ភ្នំពេញ ៖ វិស័យអាកាសចរណ៍ស៊ីវិល និងឧស្សាហកម្មគ្មានផ្សែងរបស់កម្ពុជា កំពុងស្ថិតក្នុងរបត់មួយដែលត្រូវប្រឈមមុខនឹងឥទ្ធិពលអវិជ្ជមានពីសម្ពាធភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល។ យោងតាមរបាយការណ៍ចុងក្រោយរបស់អាកាសចរណ៍ស៊ីវិលកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦ ចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅកម្ពុជាមានចំនួន ២,៨៧៤,០៨៤ នាក់ ថយចុះ ៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ទិន្នន័យពីក្រសួងទេសចរណ៍ក៏បានគូសបញ្ជាក់ដែរថា ចំនួនភ្ញៀវទេសចរបរទេសមកដល់កម្ពុជាមានប្រមាណ ១,៥៤ លាននាក់ (ធ្លាក់ចុះ ៤៧,៨%) ដែលជាសញ្ញាជំរុញឱ្យមានការអន្តរាគមន៍ជាយុទ្ធសាស្ត្រជាបន្ទាន់។
នៅក្នុងរបាយការណ៍ដដែលបានបង្ហាញផងដែរថា កត្តាចម្បងចំនួន៣ ដែលធ្វើឱ្យចរន្តអ្នកដំណើរផ្លូវអាកាសធ្លាក់ចុះ ដែលវាមិនមែនជាការចៃដន្យនោះទេ ដែលកត្តាទាំងនោះរួមមាន ៖
១. ភាពតានតឹងភូមិសាស្ត្រនយោបាយសកល៖ ជម្លោះរ៉ាំរ៉ៃនៅតំបន់មជ្ឈិមបូព៌ា (រួមទាំងផលប៉ះពាល់ពីសង្គ្រាមអាម៉េរិក-អ៊ីរ៉ង់ និងវិបត្តិព្រំដែនកម្ពុជា-ថៃ) បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានាត្រូវបង្វែរផ្លូវហោះហើរឆ្ងាយជាងមុន ដែលនាំឱ្យតម្លៃប្រេងឥន្ធនៈសកលហក់ឡើងខ្ពស់។
២. សម្ពាធថ្លៃដើមប្រតិបត្តិការ៖ ការកើនឡើងនៃតម្លៃប្រេង និងការចំណាយលើការហោះហើរ បានរុញច្រានឱ្យតម្លៃសំបុត្រយន្តហោះហក់ឡើងខ្ពស់ ដែលជាឧបសគ្គដល់ការសម្រេចចិត្តធ្វើដំណើររបស់ភ្ញៀវអន្តរជាតិ។
៣. ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍៖ ដើម្បីទប់ទល់នឹងការខាតបង់ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានសម្រេចចិត្តផ្អាក ឬលុបចោលជើងហោះហើរមួយចំនួនមកកាន់តំបន់។
យ៉ាងណាក៏ដោយ ទោះបីជាត្រូវជួបខ្យល់ព្យុះសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងវិស័យនេះនៅតែបង្ហាញក្តីសង្ឃឹម និងទស្សនវិស័យវិជ្ជមានក្នុងរយៈពេលវែង តាមរយៈការដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រ «វាយបក» របស់រាជរដ្ឋាភិបាល និងវិស័យឯកជនជាបន្តបន្ទាប់ ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីទាក់ទាញអ្នកដំណើរត្រឡប់មកវិញ ក្រុមហ៊ុនអាកាសចរណ៍ និងរដ្ឋបាលអាកាសយានដ្ឋានត្រូវរួមគ្នាផ្តល់តម្លៃសមរម្យ និងបង្កើនទំនុកចិត្ត និងបង្កើតយុទ្ធសាស្ត្រតម្លៃប្រកួតប្រជែង និងពង្រឹងបទពិសោធន៍ធ្វើដំណើរឱ្យកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ ការធ្វើទំនើបកម្ម និងពង្រីកហេដ្ឋារចនាសម្ព័ន្ធដោយអនុវត្តបច្ចេកវិទ្យាទំនើប ពង្រឹងប្រព័ន្ធសុវត្ថិភាព និងបន្តពង្រីកព្រលានយន្តហោះ រួមទាំងគោលនយោបាយ «មេឃបើកចំហ» (Open Skies Policy)នៅតែបន្តជំរុញការហោះហើរត្រង់ទៅកាន់គោលដៅទេសចរណ៍ និងតំបន់សេដ្ឋកិច្ចសំខាន់ៗ ព្រមទាំងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗឱ្យមកចុះបញ្ជីហោះហើរនៅកម្ពុជា។
ទាក់ទងនឹងការងារនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវសុទិដ្ឋិនិយមថា៖ រដ្ឋាភិបាលកំពុងពន្លឿនការស្តារវិស័យនេះឡើងវិញ ដោយផ្តោតលើការងារផ្សព្វផ្សាយរួមគ្នា រវាងរដ្ឋ និងឯកជន ការធានាសុវត្ថិភាពភ្ញៀវទេសចរ ការអភិរក្សវប្បធម៌ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗ ចាប់ពីតំបន់បេតិកភណ្ឌអង្គរ រហូតដល់ទេសចរណ៍ឆ្នេរសមុទ្រ និងអេកូទេសចរណ៍។
លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា បានផ្តល់អនុសាសន៍ថា យុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» និងគម្រោងសាកល្បងលើកលែងទិដ្ឋាការរយៈពេល ៤ខែ សម្រាប់ភ្ញៀវទេសចរចិន ចាប់ផ្តើមហុចផ្លែផ្កាជាបណ្តើរៗហើយ។ ទន្ទឹមនឹងការរង់ចាំភ្ញៀវអន្តរជាតិ កម្ពុជា ចាំបាច់ត្រូវតែរួមគ្នារំញោច «ចលនាទេសចរណ៍ក្នុងស្រុក» ឱ្យមានការចូលរួមកាន់តែខ្លាំងក្លា។ ជំរុញឱ្យប្រតិបត្តិករសេវាកម្ម និងអ្នកជំនាញអាជីពធ្វើការផ្សព្វផ្សាយទីផ្សារឱ្យបានទូលំទូលាយ និងសកម្មបំផុត។ ដូច្នេះ ប្រសិនបើយុទ្ធសាស្ត្ររួមគ្នារវាងរដ្ឋ និងឯកជន ត្រូវបានអនុវត្តដោយរលូន និងមានសកម្មភាពរស់រវើកនោះ វិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍កម្ពុជា នឹងអាចជម្នះវិបត្តិសកលនេះ ហើយវិលត្រឡប់ទៅរកភាពប្រក្រតី និងកំណើនប្រកបដោយចីរភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ៕