បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ នេះបើយោងតាមសេចក្ដិប្រកាសរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃពុធកន្លងទៅនេះ។

Advertisement

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយកូរ៉េខាងជើង និងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរួមគ្នា។ ចំពោះ​ដំណើរ​ទស្សន​កិច្ច​​របស់​លោក Wang Yi ចាប់ពី​នៅ​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១០ ខែ​មេសា គឺ​ជា​វិធានការ​សំខាន់​មួយ​សម្រាប់​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី។ ការបង្រួបបង្រួម និងការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងជើង គឺជាគោលនយោបាយយុទ្ធសាស្ត្រមិនផ្លាស់ប្តូររបស់គណបក្ស និងរដ្ឋាភិបាលចិន។

ថ្មីៗនេះ ទីក្រុងប៉េកាំងបានព្យាយាមស្តារទំនាក់ទំនងជាមួយនឹងទីក្រុងព្យុងយ៉ាងឱ្យត្រលប់ទៅល្អដូចកាលពីមុនវិញបន្ទាប់ពីធ្លាក់ចុះខ្សោយអំឡុងពេលរាតត្បាត និងពេលដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បញ្ជូនកងទ័ព និងសព្វាវុធរបស់ខ្លួនជួយក្នុងសង្គ្រាមរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ជាការកត់សម្គាល់ ខ្សែរថភ្លើងដឹកអ្នកដំណើររវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងបានដំណើរការឡើងវិញក្នុងខែមីនា បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេល ៦ ឆ្នាំចាប់តាំងពីឆ្នាំ២០២០។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ចិន Air China ក៏បានចាប់ផ្តើមជើងហោះហើរឡើងវិញរវាងទីក្រុងទាំងពីរផងដែរ ប៉ុន្តែការបើកផ្លូវអាកាសឡើងវិញមិនបានផ្តល់ផលប្រយោជន៍ដល់ភ្ញៀវទេសចរចិនច្រើននោះទេ ដោយសារភាគច្រើនគឺជាការធ្វើដំណើរសម្រាប់ជំនួញ និងផ្លាស់ប្តូរនិស្សិតបន្តការសិក្សា។

កាលពីខែកញ្ញា ឆ្នាំ២០២៥ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំផ្សេងទៀតសម្រាប់កម្មវិធីព្យុហយាត្រាយោធាដ៏ធំនៅក្នុងរដ្ឋធានីចិន។ កិច្ចប្រជុំនោះត្រូវបានបន្តរហូតដល់មានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang ទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងខែតុលា ឆ្នាំ២០២៥ ។

តាមរយៈរូបភាពទាំងនេះគេវិភាគឃើញថា ការ​សម្របសម្រួលទំនាក់ទំនង​រវាង​កូរ៉េ​ខាង​ជើង​-​ចិន ​​អាចនឹង​កើត​ឡើង​មុន​កិច្ចការសម្របសម្រួលពង្រឹងទំនាក់ទំនង​ចិន​-​អាម៉េរិក ដោយសារដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​របស់​លោក Wang Yi នឹង​កើត​ឡើងមុនកិច្ចប្រជុំកំពូលរវាង​ប្រធានាធិបតី​ចិន លោក Xi Jinping និង​ប្រធានាធិបតី​អាម៉េរិក លោក Donald Trump នាអំឡុង​ខែឧសភាខាងមុខនេះ។

សូមជម្រាបដែរថា បើទោះបីជាលោក Trump បានបង្ហាញចំណាប់អារម្មណ៍ម្តងហើយម្តងទៀតក្នុងការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើងក៏ដោយ ប៉ុន្តែនៅមិនទាន់មានកិច្ចប្រជុំណាមួយកើតឡើងនោះទេ។ យ៉ាងណាមិញ មេដឹកនាំកូរ៉េខាងជើក លោក Kim Jong Un ធ្លាប់បានលើកឡើងដែរថា វាគ្មានហេតុផលអ្វីដែលកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិកមិនអាចចុះសម្រុងគ្នាបានឡើយ ប្រសិនបើក្រុងវ៉ាស៊ីនតោនទទួលស្គាល់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបោះបង់ចោលគោលនយោបាយប្រឆាំងនឹងទីក្រុងព្យុងយ៉ាង៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា