បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មហាយក្សចិន ប្រកាសផែនការមេដើម្បីពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងជនបទ

មហាយក្សចិន ប្រកាសផែនការមេដើម្បីពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងជនបទ

ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសជាផ្លូវការនូវផែនការមេដ៏ទូលំទូលាយមួយ ក្នុងគោលបំណងពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងតំបន់ជនបទរបស់ប្រទេស។

យោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្គារី Novinata បានសរសេរថា ផែនការដែលទើបនឹងចេញផ្សាយនេះ ត្រូវបានកំណត់ជាអាទិភាពអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ផែនការប្រាំឆ្នាំលើកទី ១៥ ពោលគឺចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ដោយបានកំណត់យ៉ាងច្បាស់នូវចំណុចដៅអភិវឌ្ឍន៍ផ្សេងៗ ដើម្បីប្រែក្លាយប្រទេសចិនឱ្យទៅជាមហាអំណាចកសិកម្មដ៏មានភាពធន់ នៅត្រឹមចុងទសវត្សរ៍នេះ។

Advertisement

នៅក្រោមក្របខ័ណ្ឌនេះ រដ្ឋាភិបាលចិនមានគោលដៅពង្រឹងសន្តិសុខស្បៀងជាតិជាបន្តបន្ទាប់ បង្កើនគុណភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចកសិកម្ម ព្រមទាំងពង្រីកសមិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រជាប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ។

ដើម្បីកសាងគ្រឹះនៃឧស្សាហកម្មទំនើបដ៏រឹងមាំនេះទៅតាមផែនការបាន ចិនបានអំពាវនាវឱ្យ​មានការបង្កើតរបកគំហើញបច្ចេកវិទ្យាដ៏សំខាន់ៗ សំដៅលើកកម្ពស់ស្វ័យភាព និងភាពខ្លាំងផ្នែកវិទ្យាសាស្ត្រកសិកម្មក្នុងស្រុក។ ការរីកចម្រើនផ្នែកឧស្សាហកម្មទាំងនេះ ត្រូវបានរំពឹងថានឹងជួយជម្រុញកំណើនប្រាក់ចំណូលរបស់ពលករនៅជនបទឱ្យបានឆាប់រហ័ស និងបង្កើតសមាហរណកម្មអភិវឌ្ឍន៍រវាងតំបន់ទីក្រុង និងជនបទ។

អ្នកជំនាញសេដ្ឋកិច្ច និងកសិកម្ម បានសង្កត់ធ្ងន់ថា គោលនយោបាយចំគោលដៅនេះ គឺដើម្បីដោះស្រាយចំណុចខ្សោយនានាដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសេដ្ឋកិច្ចជាតិ។ លោក Tu Shengwei អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកែទម្រង់ បានចង្អុលបង្ហាញថា ទោះបីជាប្រទេសចិនសម្រេចបាននូវជំហានឈានជើងយ៉ាងធំធេងក្នុងការធ្វើទំនើបកម្មជារួមក៏ដោយ ប៉ុន្តែបើពិនិត្យលើប្រវត្តិសាស្ត្រ វិស័យកសិកម្មនៅតែជាចំណុចខ្សោយនៅឡើយ។

លោកបានកត់សម្គាល់ថា ផែនការមេដែលទើបតែប្រកាសនេះ បង្ហាញពីការជម្រុញយ៉ាងខ្លាំងក្លាដើម្បីបំពេញចន្លោះប្រហោងទាំងនោះ ស្របពេលជាមួយនឹងការបត់បែនទៅតាមការផ្លាស់ប្តូរប្រជាសាស្ត្រ និងស្ថានភាពជាក់ស្តែងនៅជនបទ។

ការអនុវត្តយុទ្ធសាស្ត្រជាតិនេះ គឺផ្អែកលើក្របខ័ណ្ឌគោលនយោបាយដ៏តឹងរ៉ឹងមួយ ដែលពន្យល់ដោយលោក Hu Xiangdong អគ្គនាយកនៃវិទ្យាស្ថានសេដ្ឋកិច្ច និងអភិវឌ្ឍន៍កសិកម្ម នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន។

លោកបានពន្យល់ថា ផែនការនេះត្រូវបានសង្កត់ធ្ងន់ដោយគោលការណ៍សំខាន់ចំនួនពីរដែលមិនអាចផ្លាស់ប្តូរបានោះ គឺការធានាសន្តិសុខស្បៀងឱ្យបានច្បាស់លាស់ និងការការពារមិនឱ្យ​មានការធ្លាក់ចូលទៅក្នុងភាពក្រីក្រឡើងវិញជាទ្រង់ទ្រាយធំ។

បន្ថែមលើមូលដ្ឋានគ្រឹះទាំងនេះ យុទ្ធសាស្ត្រនេះបានដាក់ចេញនូវសសរស្តម្ភស្នូលចំនួនបីនៃការធ្វើទំនើបកម្ម ដែលតម្រូវឱ្យមានការផ្លាស់ប្តូរការធ្វើកសិកម្មបែបប្រពៃណី ទៅជាឧស្សាហកម្មទំនើបខ្នាតធំដែលមានភាពប្រកួតប្រជែងខ្ពស់ ការបំពាក់ហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់នៅតាមភូមិឋាន ដើម្បីធានាបាននូវលក្ខខណ្ឌរស់នៅបែបទំនើប និងការធានាឱ្យបាននូវជីវភាពរស់នៅដ៏សម្បូរបែបសម្រាប់សហគមន៍ជនបទផងដែរ។

គួរឱ្យដឹងដែរថា គំនិតផ្តួចផ្តើមសម្រាប់ឆ្នាំ ២០២៦-២០៣០ នេះ គឺត្រូវបានកសាងបន្តដោយផ្ទាល់ពីលើយុទ្ធនាការដ៏ធំធេងមុនៗរបស់ប្រទេសចិន ដែលបានជួយសង្គ្រោះប្រជាពលរដ្ឋនៅជនបទជិត ៩៩ លាននាក់ ឱ្យរួចផុតពីភាពក្រីក្រខ្លាំងនៅចន្លោះឆ្នាំ ២០១២ ដល់ឆ្នាំ ២០២០។

បន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលអន្តរកាល ៥ ឆ្នាំ ក្នុងការរក្សាស្ថិរភាពសហគមន៍ទាំងនោះរួចមក ក្របខ័ណ្ឌថ្មីរបស់ក្រុមប្រឹក្សារដ្ឋនេះ មានគោលបំណងបង្វែរតំបន់ទាំងនេះពីការកាត់បន្ថយភាពក្រីក្រកម្រិតមូលដ្ឋាន ទៅជាការស្តារ និងអភិវឌ្ឍន៍ជនបទឡើងវិញប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាពយូរអង្វែង៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា