ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា។

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា។
លោក សាមុត លីម៉ា នាយកទីចាត់ការផៃនការ និងវិនិយោគខេត្តក្រចេះ មានប្រសាសន៍ថា ក្រុមហ៊ុនចិនខាងលើមានឈ្មោះ CAMBODIA BANANA AGRICULTURE CO.,LTD បានដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគជាផ្លូវការ កាលពីពេលថ្មីៗ ដែលមានដើមទុនប្រមាណជា ១០ លានដុល្លារ វិនិយោគដាំដំណាំចេកលើផ្ទៃដីសរុបចំនួន ២៥០០ ហិកតា ស្ថិតនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ហើយគម្រោងនេះនឹងអាចផ្តល់ការងារដល់ពលរដ្ឋខ្មែរចំនួនជាង ៥០០ នាក់។
អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជានាយកក្រុមហ៊ុន Tropicam មានប្រសាសន៍គាំទ្រក្រុមហ៊ុនបរទេសនានា ដែលមានបំណងចូលមកបណ្តាក់ទុនវិនិយោគ លើវិស័យផ្សេងៗនៅកម្ពុជា ជាពិសេសវិស័កសិកម្ម។
អ្នកឧកញ៉ាបន្តថា ការវិនិយោគលើដំណាំចេកពិតជាផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ និងជួយឱ្យចរន្តសេដ្ឋកិច្ច របស់កម្ពុជាកាន់តែមានលំហូរល្អ ដែលធ្វើឱ្យកម្ពុជាមានឱកាស ពង្រីកការប្រើប្រាស់ផ្ទៃដីសម្រាប់បង្ករបង្កើនផល និងឱកាសបើកទីផ្សារក្រៅប្រទេសកាន់តែច្រើនថែមទៀត ពិសេសទីផ្សារប្រទេសចិនតែម្តង។ អ្នកឧកញ៉ា បានថ្លែងថា៖
“និយាយជារួម ទីផ្សារចិននឹងធំជាងគេរហូតដល់ជាង ៩០ ភាគរយ ហើយនៅសល់ ១០ ភាគរយទៀត មាននៅតាមទីផ្សារប្រទេសផ្សេងៗ ខណៈកម្ពុជានាំចេញចេកប្រមាណជាង ២០ ម៉ឺនតោនទៅកាន់ទីផ្សារក្រៅប្រទេសជារៀងរាល់ឆ្នាំ។”
លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម មានប្រសាសន៍ថា គម្រោងវិនយោគខាងលើជាផ្នែកមួយសំខាន់ ក្នុងការចូលរួមផ្តល់ការងារដល់ពលរដ្ឋខ្មែរ និងលើកកម្ពស់កម្រិតជីវភាពពលរដ្ឋតាមសហគមន៍ឱ្យប្រសើរឡើង។
លោកបាននិយាយថា ដើម្បីឱ្យគម្រោងវិនិយោគក្រុមហ៊ុនខាងលើផ្តល់ផលប្រយោជន៍ ដល់សហគមន៍ពលរដ្ឋនៅតាមមូលដ្ឋានបានកាន់តែច្រើន ក្រុមហ៊ុនគួរសហការជាមួយកសិករក្នុងការផ្តល់ពូជ ផ្តល់បច្ចេកទេសដាំដុះ ធ្វើជាដៃគូផ្គត់ផ្គង់ផលិតផលចេកទៅដល់ក្រុមហ៊ុន សម្រាប់នាំចេញមានចំនួនកាន់តែច្រើន។ លោកថា៖
“នេះជាពត៌មានល្អសម្រាប់ប្រជាកសិករយើង ហើយយើងចង់ឱ្យក្រុមហ៊ុនមានការចែករំលែកចំណេះដឹង ជំនាញបច្ចេកទេសក្នុងការដាំដុះដើម្បីចូលរួមដាំ និងលក់ទៅឱ្យក្រុមហ៊ុនវិញសម្រាប់នាំចេញ ដើម្បីបានផលចំណេញជាមួយគ្នា ទាំងក្រុមហ៊ុនទាំងពលរដ្ឋនៅក្នុងសហគមន៍។”
គួរបញ្ជាក់ថា ក្រុមហ៊ុន CAMBODIA BANANA AGRICULTURE CO.,LTD ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបរទេសជាច្រើនទៀត ដែលទទួលបានការលើកទឹកចិត្ត តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានរបស់រាជរដ្ឋាភិបាល ក្នុងការស្នើសុំវិនិយោគលើដំណាំចេក ក្នុងគោលបំណងនាំផ្លែចេកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមតារាងបញ្ជីគម្រោងវិនិយោគ ដែលបានដាក់ពាក្យស្នើ មកលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ខេត្តក្រចេះ គិតមកត្រឹមខែឧសភា ឆ្នាំ២០២៦ សរុបមានចំនួន ១៧ គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ១ ០៧១ លានដុល្លារ មានទំហំផ្ទៃដីសរុប ៤០ ៨១២ ហិកតា និងផ្តល់កម្លាំងពលកម្មសរុបចំនួន ២៥ ២៣១ នាក់៕
