បរទេស៖ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេរភាគី ខណៈភាគីទាំង២ ក៏កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិកដូចគ្នា នេះបើយោងតាមសារព័ត៌មាន Anadolu Ajansi ។

បរទេស៖ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេរភាគី ខណៈភាគីទាំង២ ក៏កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិកដូចគ្នា នេះបើយោងតាមសារព័ត៌មាន Anadolu Ajansi ។
កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងជជែកពីសន្តិសុខសេដ្ឋកិច្ច ដោយលោក Carney លើកឡើងថា សណ្តាប់ធ្នាប់ពិភពលោកប្រឈមនឹងការបែកបាក់ ហើយប្រទេសដែលមានទំហំមធ្យមត្រូវតែបង្កើតភាពជាដៃគូយុទ្ធសាស្ត្រកាន់តែរឹងមាំជាមួយគ្នា ដើម្បីកុំឱ្យនៅក្រោមគំនាបមហាអំណាច។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក៏បានលើកឡើងថា ជប៉ុននឹងចាប់យកគ្រប់ឱកាសទាំងអស់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង រួមមាន វិស័យបច្ចេកវិទ្យាទំនើបៗ, AI, និងបច្ចេកវិទ្យា Quantum ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗមានភាពធន់។ គួរឲ្យបញ្ជាក់ដែរថា ជប៉ុនគឺជាប្រទេសសេដ្ឋកិច្ចធំបំផុតទី ៤ របស់ពិភពលោក ហើយក៏ជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេទី ៤ របស់កាណាដា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីជិត ៤០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីរបស់កាណាដា បានឲ្យដឹងថា មេដឹកនាំទាំងពីរបានគាំទ្រក្នុងការជំរុញទំនាក់ទំនងទ្វេភាគីដែលមានតាំងពីឆ្នាំ១៩២៨ ជាមួយនឹងទំហំពាណិជ្ជកម្មប្រចាំឆ្នាំជិត ៤០ ពាន់លានដុល្លារ។ មេដឹកនាំទាំងពីរបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការយោធា ដូចជា បច្ចេកវិទ្យាប្រើប្រាស់បានពីរមុខងារ និងធ្វើការរួមគ្នាលើបច្ចេកវិទ្យាព្រំដែន រួមមាន បញ្ញាសិប្បនិម្មិត, ប្រព័ន្ធស្វយ័ត, យានអវកាស, និងប្រព័ន្ធទំនាក់ទំនងអវកាស។ លើសពីនេះ ពួកគេក៏បានពិភាក្សាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួនបីផ្សេងទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងបញ្ហា, ការអនុវត្តប្រឆាំងនឹងការនេសាទខុសច្បាប់, និងការសម្របសម្រួលរវាងឆ្មាំឆ្នេរសមុទ្រកាណាដា និងឆ្មាំឆ្នេរសមុទ្រជប៉ុន។ សេចក្តីថ្លែងការណ៍បន្ថែមបានបញ្ជាក់ថា មេដឹកនាំទាំងពីរក៏បានគូសបញ្ជាក់អំពីសក្តានុពលសម្រាប់ការពង្រីកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលផងដែរ រួមាន ឧស្ម័នធម្មជាតិរាវ (LNG), ឧស្ម័ន LPG, បច្ចេកវិទ្យានុយក្លេអ៊ែរ, អ៊ីដ្រូសែន, និងការចាប់យកកាបូន។

គួរឲ្យបញ្ជាក់ដែរថា នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានធ្វើដំណើរទស្សនកិច្ចរយៈពេល ៩ ថ្ងៃទៅកាន់ប្រទេសសេដ្ឋកិច្ចធំៗមួយចំនួន ដូចជា ឥណ្ឌា អូស្ត្រាលី និងជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយពួកគេឲ្យកាន់តែរឹងមាំ ខណៈដែលខ្លួនកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក។ អាម៉េរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កាណាដា និងគោលដៅនាំចេញទំនិញជាង ៧៧% ប៉ុន្តែក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយកាណាដាបានចុះខ្សោយដោយសារពន្ធគយ និងការគំរាមកំហែងពាណិជ្ជកម្ម។ និយាយអំពីការចរចាជាមួយអាម៉េរិក លោក Mark Carney បានលើកឡើងថា វាមិនងាយស្រួលនោះទេ ប៉ុន្តែកាណាដាផ្តោតលើអ្វីដែលអាចគ្រប់គ្រងទៅបានដូចជា ការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក និងការធ្វើពិពិធកម្មភាពជាមួយដៃគូបរទេស។ ជាលទ្ធផល លោក Mark Carney កំពុងព្យាយាមធ្វើពិពិធកម្មពង្រឹងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មផ្សេងៗវិញ ដោយសារវាមានភាពលំបាកក្នុងការដោះស្រាយជាមួយលោក Trump ។ ជាក់ស្តែង នាយករដ្ឋមន្រ្តីកាណាដារូបនេះជោគជ័យក្នុងការចរចាកិច្ចព្រមព្រៀងជាមួយឥណ្ឌា អូស្ត្រាលី និងជប៉ុន៕
