បរទេស ៖ សកម្មភាពសេដ្ឋកិច្ចរបស់ចិនកាលពីអំឡុងក្នុងខែមេសា កន្លងទៅនេះមានកំណើនយឺតជាងការព្រំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ក្នុងស្រុក ទិន្នផលឧស្សាហកម្ម និងការវិនិយោគមានការថមថយ គួបផ្សំជាមួយនឹងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះបានឲ្យដឹងថា ការលក់រាយដែលជារង្វាស់នៃចំនួនអ្នកប្រើប្រាស់កើនឡើងត្រឹមតែ ០,២% ប៉ុណ្ណោះនៅក្នុងមេសា ឆ្នាំ២០២៦ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលកំណើននេះគឺយឺតជាងការព្យាករណ៍របស់អ្នកសេដ្ឋកិច្ច ហើយក៏ជាកំណើនដែលយឺតជាងគេបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ បើគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។ ដោយឡែក ទិន្នផលឧស្សាហកម្មមានការកើនឡើង ៤,១% នៅក្នុងខែមេសាបើធៀបនឹងឆ្នាំមុន ប៉ុន្តែធ្លាក់ចុះពីកំណើន ៥,៧% នៅក្នុងខែមីនា និងយឺតជាងការព្យាករណ៍ ៥,៩%។ ការវិនិយោគលើទ្រព្យសកម្មថេរក្នុងទីក្រុងរួមមាន អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ធ្លាក់ចុះ ១,៦% ក្នុងរយៈពេល ៤ ខែដំបូងក្នុងឆ្នាំនេះ ធៀបនឹងឆ្នាំ២០២៥។
ទោះជាយ៉ាងណាក្តី ការនាំចេញរបស់ចិនក្នុងអំឡុងខែមេសា មានការកើនឡើង ដោយសាររោងចក្រជាច្រើនព្យាយាមបំពេញតម្រូវការនៅបរទេស ដែលកើនឡើងខ្លាំងពីអ្នកទិញបរទេសប្រជែងគ្នាដើម្បីស្តុកទុកទំនិញចំពេលមានក្ដិព្រួយបារម្ភថាសង្រ្គាមនៅមជ្ឈិមបូព៌ាអាចជំរុញឱ្យតម្លៃនៃមុខទំនិញកើនឡើងខ្ពស់ ដែលជំរុញឱ្យការនាំចេញបានកើនឡើង ១៤,១% ខ្ពស់ជាងការព្យាករណ៍ ៧,៩%។ ជារួម ការនាំចេញមានភាពល្អប្រសើរជាងការរំពឹងទុក ហើយការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈក្នុងស្រុកបានជួយសម្រួលដល់ការប៉ះទង្គិចផ្នែកថាមពល។ លើសពីនេះ អត្រាគ្មានការងារធ្វើនៅតាមទីក្រុងបានធ្លាក់ចុះដល់ ៥,២.% ក្នុងខែមេសាធ្លាក់ចុះពី ៥,៤% នៅក្នុងខែមីនា។ យ៉ាងណាក៏ដោយ ទោះបីជាមានវិធានការណ៍ទប់តម្លៃខ្លះក៏ដោយ ប៉ុន្តែតម្លៃវត្ថុធាតុដើម និងការដឹកជញ្ជូនផ្សេងៗនៅតែឡើងថ្លៃ បណ្តាលឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់រោងចក្រ។ ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ាកាន់តែអូសបន្លាយ នោះថ្លៃដើមនឹងកាន់តែកើនឡើងខ្ពស់ ហើយវានឹងកាត់បន្ថយប្រាក់ចំណេញរបស់រោងចក្រ ឬ សហគ្រាស ខណៈដែលបច្ចុប្បន្នកំពុងតែទន់ខ្សោយស្រាប់ទៅហើយនោះ៕