យោងតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានវិភាគសេដ្ឋកិច្ចថាមពល និងហិរញ្ញវត្ថុ(IEEFA) បង្ហាញថា ថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ពេលនេះបានឈានដល់ជិត ១.៥ ជីហ្គាវ៉ាត់ ដែលបានលើសពីគោលដៅផ្លូវការកំណត់ដំបូងសម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៣៥។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានវិភាគសេដ្ឋកិច្ចថាមពល និងហិរញ្ញវត្ថុ(IEEFA) បង្ហាញថា ថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ពេលនេះបានឈានដល់ជិត ១.៥ ជីហ្គាវ៉ាត់ ដែលបានលើសពីគោលដៅផ្លូវការកំណត់ដំបូងសម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៣៥។
មានកត្តាជាច្រើនដែលធ្វើឲ្យវិស័យអគ្គិសនីរបស់កម្ពុជា ប្រែប្រួលយ៉ាងឆាប់រហ័ស រួមទាំងគម្រោងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យខ្នាតធំ បានរីកចម្រើនលឿនជាងការរំពឹងទុក។ ថាមពលពន្លឺព្រះអាទិត្យបច្ចុប្បន្ន បានរួមចំណែកច្រើនជាង ១០ភាគរយ នៃការផលិតអគ្គិសនីសរុបរបស់ប្រទេសកម្ពុជា។
ការកើនឡើងគួរឱ្យកត់សម្គាល់នៃការនាំចូលបន្ទះថាមពលពន្លឺព្រះអាទិត្យពីប្រទេសចិនបានជួយកាត់បន្ថយការចំណាយលើឧបករណ៍ ខណៈដែលរដ្ឋាភិបាលបានសម្រេចកាត់បន្ថយពន្ធនាំចូលលើបច្ចេកវិទ្យាថាមពលកកើតឡើងវិញពដល់កម្រិតសូន្យ។ ការណ៍នេះ បានធ្វើឱ្យគម្រោងថាមពលពន្លឺព្រះអាទិត្យកាន់តែមានតម្លៃសមរម្យ និងទាក់ទាញសម្រាប់អ្នកវិនិយោគ។
ទោះបីជា កម្ពុជា ជោគជ័យធំលើគម្រោងថាមពលពន្លឺព្រះអាទិត្យ ប៉ុន្តការដំឡើងថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលជួបបញ្ហាប្រឈម ដោយរដ្ឋាភិបាលកម្ពុជា នៅតែរក្សាកម្រិតតឹងរ៉ឹងលើការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ដោយបារម្ភអំពីស្ថិរភាពបណ្តាញអគ្គិសនី និងផលប៉ះពាល់ហិរញ្ញវត្ថុ។ កម្ពុជា បានកំណត់កូតានៃការដាក់ពង្រាយប្រចាំឆ្នាំត្រឹមតែ ៣០មេហ្គាវ៉ាត់ ប៉ុណ្ណោះ។
កម្ពុជា បានប្តេជ្ញាចិត្តក្នុងការបង្កើនប្រភពថាមពលកកើតឡើងវិញឱ្យបាន ៧០ភាគរយទៅ ៨០ភាគរយ នៅឆ្នាំ ២០៣០ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន និងយកថាមពលបៃតងក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេសមកបង្កើតការងារឱ្យពលរដ្ឋខ្មែរ៕ អត្ថបទ៖ ខន ណារី AMS
