ភ្នំពេញ ៖ ក្នុងដំណើរបេសកកម្មរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងគោះទ្វារអ្នកវិនិយោគ ឬទាក់ម៉ូយឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ជាលទ្ធផលបានកត់សម្គាល់ឃើញថា មានធុរជន ក៏ដូចជាក្រុមហ៊ុនធំៗ ជាពិសេសផ្នែកឧស្សាហកម្មកម្រិតធ្ងន់ និងបច្ចេកវិទ្យាចាប់អារម្មណ៍ចង់មកដាក់ទីតាំងរបស់ខ្លួននៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានជាបន្តបន្ទាប់ពីសកម្មភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបានជួបជាមួយសមាគមធុរកិច្ច និងវិនិយោគិនជាច្រើននៅក្នុងប្រទេសជប៉ុន ដូចជា កិច្ចជំនួបជាមួយនាយកប្រតិបត្តិអង្គការពាណិជ្ចកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO ដោយក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានផ្សព្វផ្សាយពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជាដល់សហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុន ដែលមានសមាជិកប្រមាណ ៣០ ០០០ សហគ្រាស។ ក្រៅពីនេះ ឯកឧត្តមក៏បានឡើងថ្លែងបាឋកថា ក្នុងវេទិកា Nikkei Forum ដែលជាឱកាសសម្រាប់កម្ពុជាផ្សព្វផ្សាយពីសក្ដានុពលវិនិយោគយ៉ាងទូលាយផងដែរ។
ដោយឡែក នៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏មិនខុសពីនៅប្រទេសជប៉ុននោះដែរ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដឹកនាំមន្ត្រី និងវិនិយោគិនកម្ពុជា ជួបពិភាក្សា ឈ្វេងយល់ពីគ្នា ដើម្បីបង្កើតឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលអនាគតរួមគ្នា ។
នៅក្នុងឱកាសនៃការបំពេញបេសកកម្មនេះដែរ គេសង្កេតឃើញថា មានទាំងក្រុមហ៊ុនរបស់ជប៉ុន ក៏ដូចជាក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែង លោក Masayoshi Matsumoto ប្រធានសហព័ន្ធសេដ្ឋកិច្ចកាន់សៃ និងជាប្រធាន ព្រមទាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sumitomo Electric Industries, Ltd បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើភាពរីកចម្រើន និងសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី ដែលតែងតែស្វាគមន៍វិនិយោគិន និងធុរជនជប៉ុន រាល់ពេលមានដំណើរទស្សនកិច្ចរបស់ប្រតិភូជប៉ុនមកកម្ពុជា បានមានប្រសាសន៍លើកឡើងថា ជប៉ុន គឺជាវិនិយោគិនដ៏ស្មោះត្រង់ ។ សហគ្រិនក្នុងវិស័យ SME របស់ជប៉ុនមានរហូតដល់ជាង ៣លានសហគ្រាស ដូច្នេះ បើសិនជាកម្ពុជាអាចទាក់ទាញសហគ្រិនជប៉ុនបានតែ១ភាគរយក៏ឃើញថាមានចំនួនរាប់ម៉ឺន ដែលអាចឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំងឡើង តាមរយៈការនាំយកបច្ចេកវិទ្យាថ្មីៗ ជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា និងផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង ជាពិសេសអាចរួមចំណែកដល់ការផលិត និងនាំចេញរបស់កម្ពុជា ។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ច និងបេសកកម្មរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា ទៅក្រៅប្រទេស ពិតណាស់តែងនាំមកវិញនូវអ្នកវិនិយោគថ្មីៗចូលមកកាន់ប្រទេសកម្ពុជា ជាក់ស្ដែង ដូចឃើញកន្លងមកស្រាប់ហើយ បន្ទាប់ពីថ្នាក់ដឹកនាំបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅក្រៅប្រទេស ជាពិសេស បេកកសកម្មស្វែងរកអ្នកវិនិយោគក៏ឃើញថា មានវិនិយោគិនថ្មីៗចូលមកវិនិយោគនៅកម្ពុជាទៅតាមវិស័យ ជាពិសេស ឧស្សាហកម្មបច្ចេកវិទ្យា ៕