បរទេស ៖ ៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤ ព្រោះបច្ចុប្បន្ន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាន់តែរីកចម្រើន និងការប្រកួតប្រជែងក្នុងឧស្សាហកម្មផលិតឡានអគ្គិសនីក៏កាន់តែខ្លាំងក្លានៅក្នុងប្រទេសចិន។
លោក Paul Gong ដែលជាប្រធានផ្នែកស្រាវជ្រាវឧស្សាហកម្មចិនបាននិយាយថា ចំនួនឡានតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ឬ Robotaxi នៅប្រទេសចិន នឹងមានរហូតដល់ ៤លានគ្រឿងនៅត្រឹមចុងឆ្នាំ២០៣០ ខណៈដែលពលរដ្ឋចិនមានចំណេះដឹងពីបច្ចេកវិទ្យាថ្មីៗកាន់តែច្រើនឡើង។
បើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post ការលក់ឡានតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ អាចស្មើទឹកប្រាក់ប្រហែល ១៨៣ពាន់លានដុល្លារក្នុងមួយឆ្នាំ បើសិនឡានតាក់ស៊ីដឹកអ្នកដំណើរបច្ចុប្បន្ន ផ្លាស់ប្តូរជាឡានតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិទាំងអស់។
លោក Gong បន្ថែមថា ក្រុមហ៊ុនចិនបានចំណាយដើមទុនតិចជាងមុន សម្រាប់ការផលិតឡានអគ្គិសនី ដែលនេះជាកត្តាសំខាន់ជួយបង្កើនការផលិតឡានតាក់ស៊ីគ្មានមនុស្សបើក។ លោកថា ដើមទុនផលិតឡានតាក់ស៊ីមួយគ្រឿង អាចធ្លាក់ចុះក្រោមនៅត្រឹមជាង ៤០ ០០០ដុល្លារប៉ុណ្ណោះ។
សព្វថ្ងៃ ស្តង់ដារឡានតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ អាចបញ្ជាដោយខ្លួនឯងរហូតដល់កម្រិត៤ ជាកម្រិតមិនចាំបាច់មានមនុស្សបញ្ជាទេ ដែលនេះជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ខណៈកំពុងបោះជំហានឆ្ពោះទៅកាន់កម្រិត៥ ជាកម្រិតបើកបរដោយស្វ័យប្រវត្តិយ៉ាងពេញលេញតែម្តងនាពេលអនាគត។ យ៉ាងណាមិញ ស្របពេលដែលបច្ចេកវិទ្យា AI កាន់តែរីកចម្រើនខ្លាំង និងអាចប្រើប្រាស់ជំនួសកម្លាំងពលកម្មរបស់មនុស្សនោះ បានធ្វើឱ្យអ្នកបើកឡានតាក់ស៊ីជាច្រើនព្រួយបារម្ភពីការបាត់បង់ការងារ និងប្រាក់ចំណូលចិញ្ចឹមគ្រួសារនាថ្ងៃអនាគត។ ប៉ុន្តែអ្នកបើកឡានតាក់ស៊ីក៏សង្ឃឹមដែរថា រដ្ឋាភិបាលនឹងជួយដោះស្រាយបញ្ហាកុំឱ្យពលរដ្ឋបាត់បង់ការងារ ដោយសារបច្ចេកវិទ្យារីកចម្រើនខ្លាំង ឬជួយរក្សាការងាររបស់ពលរដ្ឋ មុនបច្ចេកវិទ្យា AI ដណ្តើមជារៀងរហូត ៕ ប្រភព ៖ South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា