បរទេស៖ នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥% បើទោះបីជាពិភពលោកកំពុងរងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC។

បរទេស៖ នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥% បើទោះបីជាពិភពលោកកំពុងរងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនកើនឡើង ៥% ក្នុងត្រីមាសទី ១ នៃឆ្នាំ២០២៦ នេះ ដែលត្រូវបានជំរុញដោយការកើនឡើងនៃផលិតកម្មក្នុងស្រុក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការព្យាករណ៍របស់សេដ្ឋវិទូក្នុងរង្វង់ត្រឹមតែប្រហែល ៤,៨ ភាគរយប៉ុណ្ណោះ ដែលជាការស្ទុះងើបឡើងវិញពីអត្រា ៤,៥ ភាគរយនៅក្នុងត្រីមាសទី ៤ កាលពីឆ្នាំ២០២៥ ។
លោក Kyle Chan អ្នកវិភាគមកពីស្ថាប័ន Brookings Institution បានលើកឡើងថា ឧស្សាហកម្មរថយន្ត និងការនាំចេញផ្សេងទៀតរបស់ចិនក៏ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ យ៉ាងណាក៏ដោយ បើទោះបីជាគេមិនទាន់មើលឃើញពីឥទ្ធិពលទាំងស្រុងនៃសង្រ្គាមនៅមជ្ឈិមបូព៌ាមកលើប្រទេសចិននាពេលនេះក្តី ប៉ុន្តែតួលេខ GDP នៅត្រីមាសបន្ទាប់ទំនងជាអាចធ្លាក់ចុះដោយសារការរំខានផ្នែកពាណិជ្ជកម្មដែលបណ្តាលមកពីជម្លោះនៃភ្លើងសង្គ្រាមមួយនេះ។
កាលពីខែមីនា ចិនបានប្រកាសពីគោលដៅសេដ្ឋកិច្ចក្រោមផែនការ៥ឆ្នាំរបស់ខ្លួន ដោយទីក្រុងប៉េកាំងបានសន្យាថា នឹងវិនិយោគយ៉ាងច្រើនទៅលើការច្នៃប្រឌិត ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងការខិតខំប្រឹងប្រែងដើម្បីជំរុញការចំណាយក្នុងស្រុក។ យ៉ាងណាមិញ បក្សកុម្មុយនិស្តចិនកំពុងព្យាយាមកែទម្រង់សេដ្ឋកិច្ចរបស់ប្រទេស ខណៈដែលកំពុងជួបបញ្ហាជាច្រើនរួមមាន ការប្រើប្រាស់ក្នុងស្រុកខ្សោយ, ចំនួនប្រជាជនធ្លាក់ចុះ និងវិបត្តិអចលនទ្រព្យអូសបន្លាយកាន់តែយូរ។ នៅផ្នែកខាងក្រៅវិញ ចិនក៏ប្រឈមមុខនឹងវិបត្តិថាមពលដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា, ភាពតានតឹងពាណិជ្ជកម្មសកល និងគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក Donald Trump ផងដែរ។ បច្ចុប្បន្ននេះ ទំនិញភាគច្រើនរបស់ចិនប្រឈមនឹងពន្ធ ១០% ពីអាម៉េរិក។ កាលពីថ្ងៃអង្គារ៍ រដ្ឋមន្ត្រីក្រសួងរតនាគាអាម៉េរិកលោក Scott Bessent បានលើកឡើងថា ពន្ធគយអាចនឹងត្រូវប្រកាសម្តងទៀតនៅដើមខែកក្កដា ខណៈដេលប្រធានាធិបតីចិនលោក Xi Jinping និង ប្រធានាធិបតីអាម៉េរិកលោក Donald Trump ត្រូវបានគេរំពឹងថានឹងជួបគ្នានៅប្រទេសចិនក្នុងខែឧសភាខាងមុខនេះ។
កាលពីថ្ងៃអង្គារ រដ្ឋបាលទូទៅនៃគយចិនបានចេញផ្សាយតួលេខនាំចេញប្រចាំខែមីនាដែលបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារជម្លោះនៅមជ្ឈិមបូព៌ា បានជំរុញឱ្យមានអតិផរណា និងកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់។ ការនាំចេញរបស់ចិនធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ២,៥ ភាគរយនៅក្នុងខែមីនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សេដ្ឋវិទូលើកឡើងថា សង្រ្គាមអាចប៉ះពាល់ដល់ការនាំចេញរបស់ចិន ដោយសារផលប៉ះពាល់នៃសង្គ្រាមកាន់តែធ្វើឲ្យអ្នកប្រើប្រាស់នៅជុំវិញពិភពលោកកាត់បន្ថយការចំណាយ។ ការនាំចូលរបស់ចិនបានកើនឡើងជិត ២៨ ភាគរយនៅក្នុងខែមីនា ទំនងជាជំរុញដោយការឡើងថ្លៃនៃតម្លៃដើមទូទាំងពិភពលោកដោយសារសង្រ្គាម។ ការបិទច្រកសមុទ្រ Hormuz ធ្ចើឲ្យនាវាជាច្រើនមិនអាចឆ្លងកាត់បាន និង ជំរុញឱ្យតម្លៃប្រេងឆៅក៏ដូចជាវត្ថុធាតុដើមផ្សេងទៀតឡើងថ្លៃ។ យ៉ាងណាក៏ដោយ ទោះបីជាចិនមិនសូវពឹងផ្អែកលើប្រេងពីរដ្ឋឈូងសមុទ្រ ដូចជាប្រទេសអាស៊ីផ្សេងៗទៀតក៏ដោយ ប៉ុន្តែប្រេងឥន្ធនៈមានតម្លៃកាន់តែថ្លៃក្នុងប្រទេស ខណៈក្រុមហ៊ុនអាកាសចរណ៍ចិនមួយចំនួនបានកាត់បន្ថយជើងហោះហើរ៕
