បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

បរទេស ៖ កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish) ដែលជាការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពស៊ើបការណ៍ដោយសម្ងាត់នៅក្រោមបាតសមុទ្រ។ បច្ចេកវិទ្យា Bionic នេះ បានឈានចូលដល់របត់ថ្មីមួយដែលពោរពេញដោយភាពស្ងប់ស្ងាត់ និងមានបំពាក់មុខងារទំនើបៗ ហើយអាចធ្វើសកម្មភាពបានដូចគ្នាទៅនឹងសត្វត្រីធម្មជាតិយ៉ាងដូច្នោះ។

Advertisement

ត្រីរ៉ូបូតរបស់កងទ័ពជើងទឹកនេះមានភាពខុសប្លែកពីយានអគ្គិសនីតាមផ្លូវទឹកគ្មានមនុស្សបើក ដែលជាធម្មតាគឺត្រូវពឹងផ្អែកលើស្លាបចក្រ និងជាយានដែលមានសំលេងខ្លាំង។ យានក្រោមទឹកជំនាន់ថ្មីរូបរាងជាសត្វត្រីនេះ អាចមានសកម្មភាពបំផ្លាស់ទីយ៉ាងរហ័ស តាមរយៈការប្រើចលនាដងខ្លួនដែលមានគន្លាក់ច្រើន និងមានភាពបត់បែន ពោលគឺអាចហែលទឹកបានដូចទៅនឹងត្រីពិតៗ។

ប្រព័ន្ធរុញច្រានតម្រាប់តាមបែបជីវសាស្ត្រ Biomimetic Propulsion ឬ Bionic នេះ បានផ្តល់នូវប្រៀបយុទ្ធសាស្ត្រដ៏សំខាន់ ពោលគឺស្ទើរតែគ្មានការបញ្ចេញសញ្ញា និងសំលេងទាល់តែសោះ។ វាបង្កើតជារលករំញ័រក្នុងទឹកតិចៗជាមួយនឹងហ្វ្រេកង់តូចៗ ដែលធ្វើឱ្យឧបករណ៍ស្ដាប់សំឡេងក្រោមទឹក និងប្រព័ន្ធរ៉ាដាស្វែងរកក្រោមទឹក (Sonar) របស់សត្រូវមិនអាចធ្វើការសម្គាល់បានភ្លាមៗនោះទេ។

ដោយសារតែការធ្វើចលនាក្នុងទឹកដូចជាសត្វសមុទ្រពិតៗ ត្រីរ៉ូបូតនេះអាចបន្លំខ្លួនចូលទៅក្នុងធម្មជាតិរបស់មហាសមុទ្រយ៉ាងរលូន ដែលធ្វើឱ្យប្រព័ន្ធការពារជើងទឹករបស់សត្រូវពិបាកក្នុងការរកឃើញបំផុត។

លក្ខណៈសម្បត្តិរបស់ Biomimetic Propulsion នេះអាចអនុញ្ញាតឱ្យត្រីរ៉ូបូតបំពេញបេសកកម្មសំខាន់ៗជាច្រើន រួមមានដូចជា ទី១ការវាស់វែង និងគូរផែនទីស្ថានភាពបាតសមុទ្រ (Topography) ប្រកបដោយភាពជាក់លាក់ខ្ពស់។ ទី២ ការសម្គាល់ និងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្រោមទឹក ខ្សែបណ្តាញទុយោ និងខ្សែកាបកប់ក្រោមបាតសមុទ្រ និងទី៣ គឺជាការតាមដាន និងត្រួតពិនិត្យរាល់ចលនារបស់នាវាផ្សេងៗនៅក្នុងតំបន់ទឹកដែលមានជម្លោះ ឬតំបន់ដែលរឹតបន្តឹងសន្តិសុខ។

ជារួម ត្រីរ៉ូបូតរបស់កងទ័ពជើងទឹកមួយនេះ ក្រៅតែពីអាចប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធាហើយនោះ ត្រីបច្ចេកវិទ្យាថ្មីនេះក៏អាចប្រើប្រាស់ក្នុងបេសកកម្មស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងពិភពបាតសមុទ្របានថែមទៀតផង៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា