ភ្នំពេញ៖ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក កំពុងស្ថិតក្នុងចលនការជាវិជ្ជមានយ៉ាងខ្លាំងក្លា ដោយឆ្លុះបញ្ចាំងតាមរយៈវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលបានក្លាយជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
នៅក្នុងពិធីអបអរសាទរខួបលើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាម៉េរិក ដែលបានប្រារព្ធឡើងនៅសាលមហោស្រពកោះពេជ្រកាលពីពេលថ្មីៗនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក និងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការកសាងភាពជាដៃគូដ៏រឹងមាំ ដោយឈរលើគោលការណ៍ផលប្រយោជន៍ទៅវិញទៅមក ការគោរព និងការជឿទុកចិត្តគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កិច្ចព្រមព្រៀងបើកចំហជើងមេឃ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការលើគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ជាការបើកមាគ៌ាថ្មីមួយដល់ប្រទេសទាំងពីរ ក្នុងការកសាងភាពជាដៃគូ ប្រកបដោយជវភាព និងការផ្តល់ផលប្រយោជន៍រួម។
យោងតាមទិន្នន័យផ្លូវការអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) និងក្រសួងពាណិជ្ជកម្ម ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានបង្ហាញពី កំណើនគួរឱ្យកត់សម្គាល់ ដែលជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ រុញច្រានចលនការវិជ្ជមាននៃប្រទេសទាំងពីរ។
ទិន្នន័យស្ថិតិប្រចាំឆ្នាំ២០២៥ បង្ហាញថា ពាណិជ្ជកម្មទ្វេភាគីសរុបសម្រេចបាន ១៣.១៤ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៩.២៤% ធៀបនឹងឆ្នាំ២០២៤ (ដែលមានត្រឹមតែ ១០.១៧ ពាន់លានដុល្លារ)។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅអាម៉េរិកមានតម្លៃ ១២.៧៣ ពាន់លានដុល្លារអាម៉េរិក (កើនឡើង ២៨.៤៨%)។ ទំហំនេះស្មើនឹងប្រមាណ ៤២% នៃការនាំចេញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ការនាំចូលរបស់កម្ពុជាពីអាម៉េរិកមានតម្លៃជាង ៤១៧ លានដុល្លារអាម៉េរិក (ឡើងដល់ ៥៧.៨៣% ធៀបនឹងឆ្នាំមុន)។
ដោយឡែក នៅត្រីមាសទី១ ឆ្នាំ២០២៦ និន្នាការវិជ្ជមាននៅតែបន្តកើនឡើងយ៉ាងគំហុកនៅក្នុងឆ្នាំ២០២៦ ដោយទំហំពាណិជ្ជកម្មក្នុងត្រីមាសទី១ (មករា-មីនា ២០២៦) សម្រេចបាន ៣.៤៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ៤០% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ (ដែលមាន ២.៥ ពាន់លានដុល្លារ)៕