មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) នៃសាធារណរដ្ឋកូរ៉េ ពិនិត្យលទ្ធភាពជំរុញ និងផ្សព្វផ្សាយទៅកាន់បណ្តាសហគ្រាស ដែលមានសក្តានុពលឱ្យមកវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា ស្ថិតក្នុងបរិការណ៍មិនប្រាកដប្រជានៃពិភពលោកនាពេលបច្ចុប្បន្ន ការធានាបាននូវស្ថិរភាពស្បៀង គឺជាកត្តាចាំបាច់បំផុត ហើយវិស័យនេះជាវិស័យដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគនៅកម្ពុជា។ មួយវិញទៀត វិនិយោគិនកូរ៉េ អាចពិចារណាវិនិយោគក្នុងការកែច្នៃកសិផលកម្ពុជា ធ្វើជាម្ហូបអាហារបែបកូរ៉េ និងវត្ថុអនុស្សាវរីយ៍បែបកូរ៉េ ដែលការណ៍នេះក៏នឹងជួយទាក់ទាញទេសចរកូរ៉េមកកម្ពុជាផងដែរ។
ឯកឧត្តមអគ្គលេខាធិការក៏បានលើកទឹកចិត្តដល់វិនិយោគិនកូរ៉េ ពិចារណាបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-កូរ៉េ សម្រាប់ទាក់ទាញកន្សោមឧស្សាហកម្មជាក់លាក់ណាមួយ។
ឯកឧត្តមបានថ្លែងប្រាប់គណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon នៅក្នុងជំនួប កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយវិនិយោគដែលមានភាពអនុគ្រោះខ្ពស់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការពង្រឹងសុវត្ថិភាពសាធារណៈ។
ដោយឡែកពាក់ព័ន្ធនឹងការគាំទ្រដល់វិនិយោគិន ឯកឧត្តមបានលើកឡើងពីប្រសិទ្ធភាពនៃយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េ ដែលជាវេទិកាដ៏មានសារៈសំខាន់ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវភាពជោគជ័យ និងទំនុកចិត្តរបស់វិនិយោគិនក្នុងធុរកិច្ចនៅកម្ពុជា។
លោក Joo Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) បានសម្តែងការចាប់អារម្មណ៍ខ្ពស់ចំពោះកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ពីបំណងក្នុងការជំរុញឱ្យសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់អំពីទីផ្សារកម្ពុជា និងពង្រីកសកម្មភាពវិនិយោគនៅក្នុងវិស័យដែលមានសក្តានុពល។ លោកបានសង្កត់ធ្ងន់ថា វត្តមានផ្ទាល់របស់គណៈប្រតិភូនាពេលនេះ នឹងជួយបំភ្លឺនូវរាល់មន្ទិលសង្ស័យ និងព័ត៌មានមិនច្បាស់លាស់នានាដែលបានកើតឡើងកន្លងមក។
លើសពីនេះលោកបានសន្យានឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីភាពរីកចម្រើន និងកិច្ចសម្របសម្រួលដ៏ប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណជន និងវិស័យឯកជនកូរ៉េ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ទន្ទឹមនេះ សមាជិកគណៈប្រតិភូក៏បានលើកឡើងពីការកត់សម្គាល់ឃើញនូវការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាមួយនឹងការរក្សាបាននូវស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពជូនដល់វិនិយោគិន។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្ពុជាគឺជាគោលដៅដ៏ប្រសើរសម្រាប់វិនិយោគិនបរទេស ពិសេស កូរ៉េខាងត្បូង ដែលមានបំណងស្វែងរកទីផ្សារទូលំទូលាយ គោលនយោបាយអំណោយផល និងកំណើនសក្តានុពល។ រដ្ឋាភិបាលកម្ពុជាលើកកម្ពស់ ការពារ ថែទាំ និងលើកទឹកចិត្ត វិនិយោគិន។
អ្នកឧកញ៉ា បានលើកឡើងថា៖
“កម្ពុជា និងកូរ៉េ មានទំនាក់ទំនងល្អ និងជាដៃគូពាណិជ្ជកម្មមួយដ៏សំខាន់របស់កម្ពុជា ហើយគោលបំណងចង់មកវិនិយោគទុនរបស់វិនិយោគិនកូរ៉េនេះ ជាឱកាសដ៏ល្អក្នុងការពង្រឹងវិស័យពាណិជ្ជកម្មប្រទេសទាំងពីរ។”
គួររំលឹកផងដែរថា ប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (Cambodia-Korea Free Trade Agreement – CKFTA) ដែលជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រចូលជាធរមានកាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ សម្រេចបានជាង ៨៣ លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០២៦ កើនឡើង ១៧,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េមានតម្លៃជាង ៣៤ លានដុល្លារ កើនឡើង ២៣,៥ ភាគរយ ចំណែកកូរ៉េនាំចូលមកវិញមានតម្លៃ ៤៩ លានដុល្លារ កើនឡើង ១៣,៨ ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។