បរទេស៖ បច្ចុប្បន្ន រដ្ឋាភិបាលកាណាដា កំពុងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសដែលជាដៃគូអាស៊ានសំខាន់ៗតាមរយៈការធ្វើពិពិធកម្មពាណិជ្ជកម្ម និងពង្រីកឱកាសវិនិយោគបន្ថែមទៅលើវិស័យសំខាន់ៗ នេះបើយោងតាមសេចក្ដីរាយការណ៍ព័ត៌មានពី Vietnam Investment Review ។
នៅក្នុងសប្ដាហ៍នេះ រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរបស់កាណាដា លោក Maninder Sidhu នឹងធ្វើទស្សនកិច្ចនៅកាន់ប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកុម្ភៈ បន្ទាប់មកនឹងបន្តដំណើរទៅកាន់ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកុម្ភៈ ដោយរំពឹងថាអាចជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់កាណាដាទាំងជាមួយវៀតណាម ទាំងសិង្ហបុរី ដែលសុទ្ធតែជាដៃគូសំខាន់ៗក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

នៅប្រទេសសិង្ហបុរី លោក Sidhu នឹងជួបជាមួយមេដឹកនាំធុរកិច្ច អ្នកវិនិយោគ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ជំរុញអាទិភាពពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយឡែក នៅប្រទេសវៀតណាម លោក Sidhu នឹងជួបពិភាក្សាជាមួយតំណាងរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃប្រទេសទាំងពីរ ក្នុងគោលបំណងពង្រឹងតួនាទីរបស់កាណាដាជាដៃគូដែលអាចទុកចិត្តបានក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
លោក Sidhu បានលើកឡើងថា អាស៊ាន គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់កាណាដានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជាតំបន់សេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតមួយរបស់ពិភពលោក។ ទន្ទឹមនឹងនេះ កាណាដា ចង់ចូលរួមជាមួយដៃគូនានានៅទូទាំងអាស៊ានឲ្យកាន់តែជិតស្និទ្ធ ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ដែលគាំទ្រដល់ការបង្កើតការងារ ការទទួលបានទីផ្សារ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
គួឲ្យបញ្ជាក់ដែរថា វៀតណាម គឺជាដៃគូពាណិជ្ជកម្មទំនិញធំបំផុតរបស់កាណាដាសម្រាប់នៅក្នុងតំបន់អាស៊ាន ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១៥,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដែលកើនឡើងពី ១៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ដោយឡែក សម្រាប់សិង្ហបុរី គឺជាប្រភពវិនិយោគបរទេសដ៏ធំបំផុតរបស់កាណាដា ដែលមកពីអាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ ២០២៤ ការវិនិយោគរបស់សិង្ហបុរីទៅកាណាដាមានចំនួនសរុប ៧,៨ ពាន់លានដុល្លារ ខណៈដែលការវិនិយោគផ្ទាល់របស់កាណាដានៅសិង្ហបុរីមានចំនួនសរុប ២២ ពាន់លានដុល្លារ៕
























