បរទេស ៖ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា។

បរទេស ៖ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា។
តាមការចេញផ្សាយដោយ Anadolu Agency បានបញ្ជាក់ថា ទីក្រុងប៉េកាំង បានអំពាវនាវឱ្យតំបន់អឺរ៉ុបគោរពច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងចៀសវាងការប្រើប្រាស់វិធានការណ៍ដែលរំខានដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចសកល។ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមរបស់ក្រុម G7 ស្តីពីរ៉ែកម្រសំខាន់ៗ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានបញ្ជាក់ថា គោលជំហររបស់ក្រុងប៉េកាំងនៅតែរក្សាស្ថិរភាពនៃខ្សែចង្វាក់ផលិតកម្ម ក៏ដូចជាការផ្គត់ផ្គង់ទៅកាន់ទីផ្សារសកល។
លោក Lin Jian បានប្រាប់អ្នកយកព័ត៌មានថា កិច្ចប្រឹងប្រែងរបស់ចិនក្នុងការគ្រប់គ្រង និងកែលម្អប្រព័ន្ធត្រួតពិនិត្យលើការនាំចេញរបស់ខ្លួន គឺស្របទៅនឹងការអនុវត្តជាអន្តរជាតិទូទៅ ជាមួយនឹងគោលបំណងថែរក្សាសន្តិភាពពិភពលោក និងស្ថិរភាពក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង ព្រមទាំងដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិ ដូចជា ការមិនសាយភាយអាវុធជាដើម។ មិនត្រឹមតែប៉ុណ្ណោះ លោក Lin Jian ក៏បានជំរុញឲ្យក្រុមប្រទេស G7 អនុវត្តតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារ ច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិឱ្យបានម៉ត់ចត់ ហើយបញ្ឈប់ការបំផ្លិចបំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិតាមរយៈការប្រើប្រាស់ច្បាប់ “ក្រុមតូចតាច” របស់ខ្លួនតទៅទៀត។ យ៉ាងណាក៏ដោយ បើទោះបីជាសេចក្តីថ្លែងការណ៍រួមរបស់ក្រុម G7 មិនបានបញ្ចេញឈ្មោះប្រទេសចិនចំៗក៏ដោយ ប៉ុន្តែបានសង្កត់ធ្ងន់លើការកាត់បន្ថយលើការពឹងផ្អែកអ្នកផ្គត់ផ្គង់រ៉ែកម្រសំខាន់ៗតែមួយគត់ ខណៈដែលចិនគ្រប់គ្រងលើវិស័យនេះស្ទើរតែទាំងស្រុងនៅលើទីផ្សារពិភពលោក។
សូមជម្រាបថា ការលើកឡើងរបស់ភាគីចិននេះកើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំ G7 បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសម្របសម្រួលលើខ្សែចង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ តាមរយៈប្រកាសបង្កើតសម្ព័ន្ធភាពថ្មីមួយដើម្បីឆ្លើយតបទៅនឹងវិបត្តិដើម្បីកាត់បន្ថយហានិភ័យ និងភាពងាយរងគ្រោះដែលពាក់ព័ន្ធនឹងប្រភពផ្គត់ផ្គង់តែមួយ។ គំនិតផ្តួចផ្តើមរបស់ G7 រួមមាន ផែនការសម្របសម្រួលលើការរក្សាទុកទំនិញបម្រុង ការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ថ្មីៗ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។ បណ្តាប្រទេសទាំងនេះក៏បានកំណត់គោលដៅកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ណាមួយដែលមិនមែនជាសមាជិក G7 សម្រាប់លោហៈកម្រ និងមេដែកអចិន្ត្រៃយ៍ឱ្យមកនៅកម្រិតក្រោម ៦០ ភាគរយត្រឹមឆ្នាំ២០៣០ ។ បញ្ហានេះបានក្លាយជាចំណុចទាស់ទែងគ្នាកាន់តែខ្លាំងឡើងរវាងចិន និងបណ្តាប្រទេសសេដ្ឋកិច្ចលោកខាងលិច ខណៈដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ចំពោះប្រភេទរ៉ែកម្រសម្រាប់ផលិតរថយន្តអគ្គិសនី (EV) បច្ចេកវិទ្យាថាមពលកកើតឡើងវិញ ឈីប និងវិស័យយោធាការពារជាតិ៕
