ភ្នំពេញ៖ ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ។ នេះជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា” ទៅកាន់ក្រុមហ៊ុន សហគ្រាស នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ភ្នំពេញ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការចាប់តាំងពីខែមករា ឆ្នាំ២០២៥កន្លងទៅ និងបានឆ្លងកាត់ការដាក់ឱ្យប្រើប្រាស់ជាកាតព្វកិច្ចសម្រាប់ការចេញវិក្កយបត្រអេឡិចត្រូនិកលើការផ្គត់ផ្គង់ជូនអង្គភាពថ្នាក់កណ្តាលនៃក្រសួងស្ថាប័នរដ្ឋចំនួន ១៤ រួចហើយ ជាប្រភេទឯកជន-រដ្ឋ (B2G – Business-to-Government) និងគ្រោងពង្រីកការអនុវត្តជាកាតព្វកិច្ចទៅក្រសួង ស្ថាប័នចំនួន ១៤ បន្ថែមទៀតក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ឆាប់ៗនេះ។
ឯកឧត្តមអគ្គនាយកបានលើកឡើងថា៖ រាជរដ្ឋាភិបាលបាន និងកំពុងប្តេជ្ញាយ៉ាងមុតមាំក្នុងការកសាង និងអភិវឌ្ឍផ្ទាលឌីជីថលគ្រឹះឱ្យបានរឹងមាំដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើបរិវត្តកម្មឌីជីថលរបស់ជាតិ។ ការអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាផ្នែកមួយនៅក្នុងរបៀបវារៈនៃការកសាងថ្នាលឌីជីថលគ្រឹះគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលកម្ពុជាដែលបានតម្រង់ទិសចេញពីក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា សំដៅរួមចំណែកគាំទ្រដល់ការរីកលូតលាស់នៃអាជីវកម្ម និងការចូលរួមធ្វើទំនើបកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ឯកឧត្តមបានកត់សម្គាល់ថា៖
«ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា នឹងបន្តចូលរួមគាំទ្រដល់គោលដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការចំណាយថវិការដ្ឋ ដោយមិនតម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់បញ្ជូនវិក្កយបត្រជាក្រដាសទៅអង្គភាពរដ្ឋទៀតឡើយ ព្រមទាំងមានភាពប្រទាក់ក្រឡាជាមួយផែនការសកម្មភាពនៅក្នុងយុទ្ធសាស្ត្រ កៀរគរចំណូលរបស់រដ្ឋាភិបាលផងដែរ»។
លោកបានបន្តថា៖ អត្ថប្រយោជន៍សំខាន់ៗដែលរំពឹងថានឹងទទួលបានពីការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា មានជាអាទិ៍៖១). ការបង្កើនប្រសិទ្ធភាព និងផលិតភាពការងាររបស់ក្រុមហ៊ុន ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ,២). ការលើកកម្ពស់តម្លាភាពសង្គមនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ចូលរួមក្នុងការទាក់ទាញដល់ការវិនិយោគ និងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ,៣). ការជួយសម្រួលដល់ធុរជនទៅលើទិដ្ឋភាពអនុលោមភាពបទប្បញ្ញត្តិសារពើពន្ធ ដែលរួមចំណែកដល់ការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុឌីជីថល,៤). ការជួយសម្រួលបន្ថែមដល់នីតិវិធីពាណិជ្ជកម្មឆ្លងដែន,៥). ការចូលរួមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាសជាដើម។
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា មិនមែនបង្កើតឡើងសម្រាប់តែរដ្ឋាភិបាលនោះទេ វាគឺជាថ្នាលឌីជីថលគ្រឹះរបស់ជាតិដែលបង្កើតឡើងដើម្បីផ្តល់បរិយាកាសសម្រាប់ការភ្ជាប់គ្នារវាងប្រព័ន្ធឌីជីថល ដែលមានការពាក់ព័ន្ធទាំងអស់ក្នុងការផ្លាស់ប្តូរឬបញ្ជូនវិក្កយបត្រ ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ មិនថាជាសហគ្រាសធំដែលមានប្រើប្រាស់ប្រព័ន្ធ ERP ឬប្រព័ន្ធគណនេយ្យ ឬជាសហគ្រាសតូចៗ ដែលប្រើប្រាស់ផតថលឥតគិតថ្លៃនោះទេ គឺទាំងអស់គ្នាជាផ្នែកនៅក្នុងការផ្លាស់ប្តូរវិក្កយបត្រ តាមរយៈថ្នាលនេះនៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលនៃវិក្កយបត្រ និងហិរញ្ញវត្ថុ។
លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា៖ ស្ថិតិនៃការប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក បន្ទាប់ពីការដាក់ឱ្យអនុវត្តជាផ្លូវការមក គិតត្រឹមថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦ មានសមាជិកជាអ្នកប្រើប្រាស់សរុបចំនួន ២៦២ស្ថាប័ន/អង្គភាព ក្នុងនោះសមាជិកជាអង្គភាពរដ្ឋមានចំនួន ១៣០ ជាសមាជិកស្វ័យប្រវត្តិ និងសមាជិកជាក្រុមហ៊ុន ឬសហគ្រាសមានចំនួន ១៣២។ សម្រាប់ចំនួនវិក្កយបត្រអេឡិចត្រូនិកដែលបានចេញសរុបមានចំនួន ២២៨៨ ក្នុង នោះ វិក្កយបត្រប្រភេទ B2G ដែលអនុវត្តជាកាតព្វកិច្ច មានចំនួន ៨១១ វិក្កយបត្រ និង វិក្កយបត្រប្រភេទ B2B ដែលអនុវត្តជាការស្ម័គ្រចិត្តមានចំនួន ១ ៤៧៧ វិក្កយបត្រ។
គួរជម្រាបថា សិក្ខាសាលាស្តីពីប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា មានគោលបំណងផ្សព្វផ្សាយ បញ្ជ្រាបព័ត៌មាន និងផ្តល់នូវសញ្ញាណសំខាន់ៗ អំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ការចុះឈ្មោះជាសមាជិក និងរបៀបនៃការប្រើប្រាស់ផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជូនដល់វិស័យឯកជន ជាពិសេសក្រុមហ៊ុនដែលបាន និងកំពុងផ្គត់ផ្គង់ទំនិញ សេវាកម្ម និងសំណង់ជូនក្រសួង-ស្ថាប័នរដ្ឋ រួមទាំងក្រុមហ៊ុនដែលផ្តល់សេវាកម្មសុហ្វវែរផ្នែកគណនេយ្យ ឬសុហ្វវែរគ្រប់គ្រងការចេញវិក្កយបត្រ ៕