បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ការដោះដូរទំនិញរវាងកម្ពុជា​-ឥណ្ឌូនេស៊ី​ ​សម្រេចបាននូវ​ទំហំទឹកប្រាក់​ជាង ​៥៥១ ​លានដុល្លារ នៅក្នុង​រយៈ​ពេល ៥ ​ខែ ​២០២៦ កើនឡើង ១៧,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាល​ពីឆ្នាំមុន ក្នុង​នោះ​កម្ពុជានាំចេញ​ទៅឥណ្ឌូនេស៊ីមានតម្លៃ ៤៧ លានដុល្លារ កើន ៤៣,៤ ភាគរយ ​ចំណែកឥណ្ឌូ​នេស៊ី​នាំ​ចូល​មកវិញមានតម្លៃ ៥០៣ លានដុល្លារ កើន ១៥,៥ ភាគរយ។

Advertisement

ផលិតផលនាំចេញ​ទៅឥណ្ឌូនេស៊ីមាន ​ផលិតផលកសិកម្ម ​អាហារកែច្នៃ ​សម្លៀកបំពាក់ ​និង​ទំនិញ​ផ្សេងទៀត​​ដែល​ជាវិស័យ​ដើរតួនាទីសំខាន់​ក្នុងការអនុវត្ត​ពាណិជ្ជកម្ម​ខាងក្រៅ​របស់​កម្ពុជា​។ឥណ្ឌូនេស៊ី​នាំចូលមកវិញមានផលិតផល ប្រេងឥន្ធនៈគ្រឿងចក្រ ម្ហូបអាហារ សម្ភារៈ​សំណង់និងទំនិញប្រើប្រាស់។​ ​នេះ​បើ​យោង​តាមរបាយការណ៍របស់​អគ្គនា​យក​រដ្ឋានគយ ​និង​រដ្ឋា​ករ​កម្ពុជា ​(GDCE)។​

ផលិតផលនាំចេញទៅឥណ្ឌូនេស៊ីមាន ​ផលិតផលកសិកម្ម ​អាហារកែច្នៃ ​សម្លៀកបំពាក់ ​និង​ទំនិញ​ផ្សេងទៀត​​ដែល​ជាវិស័យ​ដើរតួនាទីសំខាន់​ក្នុងការអនុវត្ត​ពាណិជ្ជកម្ម​ខាងក្រៅ​របស់​កម្ពុជា​។ឥណ្ឌូនេស៊ី​នាំចូលមកវិញមានផលិតផល ប្រេងឥន្ធនៈគ្រឿងចក្រ ម្ហូបអាហារ សម្ភារៈ​សំណង់និងទំនិញប្រើប្រាស់។​

ចំណែកការដោះដូរទំនិញរវាងកម្ពុជា-សិង្ហបុរី សម្រេចបាននូវទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ នៅក្នុងរយៈពេល ៥ ខែ ២០២៦ កើនឡើង ២៤២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ​២០២៥ ក្នុងនោះកម្ពុជានាំចេញមានតម្លៃ ៣២ លានដុល្លារ កើនជាង ៣១ ភាគរយ ចំណែកសិង្ហបុរី នាំចូលមកវិញមានតម្លៃ ប្រមាណ ១ ពាន់​លានដុល្លារកើនជាង ២៦០ ភាគរយ។ ចំណែកការដោះដូរទំនិញរវាងកម្ពុជា-ម៉ាឡេស៊ី​មានតម្លៃ ៦៥៩ លានដុល្លា​រ ក្នុងនោះ​កម្ពុជានាំចេញ ៨៧ លាន​​ដុល្លារកើន ៥២ ភាគរយ ម៉ាឡេស៊ីនាំចូល ៥៧១ លានដុល្លារកើន៥៣.​៨​ ភាគរយ​​។

លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជាបានប្រាប់ AMS Economy​ ថា៖ ដោយ​សារមានតម្រូវការកើនឡើង ជំរុញឱ្យមានការបង្កើនការនាំចេញ ឬក៏​បង្កើត​ចរន្តឱ្យមានការ​ទិញ-លក់ ​ដើម្បីបំពេញតម្រូវការឱ្យអ្នកប្រើប្រាស់។ ​លោកបណ្ឌិតបន្ថែមថា ​តម្រូវការកើនឡើង កើតចេញពីភាពត្រូវរ៉ូវគ្នា រវាងរដ្ឋ និងរដ្ឋ ដែលកើតចេញ​ពីគោលនយោបាយការបរទេស និងទំនាក់ទំនងទ្វេ​ភាគីជាមួល​ដ្ឋាន។

ទាក់ទងនឹងទំហំពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសម៉ាឡេស៊ី ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​​ទី៧ របស់​កម្ពុជា​ បន្ទាប់​ពី​ប្រទេស​ចិន ​សហរដ្ឋ​អាមេរិក វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី ​លោក​បណ្ឌិត ជ័យ តិច អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​ និងសេដ្ឋកិច្ច ​មាន​ប្រសាសន៍​ថា ​កម្ពុជា​បាន​បង្វែរ​មកទិញ​ទំនិញ​មួយ​ចំនួន​ពីប្រទេសម៉ាឡេស៊ី បន្ទាប់ពី​មាន​បញ្ហា​ព្រំដែន​ជា​មួយ​ថៃ​ជាមួយ​នឹង​ការ​ធ្វើ​ពហិកា​ទំនិញ​ថៃ​ពី​ប្រជាជន​កម្ពុជា​។​

លោក ញ៉ិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានប្រាប់ AMS Economy ថា៖វិបត្តិព្រំដែនកម្ពុជា-ថៃ បានបង្ខំឱ្យកម្ពុជាផ្លាស់ប្តូរប្រភពនាំចូលថាមពល និងទំនិញប្រើប្រាស់មកពី សិង្ហបុរី និងម៉ាឡេស៊ី វិញ ដែលបណ្តាលឱ្យកំណើននាំចូលពីប្រទេសទាំងពីរនេះកើនដល់ទៅ ៥២.១ ភាគរយ (ម៉ាឡេស៊ី) និងជាង ២០០ ភាគរយ (សិង្ហបុរី)។ នេះឆ្លុះបញ្ចាំងពីភាពផុយស្រួយនៃការពឹងផ្អែកលើច្រករបៀងគោកតែមួយ និងតម្រូវការបន្ទាន់ក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់។

លោក ឌុច ដារិន្ទ អ្នកវិភាគសេដ្ឋកិច្ច  បានប្រាប់ AMS Economy ថា ការកើនឡើងនៃការនាំចូលពីសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីនៅក្នុងរយៈពេល ៥ ខែដំបូងឆ្នាំនេះ គឺឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ចការវិនិ​យោគនិងការផលិតសម្រាប់នាំចេញដែលកំពុងមានសន្ទុះនៅកម្ពុជា។

លោកបានថ្លែងបន្តថា ជាក់ស្តែង កម្ពុជាទទួលបានគម្រោងវិនិយោគផ្ទាល់ពីបរទេសកើនឡើង និងការនាំចេញក៏បន្តកើនឡើងផងដែរ ដែលធ្វើឱ្យតម្រូវការនាំចូលវត្ថុធាតុដើម គ្រឿងម៉ាស៊ីន បរិក្ខារផលិតកម្ម និងប្រេងឥន្ធនៈកើនឡើងតាម។ ជាពិសេស សិង្ហបុរីគឺជាមជ្ឈ​មណ្ឌលពាណិជ្ជកម្ម និងចែកចាយទំនិញដ៏សំខាន់ក្នុងតំបន់ ដូច្នេះការកើនឡើងនៃការនាំចូលពីសិង្ហបុរី អាចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងទំនិញមូលធនផ្សេងៗ។ រីឯម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីក៏ជាប្រភពសំខាន់នៃវត្ថុធាតុដើម និងសម្ភារៈបម្រើដល់វិស័យឧស្សាហកម្ម។

ទំហំពាណិជ្ជកម្មកម្ពុជា រយៈពេល ៥ ខែឆ្នាំ២០២៦ មានទំហំទឹកប្រាក់ ៣០,០៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ការនាំចេញទំនិញកម្ពុជា មានទឹកប្រាក់ ១៤,០៤ ពាន់លានដុល្លារអាម៉េរិក និងទំនិញនាំចូលមានទឹកប្រាក់ ១៦,០៤ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេរួមមាន ចិន អាម៉េរិក វៀតណាម និង ជប៉ុន ខណៈជញ្ជីងពាណិជ្ជកម្មកម្ពុជា មានអតុល្យភាពជិត ១,៩៩ ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ទំហំ​ពាណិជ្ជកម្មកម្ពុជា​មាន​កំណើន ​ឆ្លុះបញ្ចាំង​ថា ​កម្ពុជា​នៅរក្សា​បានទីផ្សារសំខាន់ៗរបស់ខ្លួន ​ដែល​ជា​ទីផ្សារ​ពិភពលោក​ ធានា​នូវ​ការផ្គត់ផ្គង់​ បង្កើត​​​សក្ដានុភាពកម្ពុជា ​ក្នុងខ្សែច្រវាក់​តម្លៃ និង​ខ្សែច្រវាក់​ផ្គត់​ផ្គង់​ និង​រក្សា​បាន​នូវ​ជំនឿចិត្ត​ពី​អ្នក​បញ្ជាទិញ​៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា