កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល។
ថ្លែងនៅក្នុងកិច្ចសន្ទនាទស្សនាវដ្តីពិភពលោកសហសម័យកម្ពុជា (Contemporary World Cambodia Magazine Dialogue 2026) នៅភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) បានមានប្រសាសន៍ថា កម្ពុជាកំពុងពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និងរក្សាការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងអំឡុងពេលសេដ្ឋកិច្ចសកលកំពុងមានការប្រែប្រួលខ្លាំងឡើង។
ឯកឧត្តម រដ្ឋមន្ត្រី បានព្រមានថា សង្គ្រាម-ជម្លោះដែលកំពុងកើតឡើង ការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល កំពុងបង្កើតសម្ពាធកាន់តែខ្លាំងឡើងលើការវិនិយោគ ពាណិជ្ជកម្ម និងស្ថិរភាពសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
ឯកឧត្តម សុខ សូកេន បានមានប្រសាសន៍ថា៖ “សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា កម្ពុជា, បញ្ហាទាំងនេះគឺជារឿងដែលត្រូវយកចិត្តទុកដាក់”។ ឯកឧត្តមបានកត់សម្គាល់ថា អស្ថិរភាពសកលបានរួមចំណែកដល់ការកើនឡើងនៃថ្លៃដើម ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមចំពោះការអភិវឌ្ឍរយៈពេលវែង។
ឯកឧត្តម រដ្ឋមន្ត្រី បាននិយាយថា កម្ពុជាបានបន្តកំណែទម្រង់ និងទំនើបកម្មសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលផ្តោតលើភាពរីកមច្រើន ការប្រកួតប្រជែង និងការអភិវឌ្ឍស្ថាប័ន។ ឯកឧត្តម បានបន្ថែមថា កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះការធ្វើសមាហរណកម្មក្នុងតំបន់ និងអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ ខណៈពេលដែលខ្លួនរក្សាបានស្ថិរភាពនយោបាយ និងពង្រឹងភាពធន់សេដ្ឋកិច្ចជាតិ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសន្ទនារវាងមហាអំណាច ក្នុងការរក្សាទំនុកចិត្តសេដ្ឋកិច្ច ដោយសំដៅទៅលើកិច្ចប្រជុំថ្មីៗនេះ រវាងលោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ ថាជាសញ្ញាវិជ្ជមានសម្រាប់ស្ថិរភាពក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម រដ្ឋមន្ត្រី បានចង្អុលបង្ហាញបន្ថែមទៀតអំពីនវានុវត្តន៍បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ជាម៉ាស៊ីនសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត ដោយលើកឡើងពីការវិនិយោគលើថាមពលកកើតឡើងវិញ យានយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅទូទាំងអាស៊ី។
ឯកឧត្តម រដ្ឋមន្ត្រីបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមដែលភ្ជាប់ទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន អាចជួយធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ក្នុងតំបន់ និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងពេលជាមួយគ្នានេះ ឯកឧត្តម សុខ សូកេន បានព្រមានថា ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការឆបោកតាមអ៊ីនធឺណិត កំពុងក្លាយជាការគំរាមកំហែងធ្ងន់ធ្ងរកាន់តែខ្លាំងឡើងចំពោះវិស័យសេដ្ឋកិច្ច និងទំនុកចិត្តរបស់វិនិយោគិន ដោយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តការរួមគ្នាជាលក្ខណៈអន្តរជាតិ និងការចែករំលែកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ចប់ប្រសាសន៍ ដោយជំរុញឱ្យប្រទេសនានាផ្តល់អាទិភាពដល់កិច្ចពិភាក្សាតាមផ្លូវការទូត ជាជាងការប្រឈមមុខដាក់គ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមគ្នា នៅក្នុងស្ថានភាពពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា៕