កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។
កម្ពុជា តែងតែគាំទ្រជានិច្ចនូវការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា វិធីសាស្ត្រការទូត និងការគោរពគ្នាទៅវិញទៅមក។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា កម្ពុជា សង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងត្រូវបានអនុវត្តប្រកបដោយសុច្ឆន្ទៈ និងនាំទៅរកសន្តិភាពយូរអង្វែង និងប្រកបដោយចីរភាព។
សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានឈានដល់ការចុះកិច្ចព្រមព្រៀងបឋមកាលពីពុធ ទី ១៧ ខែមិថុនា នៅទីក្រុងប៉ារីស៍ ប្រទេសបារាំង ដោយបានព្រមព្រៀងគ្នាចំនួន ១៤ចំណុច។ ក្នុងនោះរួមមានការបញ្ឈប់សកម្មភាពយោធា និងការវាយប្រហារលើប្រទេសលីបង់ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីគ្នាទៅវិញទៅមក បន្តការចរចាដើម្បីឈានទៅបញ្ចប់កិច្ចព្រមព្រៀងចុងក្រោយស្តីពីការបញ្ចប់សង្គ្រាមទាំងស្រុង ការបើកឲ្យមាននាវាចរដូចប្រកក្រតីឡើងវិញនៅកំពង់ផែអ៊ីរ៉ង់ និងច្រក Hormuz។ ច្រក Hormuz ដែលតំណាងឲ្យចរចរណ៍ដឹកជញ្ជូនប្រេងរបស់ពិភពលោកជាង ២០ភាគរយ។
តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនៅថ្ងៃនេះ កម្ពុជា រំពឹងថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ នឹងជួយស្តារទំនុកចិត្តឡើងវិញ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ សកល និងរួមចំណែកដល់ស្ថិរភាពនៅក្នុងទីផ្សារថាមពលអន្តរជាតិ។
ទន្ទឹមនេះ កម្ពុជា ក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ បន្តកសាងសន្ទុះវិជ្ជមាននេះ តាមរយៈការសន្ទនាប្រកបដោយ ចីរភាព និងការចូលរួមប្រកបដោយការស្ថាបនា ក្នុងគោលបំណងលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែង នៅមជ្ឈិមបូព៌ា និងក្នុងពិភពលោកផងដែរ។
សូមបញ្ជាក់ថា ក្រោយពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាបញ្ចប់សង្គ្រាម និងបើកច្រក Hormuz ឡើងវិញ ប្រេងឆៅក្នុងពិភពលោកបានធ្លាក់មកក្រោម ៨០ដុល្លារក្នុងមួយធុងបារ៉ែល មុននឹងហក់ឡើងដល់រង្វង់ ៨០ដុល្លារក្នុងមួយធុងវិញ នៅថ្ងៃសុក្រនេះ៕ អត្ថបទ៖ ខន ណារី AMS
