បរទេស ៖ ចិន បានវ៉ាដាច់សហរដ្ឋអាម៉េរិកក្នុងការក្លាយជាដៃគូពាណិជ្ជកម្មកំពូលទី១របស់អាល្លឺម៉ង់ ខណៈដែលអធិការបតី លោក Friedrich Merz នឹងធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ទីក្រុងប៉េកាំង នេះបើយោងតាមការរាយការណ៍ពី The Guardian។

បរទេស ៖ ចិន បានវ៉ាដាច់សហរដ្ឋអាម៉េរិកក្នុងការក្លាយជាដៃគូពាណិជ្ជកម្មកំពូលទី១របស់អាល្លឺម៉ង់ ខណៈដែលអធិការបតី លោក Friedrich Merz នឹងធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ទីក្រុងប៉េកាំង នេះបើយោងតាមការរាយការណ៍ពី The Guardian។
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Sebastian Hille បានបង្ហើបថា អធិការបតី លោក Friedrich Merz នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃអង្គារ៍ សប្ដាហ៍ក្រោយ ដែលនឹងទទួលបានកិច្ចស្វាគមន៍ដោយក្រុមកម្លាំងយោធាកិត្តិយសនៅទីក្រុងប៉េកាំងនាថ្ងៃពុធ ក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រី Li Qiang មុនពេលជួបពិភាក្សាជាមួយប្រធានាធិបតី Xi Jinping ក្នុងពិធីទទួលទានអាហារពេលល្ងាច។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ប្រទេសចិន លោក Merz នឹងទៅទស្សនាព្រះរាជវាំងចិន ឬ Forbidden City, ក្រុមហ៊ុន រ៉ូបូត Unitree Robotics, ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Mercedes-Benz និងក្រុមហ៊ុនផលិតទួរប៊ីន Siemens Energy ។ បន្ថែមពីនេះ លោកក៏នឹងទៅទស្សនាទីក្រុងហាងចូវផងដែរ។

ការិយាល័យស្ថិតិរបស់អាល្លឺម៉ង់បានចេញផ្សាយថា ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ជាមួយទំហំរហូតដល់ប្រមាណ ២៥១ ពាន់លានអឺរ៉ូ ឬស្មើនឹងប្រមាណ ២៩៦,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើង ២,២% ធៀបនឹងឆ្នាំ២០២៤។ អាល្លឺម៉ង់ នាំចូលទំនិញពីចិនមានតម្លៃប្រមាណ ១៧០,៦ ពាន់លានអឺរ៉ូ ឬស្មើនឹង ២០១,៦ ពាន់លានដុល្លារ ដែលច្រើនជាងទ្វេដងនៃតម្លៃនាំចេញពីអាល្លឺម៉ង់ទៅកាន់ប្រទេសចិន ប្រមាណត្រឹមតែ ៨១,៣ ពាន់លានអឺរ៉ូ ឬ ៩៦ ពាន់លានដុល្លារប៉ុណ្ណោះ។ ដោយឡែក សម្រាប់សហរដ្ឋអាម៉េរិក បានបាត់ដំណែងរបស់ខ្លួន និងធ្លាក់ទៅលេខរៀងទី២ ក្នុងនាមជាដៃគូពាណិជ្ជកម្មជាមួយអាល្លឺម៉ង់ ដោយទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃប្រមាណ ២៤០ ពាន់លានអឺរ៉ូ ឬ ២៨៣,៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៥% ធៀបនឹងឆ្នាំ២០២៤ ដោយសារសម្ពាធពន្ធគយរបស់ប្រធានាធិបតីលោក Donald Trump ។
គួរកត់សម្គាល់ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BMW លោក Oliver Zipse នឹងក្លាយជាអ្នកតំណាងអាជីវកម្មម្នាក់ក្នុងចំណោម ២០ នាក់ ដើម្បីអមដំណើរអធិការបតី លោក Friedrich Merz ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាសប្ដាហ៍ក្រោយនេះ។
លោក Oliver Zipse បានលើកឡើងថា បញ្ហាប្រឈមសកលដ៏ស្មុគស្មាញអាចដោះស្រាយទៅបាន ដោយសារការធ្វើការរួមគ្នា។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន បានបង្ហាញពីសញ្ញាវិជ្ជមាននៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ។

សូមបញ្ជាក់ដែរថា សហភាពអឺរ៉ុបធ្លាប់ដាក់ពន្ធលើការនាំចូលរថយន្តអគ្គិសនីពីចិនក្នុងឆ្នាំ២០២៤ ក្រោមហេតុផលថា ការផលិតរបស់ចិនច្រើនលើសលប់ដែលធ្វើឲ្យការនាំចូលមានផលប៉ះពាល់ដល់អ្នកផលិតរបស់អឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុបចង់ដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួនដើម្បីផ្តាច់ខ្លួនចេញពីប្រទេសចិនផងដែរ ដោយសារមហាអំណាចមួយនេះគ្របដណ្តប់លើការផ្គត់ផ្គង់រ៉ែកម្រ និងរ៉ែកម្រកែច្នៃ ឬ រ៉ែចម្រាញ់ ដូចជា លីចូម ដែលសំខាន់សម្រាប់អាគុយ EV និងមេដែកជាធាតុផ្សំចាប់ពីរថយន្ត និងទូរទឹកកក រហូតដល់យន្តហោះយោធាជាដើម។ យ៉ាងណាមិញ វិធានការដាក់ពន្ធលើការនាំចូលរថយន្តអគ្គិសនីពីចិន មានឥទ្ធិពលតិចតួចប៉ុណ្ណោះលើការលក់ដោយសាររថយន្តចិនមានតម្លៃថោកជាង ដែលធ្វើឲ្យមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារពិភពលោក។
ជាមួយគ្នានេះ ស្របពេលដែលចិននៅតែជាផ្នែកមួយយ៉ាងសំខាន់សម្រាប់គាំទ្រដល់ឧស្សាហកម្មរថយន្តរបស់ខ្លួន អាល្លឺម៉ង់ បានបោះឆ្នោតប្រឆាំងនឹងសហភាពអឺរ៉ុបក្នុងការដាក់ពន្ធនេះ ខណៈដែលកិច្ចទំនាក់ទំនងពាណិជ្ជកម្មរបស់អាល្លឺម៉ង់ជាមួយចិនក៏មានភាពស្មុគ្រស្មាញ វត្តមានក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនកំពុងមានសង្វាក់ផលិតកម្មនៅក្នុងប្រទេសចិន។ ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Volkswagen បានចាត់ទុកថា ចិន ជាផ្ទះទី២ របស់ខ្លួន ខណៈដែលក្រុមហ៊ុន BMW និង Mercedes-Benz ក៏ពឹងផ្អែកយ៉ាងខ្លាំងលើការលក់នៅក្នុងទីផ្សារប្រទេសចិនផងដែរ៕
