បរទេស៖ ប្រទេសចិន បាននិងកំពុងក្លាយជាគោលដៅចម្បងសម្រាប់វិនិយោគិនដែលជាអ្នកមានៗបំផុតនៅលើពិភពលោក ដោយសារវិស័យបច្ចេកវិទ្យាមានភាពជឿនលឿន និងគោលនយោបាយគាំទ្រដែលមានភាពអំណោយផល ដើម្បីកែលម្អដល់គុណភាពវិនិយោគបរទេសនៅក្នុងស្រុក។ នេះបើយោងតាមសារព័ត៌មានចិន Yicai Global ។

បរទេស៖ ប្រទេសចិន បាននិងកំពុងក្លាយជាគោលដៅចម្បងសម្រាប់វិនិយោគិនដែលជាអ្នកមានៗបំផុតនៅលើពិភពលោក ដោយសារវិស័យបច្ចេកវិទ្យាមានភាពជឿនលឿន និងគោលនយោបាយគាំទ្រដែលមានភាពអំណោយផល ដើម្បីកែលម្អដល់គុណភាពវិនិយោគបរទេសនៅក្នុងស្រុក។ នេះបើយោងតាមសារព័ត៌មានចិន Yicai Global ។
ចិននៅតែជាទិសដៅវិនិយោគដ៏សំខាន់មួយសម្រាប់វិនិយោគិនសកលលោក ដោយសារមានទីផ្សារដ៏ធំរបស់ខ្លួន និងផ្តល់ការគាំទ្រដ៏អំណោយផលទាក់ទងនឹងសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម ក៏ដូចជាការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា។
របាយការណ៍ពី UBS Global Family Office Report 2026 បានឱ្យដឹងថា ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិឯកជនលក្ខណៈគ្រួសារមហាសេដ្ឋីលំដាប់ពិភពលោក កំពុងប្តូរទិសដៅវិនិយោគហួសពីទីផ្សារបែបប្រពៃណី ដូចជា លោកខាងលិចជាដើម។ ការិយាល័យលក្ខណៈគ្រួសារមកពីអាស៊ីប៉ាស៊ីហ្វិក ៣៩ ភាគរយ គ្រោងនឹងបង្កើនការវិនិយោគនៅក្នុងចិនដីគោក។
វិនិយោគិន ៦៥ ភាគរយ មានទំនុកចិត្តថា តម្លៃប្រាក់ដុល្លារអាម៉េរិកនឹងធ្លាក់ចុះ ប៉ុន្តែតម្លៃប្រាក់យ័ននឹងមានស្ថិរភាពជាង ដោយសារការនាំចេញដ៏រឹងមាំ និងលក្ខខណ្ឌទីផ្សារអំណោយផល ដែលធ្វើឱ្យទ្រព្យសកម្ម ឬ ភាគហ៊ុននៅក្នុងប្រទេសចិនមានសុវត្ថិភាពសម្រាប់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ ចិនបានពង្រីកការលើកទឹកចិត្តបន្ថែមដល់អ្នកទុនបរទេស និងនីតិវិធីសម្រាប់ការវិនិយោគមានភាពងាយស្រួលជាងមុន។
ទន្ទឹមនឹងនេះ វិនិយោគិនកំពុងផ្តោតលើវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់របស់ចិន ដែលកំពុងរីកចម្រើនលឿន រួមមាន បញ្ញាសិប្បនិម្មិត (AI), ឈីប, មនុស្សយន្ត និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ជាដើម។ ស្របពេលដែលវិនិយោគិនត្រូវការរីកចម្រើន ការច្នៃប្រឌិត និងស្ថិរភាពរយៈពេលវែង ចិនកំពុងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតមួយរបស់ពិភពលោក។
យោងតាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុចិន បានឱ្យដឹងថា ក្រុមហ៊ុនបរទេសថ្មីៗជាង ៧ ម៉ឺនកន្លែងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិនកាលពីឆ្នាំ ២០២៥ កើនឡើង ១៩ ភាគរយធៀបនឹងឆ្នាំ ២០២៤។ ចិនបានទាក់ទាញការវិនិយោគបរទេសចំនួន ៧៤៧,៧ ពាន់លានយ័ន (១០៧,៧ ពាន់លានដុល្លារ) ដែលក្នុងនោះជាង ៣២ ភាគរយត្រូវបានវិនិយោគនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់។
លើសពីនេះ សមត្ថភាពច្នៃប្រឌិតផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់ចិនជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលៗនៅទូទាំងពិភពលោក ធ្វើឱ្យឱកាសាទាំងនោះក្លាយជានៃកម្លាំងចលករដ៏សំខាន់សម្រាប់សហគ្រាសបរទេស ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងជាសកលរបស់ពួកគេ។
វិស័យឌីជីថលរបស់ចិន ទទួលបានការរីកចម្រើន ដោយសាររបកគំហើញបច្ចេកវិទ្យា, ភាពសម្បូរបែបនៃកម្មវិធីដែលដាក់ឱ្យមនុស្សប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ, និងធនធានមនុស្សដែលមានទេពកោសល្យ ដែលបង្កើតប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្របច្ចេកវិទ្យាដ៏ធំបំផុតរបស់ពិភពលោក។
ជាលទ្ធផល ក្រុមហ៊ុនបរទេសជាច្រើនចាប់អារម្មណ៍ទៅលើបរិយាកាសអំណោយផលទាំងនេះ ហើយពួកគេបានបង្កើតអង្គភាពដែលមានការច្នៃប្រឌិត និងនវានុវត្តន៍ ដូចជា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍, មជ្ឈមណ្ឌលទិន្នន័យ, និងមជ្ឈមណ្ឌលសាកល្បងបច្ចេកវិទ្យាថ្មីនៅក្នុងប្រទេសចិន៕
