បរទេស ៖ វិស័យបច្ចេកវិទ្យាអាកាសចរណ៍គ្មានមនុស្សបើករបស់ប្រទេសចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក ហោះម្តងបានចម្ងាយ ៣ ០០០ គីឡូម៉ែត្រ ។

បរទេស ៖ វិស័យបច្ចេកវិទ្យាអាកាសចរណ៍គ្មានមនុស្សបើករបស់ប្រទេសចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក ហោះម្តងបានចម្ងាយ ៣ ០០០ គីឡូម៉ែត្រ ។
យន្តហោះគ្មានមនុស្សបើកខ្នាតយក្សមួយនេះ មានឈ្មោះថា Changying-8 ហៅកាត់ CY-8 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន China North Industries Group Corporation នេះ បានហោះហើរសាកល្បងលើកដំបូងកាលពីថ្ងៃចុងខែមុន ក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន ។
អំឡុងពេលធ្វើតេស្តនោះ ដ្រូនធុនធ្ងន់ CY-8 ត្រូវការផ្លូវរត់ខ្លីប្រហែល ២៨០ ម៉ែត្រប៉ុណ្ណោះ មុនពេលហោះឡើងលើផ្ទៃមេឃ ។ ប្រព័ន្ធសំខាន់ៗ រួមមានការគ្រប់គ្រងការហោះហើរ ម៉ាស៊ីន ប្រេងឥន្ធនៈ និងប្រព័ន្ធអេឡិចត្រូនិច ត្រូវបានសាកល្បងរហូតដល់បញ្ចប់ការហោះហើរចំនួន ៣០ នាទី ។
បើតាម Interesting engineering, អ្នកអភិវឌ្ឍបានបង្កើតវាឡើង ក្នុងគោលបំណងគាំទ្រដល់ប្រតិបត្តិការ ទាំងស៊ីវិល និងយោធា ។ CY-8 មានទម្ងន់ទទេចំនួន ៣,៥ តោន និងអាចផ្ទុកទំនិញបន្ថែមចំនួន ៣,៥ តោនទៀត ដែលធ្វើឱ្យវាមានសមត្ថភាពផ្ទុកទម្ងន់អតិបរមារហូតដល់ ៧ តោន ។
ដ្រូន CY-8 មានតួខ្លួនប្រវែង ១៧ ម៉ែត្រ ស្លាបមានប្រវែង ២៥ ម៉ែត្រ និងឃ្លាំងផ្ទុកទំនិញមានទំហំធំរហូតដល់ ១៨ ម៉ែត្រគូប ដែលអាចដាក់ទូកុងតឺន័រខ្នាតស្តង់ដារអាកាសចរណ៍ ឬប្រអប់រក្សាភាពត្រជាក់ (Cold-chain) បានយ៉ាងងាយស្រួល ។ វាអាចសំកាំងខ្លួនលើអាកាសក្នុងចម្ងាយឆ្ងាយជាង ៣ ០០០ គីឡូម៉ែត្រ និងផ្ទេរទំនិញ ចេញ-ចូល ចំណាយពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ដែលនេះជួយបង្កើនប្រសិទ្ធភាពដឹកជញ្ជូនបានយ៉ាងឆាប់រហ័ស សម្រាប់ប្រតិបត្តិការនៅតំបន់ខ្ពង់រាប ឬកោះដាច់ស្រយាល ។
យោងតាម China Daily, យន្តហោះគ្មានមនុស្សបើកខ្នាតយក្សនេះ ត្រូវបានគេរំពឹងថា នឹងចូលបម្រើសេវាកម្មដឹកជញ្ជូនទំនិញ ស្បៀងអាហារ និងសម្ភារៈសំខាន់ៗទៅកាន់តំបន់ដាច់ស្រយាល ក៏ដូចជាប្រើប្រាស់ក្នុងកិច្ចការសង្គ្រោះបន្ទាន់ ដូចជាគ្រោះទឹកជំនន់ជាដើម ៕ ប្រភព ៖ Interesting engineering និង China Daily ប្រែសម្រួល ៖ ឈឹម ទីណា
