ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់ទ្រទ្រង់បេសកកម្មព្យាបាលជំងឺ សង្គ្រោះជីវិត ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមថ្មីរបស់មន្ទីរពេទ្យគន្ធបុប្ផាដល់កុមារដែលជាទំពាំងស្នងឫស្សីរបស់សង្គមជាតិនៅកម្ពុជា។
ពិធីប្រគល់-ទទួលរបស់ក្រុមហ៊ុន ជីប ម៉ុង បានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាងម៉េង, ដែលជាស្ថាបនិក និងសហស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា៖
«ការចូលរួមរបស់ក្រុមហ៊ុន ជីប ម៉ុង នាពេលនេះគឺមិនមែនជាលើកទីមួយនោះទេ គឺក្រុមហ៊ុនបានចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាតាំងពីឆ្នាំ២០២០មកម្ល៉េះ។ បើគិតជាថវិកាសរុបនៅក្នុងថ្ងៃនេះគឺក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាមួយនឹងមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផាបានចំនួន ៣,២២៥,៣៥១ដុល្លារអាម៉េរិក។ នេះមិនត្រឹមតែជាការបរិច្ចាគនូវថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាការជួយសង្គ្រោះ និងផ្ដល់នូវក្ដីសង្ឃឹមដល់ជីវិតទារក កុមារ និងស្ត្រីមានផ្ទៃពោះ ជាច្រើនម៉ឺនសែននាក់»។
លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖
« នេះមិនត្រឹមតែជាការបរិច្ចាគថវិកាសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាការបង្ហាញពីឆន្ទៈមោះមុត ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ចូលរួមផ្តល់ជាជំនួយយ៉ាងសកម្មដល់ការទ្រទ្រង់សកម្មភាព ផ្នែកសុខាភិបាល ដើម្បីពង្រឹងនូវគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាវេជ្ជសាស្ត្រនៅកម្ពុជា ទៅតាមបណ្តាមន្ទីរពេទ្យនានា។ ជាពិសេស ការចូលរួមជួយសង្គ្រោះ និងព្យាបាលកុមារកម្ពុជា ជាង ១លានករណី ក្នុងមួយឆ្នាំៗ នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប»។
ក្រៅពីបរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផានេះ ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមឧបត្ថម្ភទៅកាន់វិស័យសុខាភិបាលនៅតាមបណ្តាមន្ទីរពេទ្យនានា ដូចជាការឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យចំនួន ១០០គ្រឿងជូនដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ការរៀបចំកម្មវិធីបរិច្ចាគឈាមសង្គ្រោះជីវិតជារៀងរាល់ឆ្នាំ ដើម្បីជួយសម្រួលដល់ការផ្គត់ផ្គង់ឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងការឧបត្ថម្ភទៅកាន់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩, មន្ទីរពេទ្យ ហ្លួងម៉ែ, មន្ទីរពេទ្យកាល់ម៉ែត និងកាកបាទក្រហមកម្ពុជា សរុបថវិការជាង ២០លានដុល្លារអាម៉េរិកផងដែរ៕