បរទេស៖ នៅព្រឹកថ្ងៃចន្ទនេះ ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានប្រកាសពីការដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន ដោយបទប្បញ្ញត្តិនេះធ្វើឡើងស្របតាមច្បាប់ត្រួតពិនិត្យការនាំចេញ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាស្តីពីការនាំចេញទំនិញប្រើប្រាស់បានពីរមុខងារ (ទំនិញអាចប្រើប្រាស់បានទាំងក្នុងវិស័យស៊ីវិល និងយោធា)។ នេះបើយោងតាមការរាយការណ៍ពី Global Times។
វិធានការខាងលើនេះត្រូវបានអនុវត្តឡើងក្នុងគោលបំណងការពារសន្តិសុខជាតិ និងផលប្រយោជន៍ស្របច្បាប់របស់ចិន ព្រមទាំងដើម្បីរក្សានូវការប្តេជ្ញាចិត្តរបស់ខ្លួនមិនរីកសាយភាយអាវុធជាអន្តរជាតិ។ នៅក្រោមបទប្បញ្ញត្តិនេះដែរ អ្នកនាំចេញក្នុងស្រុកទាំងអស់ត្រូវបានហាមឃាត់ពីការផ្គត់ផ្គង់ទំនិញប្រើប្រាស់បានពីរមុខងារទៅកាន់អង្គភាពដែលមានឈ្មោះក្នុងបញ្ជីខ្មៅ។ ស្ថាប័ន និងបុគ្គលនានានៅទូទាំងពិភពលោកក៏ត្រូវបានហាមឃាត់មិនឱ្យផ្ទេរ ឬ ផ្តល់ទំនិញប្រើប្រាស់បានពីរមុខងារដែលផលិតដោយចិនទៅកាន់ក្រុមហ៊ុនទាំងនោះផងដែរ។ រាល់ប្រតិបត្តិការនាំចេញដែលកំពុងដំណើរការ និងមានការពាក់ព័ន្ធក្នុងពេលឥឡូវនេះ ត្រូវតែផ្អាកជាបន្ទាន់ដោយគ្មានការពន្យារពេល។ ចំពោះការនាំចេញណាមួយដែលកើតឡើងពីតម្រូវការចាំបាច់ជាក់ស្តែង និងពិសេស ត្រូវតែទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មចិនជាមុនសិន។ យោងតាមសេចក្តីថ្លែងការណ៍ សេចក្ដីប្រកាសនេះមានប្រសិទ្ធភាពអនុវត្តភ្លាមៗបន្ទាប់ពីការចេញផ្សាយ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានថ្លែងថា វិធានការនេះគឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អាម៉េរិកដែលខ្លួនតែងតែអ្វីហៅថា បញ្ជីខ្មៅសម្រាប់អង្គភាពឧស្សាហកម្មយោធាចិន។ វិធានការណ៍ឆ្លើយតបរបស់ចិនក៏មានគោលបំណងការពារសន្តិសុខជាតិរបស់ខ្លួន ព្រមទាំងគោរពតាមការប្តេជ្ញាចិត្តមិនរីកសាយភាយអាវុធផងដែរ។
សូមជម្រាបថា ក្រុមហ៊ុនអាម៉េរិកទាំង ១០ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ចិនរួមមាន ៖ Aveox, Red Cat Holdings, Teal Drones, IMSAR, Jaia Robotics, Ball Aerospace & Technologies Corp, Oshkosh Defense, L3Harris Maritime Services, MP Materials Corp, និង USA Rare Earth៕