បរទេស៖ យោងតាមទិន្នន័យពីស្ថាប័នស្រាវជ្រាវថាមពល Ember បានឱ្យដឹងថា ការនាំចេញរថយន្តអគ្គិសនី EV របស់ចិន បានឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ មិនត្រឹមតែប៉ុណ្ណោះ តួលេខនេះកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា ខណៈដែលសម្រាប់តែខែឧសភា ចិន បាននាំចេញរថយន្តអគ្គិសនីសម្រាប់អ្នដឹកដំណើរប្រមាណ ៤៤៨,០០០ គ្រឿង ក្នុងនោះរួមមានរថយន្តអគ្គិសនីដើរដោយអាគុយសុទ្ធ (BEVs) ប្រហែល ២៧៩,០០០ គ្រឿង និង រថយន្តកូនកាត់ចំនួន ១៦៩,០០០ គ្រឿង។
ការកើនឡើងនូវចំណែកទីផ្សារនេះ ភាគច្រើនត្រូវបានជំរុញដោយតម្រូវការពីតំបន់អាស៊ីអាគ្នេយ៍ដោយសារមនុស្សកាន់តែច្រើនកំពុងជំរុញការផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូនទៅជាប្រភេទយាយន្តអគ្គិសនី តាមរយៈការផ្តល់ការលើកទឹកចិត្ត កាត់បន្ថយពន្ធនាំចូល ការអភិវឌ្ឍស្ថានីយសាកភ្លើង រួមជាមួយនឹងបទប្បញ្ញត្តិថ្មីៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈហ្វូស៊ីល។
នៅក្នុងខែឧសភាដដែល ការនាំចេញរថយន្តអគ្គិសនីរបស់ចិនមកកាន់តំបន់អាស៊ីអាគ្នេយ៍បានឈានដល់កំណត់ត្រា ១,២ ពាន់លានដុល្លារ ដោយក្នុងនោះ ថៃ និងហ្វីលីពីន មានតម្រូវការខ្ពស់ជាងគេ។ ថៃបាននាំចូលរថយន្តអគ្គិសនីពីចិនជាង ៣៦,០០០ គ្រឿង ដែលជាតួលេខប្រចាំខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ខណៈដែលហ្វីលីពីននាំចូលលើសពី ៣៣,០០០ គ្រឿង។ ក្រៅពីប្រទេសសេដ្ឋកិច្ចធំៗនៅក្នុងអាស៊ាន ឡាវ និងកម្ពុជា ក៏បានកត់ត្រានូវតួលេខនាំចូលរថយន្តអគ្គិសនីពីចិនខ្ពស់បំផុតក្នុងប្រចាំខែផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលបណ្តាប្រទេសនៅទូទាំងតំបន់អាស៊ានបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនី។ ជាក់ស្ដែង កាលពីចុងខែមីនាកន្លងទៅនេះ កម្ពុជា បានកាត់បន្ថយពន្ធគយលើរថយន្តអគ្គិសនីដើរដោយអាគុយសុទ្ធមកត្រឹម ០ ភាគរយ និងបញ្ចុះពន្ធលើរថយន្តកូនកាត់មកត្រឹម ៧ ភាគរយពីអត្រាពន្ធចាស់ ៣៥ ភាគរយ។ ដោយឡែក នៅខាងប្រទេសឡាវវិញ រដ្ឋាភិបាលបានកាត់បន្ថយថ្លៃចុះបញ្ជី និងថ្លៃសេវាផ្សេងៗសម្រាប់រថយន្តអគ្គិសនី ព្រមទាំងផ្អាកការនាំចូលរថយន្តដើរដោយសាំងជាបណ្តោះអាសន្នរហូតដល់ដាច់ឆ្នាំផងដែរ។ បន្ថែមពីនេះ ឡាវ បានណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូននានាឱ្យមានការធានាថា រថយន្តអគ្គិសនីត្រូវមានចំណែក ១០ ភាគរយនៃចំនួនរថយន្តសរុបរបស់ពួកគេត្រឹមចុងឆ្នាំ២០២៦ នេះ។
លោក Lam Pham អ្នកវិភាគថាមពលប្រចាំតំបន់អាស៊ីនៅ Ember បាននិយាយថា វិបត្តិថាមពលបច្ចុប្បន្នបានបង្ហាញកាន់តែច្បាស់ពីតម្លៃនៃការប្រើប្រាស់ថាមពលអគ្គិសនី ដែលជាផ្លូវឆ្ពោះទៅរកសន្តិសុខថាមពលកាន់តែប្រសើរ, កាត់បន្ថយការចំណាយលើការនាំចូលប្រេង, និងជួយសន្សំសំចៃថ្លៃដឹកជញ្ជូនក្នុងរយៈពេលវែង។
លោក Euan Graham អ្នកវិភាគទិន្នន័យផ្នែកអគ្គិសនីជាន់ខ្ពស់របស់ Ember បានលើកឡើងថា ការនាំចេញរថយន្តអគ្គិសនីរបស់ចិននៅតែបន្តសម្រេចបានកម្រិតខ្ពស់ ហើយតំបន់អាស៊ីអាគ្នេយ៍ក្លាយជាគោលដៅរីកចម្រើនលឿនបំផុតមួយសម្រាប់រថយន្តអគ្គិសនីចិន។ ជារួម ការនាំចេញរថយន្តអគ្គិសនីរបស់ចិនជាសកលកំពុងលូតលាស់យ៉ាងឆាប់រហ័ស ដោយកើនពីអត្រាតិចជាង ១ ពាន់លានដុល្លារកាលពីឆ្នាំ២០២០ ឡើងដល់ ៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦។ កត្តានេះធ្វើឱ្យរថយន្តអគ្គិសនីក្លាយជាមុខទំនិញដែលរីកចម្រើនលឿនបំផុតរបស់ចិន រួមជាមួយអាគុយលីចូម -អ៊ីយ៉ុងផងដែរ៕