(ភ្នំពេញ)៖ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) បានផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះថា ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦០ម៉ឺននាក់ទទួលបានការងារធ្វើតាមរយៈការផ្គូរផ្គងការងារទ្រង់ទ្រាយធំ ដែលមានវេទិកាការងារ ពិព័រណ៌ការងារចល័ត និងការពង្រីកកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)។
វិទ្យាស្ថាន CDRI និង ERIA បានឱ្យដឹងថា៖ អតីតពលករខ្មែរដែលបានវិលត្រឡប់មកធ្វើប្រទេសថៃប្រមាណជាង ៦០ម៉ឺននាក់ទទួលបានឱកាសការងារតាមរយៈការផ្គូផ្គងការងារទ្រង់ទ្រាយធំ ដែលចូលធ្វើការងារនៅតាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស។ ពួកគាត់ទទួលបានការងារតាមរយៈវេទិកាការងារ កម្មវិធីពិរព័ណ៍ការងារចល័ត និងការពង្រីកកម្មវិធី TVET កាន់តែទូលំទូលាយ។
វិទ្យាស្ថានទាំងពីរបានបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការធ្វើសមាហរណកម្មទីផ្សារការងារ និងឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់ស្ថាប័នជាតិក្នុងការឆ្លើយតបទៅនឹងការប៉ះពាល់កម្លាំងពលកម្មដែលមិនធ្លាប់មានពីមុនមក។
ជុំវិញការចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានទាំងពីរនេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា របាយការណ៍ដែលរកឃើញដោយវិទ្យាស្ថានទាំងពីរនេះមានលក្ខណៈប្រហាក់ប្រហែលទៅនឹងរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្ដែអាចទទួលយកបាន។
សម្រាប់របាយការណ៍របស់ក្រសួងការងារ គិតត្រឹមពេលនេះ អតីតពលករ ៦៥ម៉ឺននាក់ហើយ ដែលមានការងារធ្វើ ដោយក្នុងនោះអតីតពលករប្រមាណជាង ៣៣ម៉ឺននាក់ទទួលបានការងារធ្វើក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានធំៗ ព្រមទាំងទទួលបានរបបសន្ដិសុខសង្គម ខណៈដែលជាង ៣២ម៉ឺននាក់ផ្សេងទៀត បានធ្វើការនៅតាមការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន កសិដ្ឋាន និងកន្លែងលក់ដូររាយនៅតាមមូលដ្ឋានរបស់ពួកគាត់។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។
លោកបញ្ជាក់ថា៖
«ខ្ញុំបានឃើញរបាយការណ៍របស់វិទ្យាស្ថានទាំងពីរនេះ គឺមានលក្ខណៈប្រហាក់ប្រហែលគ្នាជាមួយតួលេខរបស់ក្រសួង ប៉ុន្ដែយើងអាចទទួលយកបាន ដែលសមស្របទៅតាមអ្វីដែលរាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើកន្លងមក»។
បើតាមលោក ស៊ុន មេសា របាយការណ៍របស់ CDRI និង ERIA មានលក្ខណៈអាចទទួលយកបាន និងតំណាងឱ្យបទពិសោធន៍ ដែលអាចវាយតម្លៃជារួមចំពោះបងប្អូនអតីតពលករដែលវិលត្រឡប់មកពីថៃ ខណៈដែលលោកមើលឃើញថា របាយការណ៍របស់សង់ត្រាល់ មិនមានសុក្រឹតភាពត្រឹមត្រូវ ដោយសារបញ្ហាបច្ចេកទេសនៃការស្ទង់មតិ ដែលនាំឱ្យរបាយការណ៍នេះមិនអាចឆ្លុះបញ្ចាំង ឬសន្និដ្ឋានជារួមទៅលើអតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃបានទេ៕