦.ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញពីការគាំទ្រទៅនឹងយុទ្ធសាស្រ្តខាងលើ ដែលជាការកែទម្រង់ដ៏ស៊ីជម្រៅក្នុងការទាក់ទាញអ្នកវិនិយោគថ្មី និងរក្សាអ្នកវិនិយោកចាស់ដែលមានស្រាប់។
អ្នកឧកញ៉ាបានមានប្រសាសន៍ដូច្នេះថា ៖
«អ្វីដែលសំខាន់គឺលើមន្រ្តីអ្នកអនុវត្តច្បាប់ហ្នឹងស្មោះត្រង់ ឬអត់ ពេលខ្លះការបង្កើតច្បាប់ក៏ជាការបង្កើតបញ្ហាសម្រាប់មន្រ្តីដែលគាត់ចុះទៅអនុវត្តច្បាប់ វាទៅជាការកោសរូសទៅវិញ …និយាយឱ្យចំ គឺមន្រ្តីឆ្លៀតឱកាស»។
លោកបណ្ឌិត យ៉ង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា យុទ្ធសាស្រ្តថ្មីខាងលើគឺជាយន្តការដ៏សំខាន់ ប្រកបដោយភាពទាក់ទាញទៅដល់វិនិយោគិនបរទេស សម្រាប់ចូលមកវិនិយោគបន្ថែមទៀតនៅកម្ពុជា។
លោកថា ៖
«សម្រាប់ការជ្រើសយកយន្តការរដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ ការកសាងហេដ្ឋារចនាសម្ព័ន្ខ គឺជាយន្តការដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនយោគ ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវធានាដល់នីតិរដ្ឋ និងយុត្តិធម៌សង្គមដើម្បីផ្តល់ទំនុកចិត្ត ប្រកបដោយភាពជឿជាក់ទៅដល់វិនិយោគគិនបន្ថែមទៀត ជាពិសេស ការបង់ពន្ធលើការវិនិយោគ… ច្រកចេញចូលតែមួយ នៅតែមានភាពរអ៊ូរទាំនៅឡើយ»។
ទោះយ៉ាងនេះក្តី អ្នកជំនាញខាងលើអះអាងថា ដោយសារការតាមដានត្រួតពិនិត្យ និងការអនុវត្តច្បាប់ដោយប្រសិទ្ធភាព លុបបំបាត់មន្រ្តីខិលខូច និងការដាក់ចេញនូវច្បាប់វិនិយោគថ្មីៗ បានដើរតួនាទីយ៉ាងសំខាន់ ដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋ អ្នកវិនិយោគ និងសេដ្ឋកិច្ចសង្គមទាំងមូល។
វិស័យសំខាន់ៗដែលកម្ពុជាលើកទឹកចិត្តដល់វិនិយោគិនបរទេស ចូលមកសិក្សាស្វែងយល់ដោយផ្ទាល់ពីសក្តានុពលរបស់កម្ពុជា សម្រាប់ការវិនិយោគលើវិស័យឧស្សាហកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់រួមមាន ឧស្សាហកម្មកែច្នៃកសិផល និងចំណីអាហារ, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល, និងការអភិវឌ្ឍបៃតង ជាដើម។
យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ១៤៦ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ខណៈសម្រាប់តែខែឧសភា ប៉ុណ្ណោះ មានគម្រោងវិនិយោគចំនួន ៤៧ ត្រូវបានចុះបញ្ជី និងអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានទុនវិនិយោគសរុបប្រមាណ ៥៧០លានដុល្លារ និងអាចបង្កើតឱកាសការងារបានរហូតដល់ប្រមាណ ២៦ពាន់កន្លែង៕