បរទេស ៖ ចិន បានចេញបទប្បញ្ញត្តិសន្តិសុខជាតិថ្មីមួយ ដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការវិនិយោគនៅបរទេស ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ ចំពេលដែលកំពុងមានការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាជាមួយអាមេរិកកាន់តែខ្លាំងឡើង។

បរទេស ៖ ចិន បានចេញបទប្បញ្ញត្តិសន្តិសុខជាតិថ្មីមួយ ដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការវិនិយោគនៅបរទេស ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ ចំពេលដែលកំពុងមានការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាជាមួយអាមេរិកកាន់តែខ្លាំងឡើង។
យោងតាមសេចក្ដីរាយការណ៍ពី CNA បានឱ្យដឹងថា ច្បាប់ថ្មីនេះត្រូវបានប្រកាសជាដំបូងកាលពីថ្ងៃទី១ ខែមិថុនា មកម្ល៉េះ ដោយផ្តល់ឱ្យអំណាចដ៏ទូលំទូលាយដល់អាជ្ញាធរដើម្បីបង្កើនការត្រួតពិនិត្យលើការវិនិយោគ, គ្រប់គ្រងលើលំហូរទុន, ធនធានមនុស្សឆ្លងកាត់ព្រំដែនប្រទេសចិន ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ។ បទប្បញ្ញត្តិថ្មីនេះបានគូសបញ្ជាក់ថា ការវិនិយោគទៅក្រៅប្រទេសត្រូវតែប្រកាន់ខ្ជាប់នូវគំនិតសន្តិសុខជាតិរួម។ មិនត្រឹមតែប៉ុណ្ណោះ ការរឹតត្បិតដែលមានស្រាប់លើការផ្ទេរទ្រព្យសម្បត្តិឆ្លងកាត់ព្រំដែនត្រូវបានពង្រីកវិសាលភាពលើសពីទំនិញ និងទិន្នន័យ ពោលគឺរាប់បញ្ចូលទាំងការនាំចេញសេវាកម្ម ដូចជា ការបញ្ជូនអ្នកជំនាញបច្ចេកទេសទៅក្រៅប្រទេស ឬ ការរៀបចំការបណ្តុះបណ្តាលនៅបរទេសផងដែរ។
ទីក្រុងប៉េកាំងបានមើលឃើញថា វិស័យដែលជឿនលឿន ដូចជា បញ្ញាសិប្បនិម្មិត AI, បន្ទះឈីបកុំព្យូទ័រ, និងបច្ចេកវិទ្យាបៃតង មានសារៈសំខាន់ខ្លាំងណាស់ទាំងផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ ហើយរដ្ឋាភិបាលប្តេជ្ញាជំរុញការអភិវឌ្ឍវិស័យទាំងនេះនៅក្នុងស្រុក។ ដូច្នោះហើយ វិធានការថ្មីទាំងនេះមានគោលបំណងលើកកម្ពស់គុណភាព និងកម្រិតនៃការវិនិយោគទៅក្រៅប្រទេស។ ជារឿយៗ ទីក្រុងប៉េកាំងតែងតែងមានការសង្ស័យលើប្រតិបត្តិការឆ្លងដែន។ ជាក់ស្តែង កាលពីខែមេសាកន្លងទៅនេះ ស្ថាប័នរៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ចិនបានបដិសេធរារាំងក្រុមហ៊ុន Meta ពីការទិញយកក្រុមហ៊ុនបញ្ញាសិប្បនិម្មិតជំនាន់ថ្មីរបស់ចិន Manus ប៉ុន្តែបច្ចុប្បន្នមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
ទោះជាយ៉ាងណាក្តី វិនិយោគិនមួយចំនួនបានបង្ហាញពីក្ដីព្រួយបារម្ភថា ច្បាប់នេះនឹងកាន់តែរឹតត្បិតសមត្ថភាពបច្ចេកវិទ្យារបស់ចិនមិនឱ្យចូលទៅកាន់ទីផ្សារពិភពលោកបានទូលំទូលាយដូចមុននោះទេ ខណៈដែលវាកំពុងមានសកម្មភាពយ៉ាងរស់រវើក និងរីកដុះដាលយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ចំណាត់ការនេះនឹងកាន់តែបង្កើតហានិភ័យបន្ថែមទៀតសម្រាប់ក្រុមហ៊ុនបរទេស។
លោកស្រី Alicia Garcia-Herrero ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារវិនិយោគ Natixis បានលើកឡើងថា កិច្ចការពារខ្លួនរបស់ចិននៅក្នុងសង្គ្រាមបច្ចេកវិទ្យាជាមួយអាម៉េរិក បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់ផ្សេងទៀតដែលបាត់បង់ទាំងឱកាសទទួលបានការវិនិយោគ បច្ចេកវិទ្យា AI និងធនធានអ្នកជំនាញពីប្រទេសចិន។ ស្របពេលដែលការប្រកួតប្រជែងបច្ចេកវិទ្យារវាងអាម៉េរិក និងចិនកាន់ខ្លាំងឡើង អឺរ៉ុបនឹងត្រូវស្វែងរកដៃគូយុទ្ធសាស្ត្រសំខាន់ៗផ្សេងទៀតដូចជា កូរ៉េខាងត្បូង និងជប៉ុន។
លោកស្រី Alicia បាននិយាយថា នេះជារឿងដ៏អាក្រក់បំផុតសម្រាប់ទ្វីបអឺរ៉ុប។ កន្លងមក គេអាចនឹងគិតថា អឺរ៉ុបអាចពឹងផ្អែក ឬ យកម៉ូដែល AI បើកចំហរបស់ចិនមកប្រើប្រាស់ និងអភិវឌ្ឍបន្តបានយ៉ាងងាយស្រួល។ ប៉ុន្តែពេលនេះ ការគិតបែបនោះគឺខុសស្រឡះ ព្រោះអឺរ៉ុបលែងមានលទ្ធភាពអាចពឹងផ្អែកលើបច្ចេកវិទ្យាទាំងនោះបានទៀតហើយ ដោយសារតែច្បាប់រឹតបន្តឹងថ្មីរបស់ចិន។’
