បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនយក្សចិន ចង់បោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្មនៅកម្ពុជា ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

ក្រុមហ៊ុនយក្សចិន ចង់បោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្មនៅកម្ពុជា ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

ភ្នំពេញ៖ ក្រុមហ៊ុនចិនដ៏ធំមួយដែលមានផលរបរប្រមាណ២ពាន់លានដុល្លារអាម៉េរិក និងមានជំនាញផ្នែកកសិកម្ម បានបង្ហាញបំណងបោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្ម ដើម្បីផ្គត់ផ្គង់នៅកម្ពុជា និងនាំចេញទៅក្រៅប្រទេស ដែលមានទីតាំងនៅក្នុងទឹកដីខេត្តកំពង់ធំ ដែលជាខេត្តមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ។

Advertisement

ក្នុងជំនួបជាមួយឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋ មន្ត្រីកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ទូ ជានហាវ ( Du Jianhao)ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Shaoxing ShangyuXin បានលើកឡើងថា៖ វិស័យកសិកម្ម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ហើយក្រុមហ៊ុនដែលមានមានបទពិសោធ និងសមត្ថភាពផលិតកម្មមួយនេះមានបំណងបង្កើតរោងចក្រផលិតថ្នាំកសិកម្មនៅកម្ពុជា ដោយនាំចូលតែវត្ថុធាតុដើម យកមកផ្សំនៅក្នុងស្រុក ប្រើប្រាស់បច្ចេកវិទ្យា ដែលអាចកាត់បន្ថយថ្លៃដើមផលិត ធានាសុវត្ថិភាពខ្ពស់ជូនដល់កម្មករ បុគ្គលិក និងធានាបាននូវបរិស្ថានបៃតង មានលទ្ធភាពប្រកួតប្រជែងលើទីផ្សារ។

លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ចាក់ថា៖

«ផលិតផលថ្នាំកសិកម្មដែលក្រុមហ៊ុនផលិតមានកម្រិតជាតិពុលទាបបំផុត (ទាបជាងគេ) មិនប៉ះពាល់ដល់សុខភាពមនុស្ស ហើយតាមរយៈការវិនិយោគនេះ ក្រុមហ៊ុននឹងរួមចំណែកជំរុញវិស័យផលិតកម្មឱ្យមានការលូតលាស់ ជួយកសិករខ្មែរ ក្នុងការកាត់បន្ថយការចំណាយ សន្សំសំចៃថវិកា បង្កើនទិន្នផលដំណាំ ដែលនឹងចូលរួមគាំទ្រដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូលថ្នាំកសិកម្មពីបរទេស»។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ឯកឧត្ដម វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែស្វាគមន៍ជានិច្ច និងផ្តល់ការគាំទ្រ ព្រមទាំងផ្តល់នូវបរិយាកាសវិនិយោគអនុគ្រោះដល់វិនិយោគិនល្អៗ ដែលមានបំណងវិនិយោគពិតប្រាកដ ពិសេសក្នុងវិស័យកសិកម្មនេះ។ ក្នុងន័យនេះ ទោះបីជាផលិតផលថ្នាំកសិកម្មជាតម្រូវការក្តី ប៉ុន្តែកម្ពុជាក៏មានការប្រយ័ត្នប្រយែងដែរ ត្បិតថ្នាំកសិកម្មអាចផ្តល់ផលប្រយោជន៍ក៏ពិតមែន ប៉ុន្តែបើផលិតខុសបច្ចេកទេស គ្មានស្តង់ដា ឬមិនចេះប្រើប្រាស់ ប្រើខុសបច្ចេកទេស នឹងបង្កផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។

ឯកឧត្ដម វង្សី វិស្សុត បានណែនាំឱ្យក្រុមហ៊ុនគិតគូរឱ្យបានហ្មត់ចត់លើគុណភាព ស្តង់ដាបច្ចេកទេស និងការណែនាំការប្រើប្រាស់ដល់កសិករឱ្យបានត្រឹមត្រូវ។ ការប្រើប្រាស់ថ្នាំកសិកម្មដែលមានស្តង់ដា និងបច្ចេកទេសត្រឹមត្រូវ នឹងជួយជំរុញដល់ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន តំបន់ និងលើពិភពលោក នាពេលខាងមុខផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់ថា៖

«ការវិនិយោគនៅភូមិសាស្ត្រខេត្តកំពង់ធំជាការសម្រេចចិត្តដ៏ត្រឹមត្រូវ​ ព្រោះខេត្តមានផ្ទៃដីធំ ស្ថិតនៅចំកណ្ដាលប្រទេស ប្រភពទឹកសំបូរបែប ចំនួនប្រជាជនច្រើនគួរសម និងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក អគ្គិសនី សមស្រប ជាប្រព័ន្ធ Ecosystem ព្រមទាំងជាមជ្ឈមណ្ឌលប្រមូលផ្តុំកសិកម្មកសិ-ឧស្សាហកម្មដ៏មានសក្តានុពល ដែលបាននិងកំពុងទាក់ទាញការវិនិយោគជាច្រើនពីក្រុមហ៊ុនបរទេសធំៗ ហើយថែមទាំងមានការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស សម្រាប់កែច្នៃកសិកម្ម និងកសិ-ឧស្សាហកម្ម និងគម្រោងសួនឧស្សាហកម្មស្វាយចន្ទី (CIP) ទៀតផង»។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានប្រាប់ AMS Economy ថា៖ ខេត្តកំពង់ធំ មានសក្តានុពលខ្លាំងជាងគេគឺវិស័យកសិកម្ម ដែលមានផ្ទៃដីដាំដុះរហូតដល់ទៅជាង៦០ម៉ឺនហិកតា រួមមានដូចជា ដំណាំស្រូវ ស្វាយចន្ទី ដំឡូង​មី ​កៅស៊ូ ស្វាយ ទុរេន និងដំណាំផ្សេងៗទៀត លើសពីនេះ កំពង់ធំក៏ជាទីតាំងដែលសមស្របសម្រាប់ការធ្វើវារីវប្បកម្ម ហើយម្យ៉ាងវិញទៀត គឺជាចំណុចកណ្ដាលនៃប្រទេស ដែលមានលក្ខណៈងាយស្រួលសម្រាប់ការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេស ងាយស្រួលប្រមូលផលិតផលកសិកម្មមកពីបណ្តាខេត្តផ្សេងៗ និងខេត្តជុំវិញ ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS Economy ថា ក្នុងនាមជាវិស័យឯកជន សូមអបអរសាទរ និងគាំទ្រគោលបំណងវិនិយោគរបស់ក្រុមហ៊ុនចិន។ នេះជាដំណឹងល្អសម្រាប់ប្រជាកសិករ ជាពិសេសអ្នកដាំដុះវិស័យកសិកម្ម ដែលកំពុងត្រូវការជី និងថ្នាំកសិកម្ម ដែលមានគុណភាព មានប្រសិទ្ធភាព ហើយមានតម្លៃសមរម្យ ម៉្យាងវិញទៀត តាមរយៈគម្រោងដ៏ធំមួយនេះនឹងផ្តល់ឱកាសការងារដល់ពលរដ្ឋទាំងនៅក្នុងមូលដ្ឋាន ក៏ដូចជាតំបន់ជុំវិញជាច្រើននាក់ផងដែរ។

គួររំលឹកផងដែរ នាពេលកន្លងទៅថ្មីៗនេះក៏ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង ២៥លានដុល្លារអាម៉េរិក បានដាក់គោលដៅមកវិនិយោគសាងសង់រោងចក្រផលិតជីកសកម្ម និងថ្នាំសម្លាប់សត្វល្អិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ពេញមួយឆ្នាំ២០២៥ កម្ពុជាបានចំណាយលុយប្រមាណ ៦៣៦លានដុល្លារ ដើម្បីនាំចូលថ្នាំ និងជីកសិកម្មពីបរទេស ជាពិសេសពីប្រទេសជិតខាង។ ក្នុងនោះ មានដល់៤១៩លានដុល្លារ គឺចំណាយលើការនាំចូលជីកសិកម្ម។ ចំណែកនៅឆ្នាំ២០២៤ កម្ពុជា បាននាំចូលជី និងថ្នាំកសិកម្មពីទីផ្សារខាងក្រៅ គិតជាទឹកប្រាក់មានប្រមាណជាង៦១៥លានដុល្លារ មានការកើនឡើងជាង២៥% បើធៀបឆ្នាំ២០២៣ ដែលមានចំនួនជាង៤៨៨លានដុល្លារ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា